ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិន សុ​ដា​លី​ស ផ្អាក​សម្តែង ព្រោះ​មាន​គម្រោង​ធំ​នៅ​ប្រទេស​អង់គ្លេស

4 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង ភិន សុ​ដា​លី​ស ត្រូវ​គេ​ឃើញ​លេចមុខ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ខណៈ​ភាពយន្ត​រឿង «​កាំបិត​មុខ ២» ថត​មិន​ទាន់​ចប់​ផង​នោះ ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា នាង​កំពុង​ស្វះស្វែង​ចេញ​ទៅ​រស់នៅ​ទីនោះ…

តារា​សម្តែង ភិន សុ​ដា​លី​ស ត្រូវ​គេ​ឃើញ​លេចមុខ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ខណៈ​ភាពយន្ត​រឿង «​កាំបិត​មុខ ២» ថត​មិន​ទាន់​ចប់​ផង​នោះ ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា នាង​កំពុង​ស្វះស្វែង​ចេញ​ទៅ​រស់នៅ​ទីនោះ ខណៈ​ដែល​ប្រភព​ច្បាស់ការ​បាន​លួច​បង្ហើប​ថា បើ​គ្មាន​អ្វី​ជា​ឧបសគ្គ គឺ​នាង​ចេញ​ទៅ​រស់នៅ​ទីនោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អ៊ិ​ន សុ​ភិន ដែល​ជា​ឳ​ពុក​បាន​ចេញ​មុខ​បំភ្លឺ ដោយ​ផលិតករ​មហា​ហង្ស រូប​នេះ​ឆ្លើយ​ថា កូនស្រី​របស់​លោក គឺ​អ្នក​នាង ភិន សុ​ដា​លី​ស ពិតជា​ស្ថិត​នៅ​អង់គ្លេស និង​កំពុង​ស្វះ​ស្វែងរក​ផ្លូវ​សិក្សា​នៅ​ក្នុង​ប្រទេស​នោះ​ពិតមែន ប៉ុន្តែ​មិនមែន​អ្នក​នាង​ចង់​រស់នៅ​រយៈ​ពេល​យូរ​នោះ​ទេ ដ្បិត​បើ​ត្រូវ​នៅ​រៀន​មែន ក៏​រស់នៅ និង​រៀន​ក្នុង​រយៈពេល​ខ្លី ។ នាង​នឹង​នៅ​តែ​ទៅ​មក​ៗ ហើយ​អាច​នឹង​រៀន​ត្រឹម​វគ្គ​ខ្លី​ប៉ុណ្ណោះ ។

លោក​បន្ត​ថា នាង​ទៅ​កាន់​ប្រទេស​អង់គ្លេស ដោយសារ​តែ​កូនប្រុស​របស់​លោក​សិក្សា និង​រស់​នៅ​ទីនោះ ហើយ​ជា​ពេល​ដែល​ភរិយា​របស់​លោក​ត្រូវ​ទៅ​លេង​កូនប្រុស​ប៉ុណ្ណោះ ទើប​ភិន សុ​ដា​លី​ស ជូន​ម្ដាយ​ទៅ​ជាមួយ ។

លោក​បន្ថែម​ថា កូនស្រី​គ្រាន់តែ​ចង់ទៅ​មើល​ថា តើ​នៅ​ក្នុង​ប្រទេស​អង់គ្លេស អាច​សិក្សា​ជំនាញ​អ្វី​បាន ដែល​ពាក់ព័ន្ធ​នឹង​ការ​ឌី​ហ្សា​ញ និង​ផ្នែក​ផលិតកម្ម​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ត្រូវ​នឹង​រៀន​មែន ក៏​មិន​មែន​ពេល​នេះ​ដែរ ដោយសារ​តែ ភិន សុ​ដា​លី​ស នៅ​ជាប់​ថត​រឿង «​កាំបិត​មុខ ២» មិន​ទាន់​ចប់។

លោក អ៊ិ​ន សុ​ភិន បន្ត​ថា ភិន សុ​ដា​លី​ស មិន​ចេះ​រស់នៅ​ប្រទេស​គេ​ទេ ដោយសារ​តែ​នាង​នឹក​កូន និង​មាន​ចំណូលចិត្ត​ចង់​រស់នៅ​ស្រុក​ខ្មែរ​ច្រើន​ជាង ។

លោក​បញ្ជាក់​ថា ភិន សុ​ដា​លី​ស ត្រូវ​មក​សម្ពោធ​ភាពយន្ត​រឿង «​លោកឳពុក​» ផង ដូច្នេះ​នាង​មាន​ការ​ងារ​ច្រើន​ណាស់​ត្រូវធ្វើ មិន​អាច​ទៅ​រៀន ឬ​រស់នៅ​អង់គ្លេស​បាន​ទេ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ