ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ មានបើកផ្សារណាត់បន្លែ ផលិតផលសុវត្ថិភាព និងអាហារូបត្ថម្ភ ដែលដាំនិងផលិតដោយកសិករនៅតាមសហគមន៍ ក្រោមការបង្ហាត់បង្រៀន ផ្ដល់បច្ចេកទេសនិងបទពិសោធន៍ពីមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត។ ការបើកផ្សារណាត់នេះចង់បង្ហាញថា បន្លែរាប់សិបមុខនិងផលិតផលមួយចំនួនទៀតដែលដាក់តាំងលក់នេះមិនមានប្រើសារធាតុគីមីនោះទេ គឺដាំដោយប្រើជីធម្មជាតិសុទ្ធសាធ។
ដើម្បីឲ្យដឹងកាន់តែច្បាស់មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក តូច ចៅកុយ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តនៃអគ្គនាយកដ្ឋានកាំកុងត្រូល ទៅធ្វើពិសោធន៍មើលលើបន្លែទាំងអស់ ដើម្បីរកសារធាតុគីមី នៅកន្លែងតាំងពិព័ណផ្សារណាត់នោះ។ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើបន្លែគ្រប់ប្រភេទចំនួន៣៤មុខមិនឃើញមានសារធាតុគីមីនោះទេ។
ជាមួយគ្នានេះមន្ត្រីជំនាញក៍បានធ្វើតេស្ដទៅលើ នំបញ្ចុក ត្រីងៀត ត្រីប្រឡាក់ ក្បាលត្រីឆ្ដោ បង្គា ប្រហុក បាញ់កាញ់ គុយទាវ និងលតឆា នៅផ្សារថ្មីពោធិ៍សាត់ ជាលទ្ធផលក៏ពុំមានសារធាតុគីមីនោះដែរ ។ នេះសបញ្ជាក់ថាពីមួយថ្ងៃទៅមួយថ្ងៃអាជីវករក៍ដូចប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងផលិតផលនានា តាមរយៈការចុះត្រួតពិនិត្យ ផ្សព្វផ្សាយ និងពន្យល់ណែនាំរបស់មន្ត្រីកាំកុងត្រូលយើងដូចភ្លៀងរលឹមកន្លងមកនេះ។
លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានសំដែងការរីករាយចំពោះការយល់ដឹងរបស់បងប្អូនអាជីវករអំពីផលប៉ះពាល់នៃទំនិញនិងផលិតផលខូចសុខភាព ដើម្បីចូលរួមបង្ការទប់ស្កាត់ទាំងអស់គ្នា។ លោកក៏បានធ្វើការណែនាំដល់អាជីវករដទៃទៀត អោយយល់ដឹងនិងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
លោកបានកោតសរសើរចំពោះមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ ដែលបានចងក្រងក្រុមដាំបន្លែនៅតាមសហគមន៍ ដោយមិនប្រើជីគីមី និងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ការនាំចូលបន្លែនិងទំនិញផ្សេងៗពីប្រទេសជិតខាង ចៀសមិនផុតពីការប្រើប្រាស់សារធាតុគីមីនោះទេ ទោះបីមន្ត្រីជំនាញនិងសមត្ថកិច្ចខំប្រឹងសហការគ្នាបង្ក្រាបយ៉ាងណាក៍ដោយ។ ដូច្នេះសូមបងប្អូនត្រូវចេះមើលដោយខ្លួនឯង និងបង្កើនការដាំបន្លែដោយប្រើជីធម្មជាតិឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារ និងធានាសុខភាពអ្នកទទួលទានជាទូទៅ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ