ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ដឹង​តិច​ពីរឿង​ព្រេង​និទាន​ពី​ព្រះ​នាង​​​ឆាង​អឺ ដែល​ជា​ទេពធីតា​នៃ​ព្រះ​ចន្ទ

4 ឆ្នាំ មុន

បុណ្យ​«​សែន​លោក​ខែ​»​ប្រពៃណី​ចិន នៅ​ថ្ងៃ​១៥​កើត​ពេញបូណ៌មី ខែ​8 (​ខែកញ្ញា ប្រតិទិន​សាកល​) មានរឿង​ព្រេង​និទាន​ពី​ព្រះ​នាង​ឆាង​អឺ ដែល​ជា​ទេពធីតា​នៃ​ព្រះ​ចន្ទ ។ ជនជាតិ​ចិន​មាន​ជំនឿ​ថា «​ព្រះ​ចន្ទ​»…

បុណ្យ​«​សែន​លោក​ខែ​»​ប្រពៃណី​ចិន នៅ​ថ្ងៃ​១៥​កើត​ពេញបូណ៌មី ខែ​8 (​ខែកញ្ញា ប្រតិទិន​សាកល​) មានរឿង​ព្រេង​និទាន​ពី​ព្រះ​នាង​ឆាង​អឺ ដែល​ជា​ទេពធីតា​នៃ​ព្រះ​ចន្ទ ។ ជនជាតិ​ចិន​មាន​ជំនឿ​ថា «​ព្រះ​ចន្ទ​» តំណាង​ឱ្យ​ស្ត្រីភេទ មាន​ភាព​ស្រស់ស្រាយ ត្រជាក់ត្រជុំ និង​ជា​និមិត្តរូប​នៃ​ក្តី​ស្រឡាញ់ ។

នំ​សែន​ព្រះ​ខែ គឺជា​វត្ថុ​ដ៏​សំខាន់​ប្រើ​នៅ​ក្នុង​ពិធីបុណ្យ «​សែន​ព្រះ​ខែ​» ឬ​«​ពិធីបុណ្យ​ជុង​ឈី​វ​» ។
រឿងព្រេង​និទាន​ថា នាង​ឆាង​អឺ មាន​ស្វាមី​ឈ្មោះ​ហូ​វ​អ៊ី គឺជា​អ្នកមាន​ជំនាញ​បាញ់​ធ្នូ​នៅ​ឋាន​សួគ៌ ។ នៅ​រជ្ជកាល​រាជវង្ស​សៀ ត្រូវ​នឹង​រជ្ជកាល​អធិរាជ​យ៉ាវ ឋានមនុស្ស​លោក​មាន​ព្រះអាទិត្យ​ដល់​ទៅ​១០​ឯណោះ ។ ព្រះអាទិត្យ​ទាំង​១០​ដួង​នេះ​រះ​បញ្ចេញ​រស្មី​ព្រម​គ្នា​បណ្ដាល​ឲ្យ​ក្ដៅ​ខ្លាំង ដូច្នេះ​ហើយ​មនុស្ស​ពិបាក​រស់នៅ ក៏​កើត​ចិត្ត​ខឹង​ក្ដៅក្រហាយ​។ ក្នុង​ស្ថានភាព​បែប​នេះ ហូ​វ​អ៊ី​បាន​ទទួលបញ្ជា​ពី​ព្រះឥន្ទ្រ ឲ្យ​កម្ទេច​ព្រះអាទិត្យ​ដោយ​ធ្នូ​របស់​គេ ។

តាម​បញ្ជា​ព្រះឥន្ទ្រ ហូ​វ​អ៊ី និង​ភរិយា​ឆាង​អឺ ទេពធីតា​នៃ​ព្រះចន្ទ្រ បាន​ចុះ​ចាក​មក​ឋានមនុស្ស​។ ក្នុង​អំនួត​ជា​អ្នក​អ្នក​បាញ់​ធ្នូ ហូ​វ​អ៊ី បាន​បាញ់​កម្ទេច​ព្រះអាទិត្យ​អស់​ចំនួន​៩​ក្នុង​ចំណោម​ព្រះ​អាទិត្យ​ទាំង​១០​នោះ ។ វា​ជា​ការ​ធ្វើ​ហួសហេតុ បណ្ដាល​ឲ្យ​ព្រះឥន្ទ្រ ខ្ញាល់​ខ្លាំង ក៏​បណ្ដេញ​ចេញ​ពី​ឋានសួគ៌ ឲ្យ​ចុះ​មក​នៅ​ឋានមនុស្ស​លោក ។ ព្រះ​នាង​ឆាង​អឺ ក៏​បាន​ចុះ​មក​តាម​ស្វាមី​ដែរ។

នៅ​ឋានមនុស្ស​លោក​ហូ​វ​អ៊ី បាន​បង្ក្រាប​សត្វ​កំណាច​ទាំងឡាយ ដោយ​ធ្នូ​របស់​គេ ឃើញ​ដូច្នេះ​មនុស្សលោក​កោតសរសើរ ហើយ​បាន​លើក​ជា​មេ​កុលសម្ព័ន្ធ​យ៉ុ​ង​ឈី​វ ។ មិនតែប៉ុណ្ណោះ​បុរស​ឈ្មោះ​ហ្វឹ​ង​មីង បាន​សុំ​ធ្វើ​ជា​កូនសិស្ស​ហូ​វ​អ៊ី ទៀត​ផង ។

ដោយ​បានការ​គោរព​កាន់តែ​ខ្លាំង​ពី​មនុស្សលោក ធ្វើ​ឲ្យ​ហូ​វ​អ៊ី កាន់តែ​មាន​អំនួត ឯ​ឆាង​អឺ មិន​ពេញចិត្ត​នឹង​អំនួត​របស់​ស្វាមី​ទេ តែ​មិនដឹង​ធ្វើ​ម៉េច ។ ហ្វឹ​ង​មីង វិញ​កើត​ចិត្ត​ច្រណែន​នឹង​ហូ​វ​អ៊ី ដូច្នេះ​ហើយ​គេ​បាន​លប​បាញ់​ធ្នូ​ត្រូវ​កញ្ចឹងក​ស្លាប់​ភ្លាម ។ ឃើញ​បែប​នោះ​ឆាង​អឺ បាន​លួច​ផឹកទឹក​អម្រឹត ក្លាយជា​ជន​មានជីវិត​អមតៈ ហើយ​បាន​ត្រលប់​ទៅ​រស់នៅ​ឋាន​ព្រះ​ចន្ទ​វិញ ។

រឿងព្រេង​និទាន ស្រ​ដៀង​ៗ​គ្នា​នេះ​តំណាល​ថា ព្រះ​នាង​ឆាង​អឺ ជា​ស្ត្រី​ដ៏​ស្រស់​ស្អាត​បាន​សោយ​ថ្នាំ​វេទមន្ត​ដ៏​វិសេស​ធ្វើ​ឱ្យ​អាច​ហោះហើរ​នៅ​លើ​ដួងព្រះចន្ទ​បាន ។ ក្រោយមក​ព្រះ​នាង​ឆាង​អឺ មានជីវិត​អមតៈ ក្លាយជា​«​ទេពធីតា​នៃ​ព្រះ​ចន្ទ​»​។

ព្រះ​នាង​ឆាង​អឺ គឺជា​ទេពធីតា មាន​ក្តី​មេត្តា​ដល់​មនុស្សលោក ។ នៅ​ពេល​ឈាន​ចូល​ដល់​រដូវ​ដាំ​ដុះ ព្រះ​នាង​ឆាង​អឺ​តែងតែ​ប្រោះព្រំ​ទឹកអម្រឹត​លើ​ផែនដី និង​ស្រោចស្រព​ដំណាំ​របស់​កសិករ ។ ដោយសារ​បែប​នោះ​ហើយ​ទើប​មនុស្សលោក​សម្តែង​ការ​ដឹងគុណ​ព្រះ​នាង​ទេពធីតា​ឆាង​អឺ ដោយ​យកនំ​ដ៏​ពិសេស​ហៅ​ថា «​នំ​សែន​ព្រះ​ខែ​»​ដាក់​សែន​ឧទ្ទិស​ជូន ។ នៅ​មានរឿង​ព្រេង​តំណាល​ខុស​ប្លែក​គ្នា​មួយ​ចំនួន​ទៀត ប៉ុន្តែ​អត្ថន័យ​ជា​រួម​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត និង​ទឹកចិត្ត​មេត្តា​របស់​ទេពធីតា​ព្រះ​ចន្ទ​ឆាង​អឺ ។

ចំពោះ​ទំនៀម​បុណ្យ​សែន​ព្រះ​ខែ​នេះ កាលពីដើម​ឡើយ​បុរស​មិន​និយម​ចូលរួម​ទេ ព្រោះ​មាន​ជំនឿ​ថា​ព្រះ​ចន្ទ គឺជា​ធាតុ​ស្រី តម្រូវ​ឱ្យ​តែ​ស្ត្រី​ជា​អ្នក​សែន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ត​រហូត​ដល់​បច្ចុប្បន្ន​បុរស​ក៏​សែន​ព្រះ​ខែ​ដែរ ។

ពិធី​សែន​ព្រះ​ខែ​ចាប់ផ្តើម​តាំងពី​ពេល​ព្រឹក ឧទ្ទិស​ដល់​បុព្វបុរស និង​សែន​សំពះ​ព្រះ​ខែ​នៅ​ពេល​ព្រលប់ ។ ពិធី​សែន​ចាប់ផ្តើម​តាំងពី​ព្រះ​ចន្ទ​រះ និង​គួរ​សែន​ឱ្យ​រួចរាល់​នៅ​មុន​ពេល​ព្រះ​ចន្ទ​រះ​នៅ​ចំ​ពីលើ​ក្បាល ។ នៅ​ពេល​ពិធី​សែន​លោក​ខែ​ចប់​ហើយ ត្រូវ​ជួបជុំ​គ្នា​ទទួលទាន​នំ​សែន​ព្រះ​ខែ ដោយ​បែងចែក​ឱ្យ​ស្មើនឹង​ចំនួន​មនុស្ស​ក្នុង​គ្រួសារ ក្នុង​ទំហំ ប៉ុន​ៗ​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ