រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចុះបាតុភូតផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រដែរ កម្ពុជាបន្តរងចាប់ពីថ្ងៃទី១៥ ដល់១៩ ខែកញ្ញា ឆ្នាំ២០១៩ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកចេញផ្សាយនៅថ្ងៃទី១៣ កញ្ញានេះ បានឲ្យដឹងថា អនុលោមតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៩ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការបន្តវិធានការត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់។
ផ្អែកលើសភាពការណ៍ជាក់ស្តែងនៃការវិវត្តអាកាសធាតុពាក់ព័ន្ធនឹងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់លើប្រទេសថៃ ឡាវ និងវៀតណាម ហើយដែលបច្ចុប្បន្នបានរំកិលចុះមកក្រោមកាត់លើកម្ពុជា ក្នុងរយៈពេល០២-០៣ ថ្ងៃខាងមុខនេះ ។ ស្ថានភាពបែបនេះធ្វើឲ្យ ១- ចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង ។ ២- ចាប់ពីថ្ងៃទី១៥-១៩ ខែកញ្ញា បណ្តារាជធានី-ខេត្តដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង មាន ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅជាប់មាត់សមុទ្រ ។
ក្រសួងបានបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និងរលកសមុទ្រ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ