ខេត្តសៀមរាប៖ ជំនឿនៃការលាបំណន់បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែង ទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួន និងទីសក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេសគឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ ។
ការប្រកាន់ខ្ជាប់នូវពាក្យសច្ចៈ គឺសំខាន់ណាស់ចំពោះមនុស្សដើម្បីរឹតចំណងមិត្តភាព ទំនាក់ទង ទំនុកចិត្ត ទំនួលខុសត្រូវ តម្លៃនៃមនុស្ស និងការគោរពពីអ្នកដទៃ នាំឱ្យជីវិតរីកចម្រើន ទទួលបានផលលាភក្នុងការងារ និងជំនួញជួញប្រែ ផ្សេងៗ ។
ពាក្យសច្ចៈនេះ មនុស្សក៏ប្រកាន់ភ្ជាប់ជាមួយនឹងទេពផងដែរ ចំពោះការសុំពឹងពរជាថ្នូរនឹងផលប្រយោជន៍ឱ្យកើតដល់ខ្លួន ទើបជា រឿយៗយើងតែងប្រទះឃើញមនុស្សជាច្រើនមកលាបំណន់នៅទីកន្លែងសក្តិសិទ្ធិ ឬទីណាមួយដែលខ្លួនបានបន់ស្រន់ ពិសេសនៅតំបន់អង្គរ ។ ការលាបំណន់ គឺធ្វើឡើងដើម្បីលាងមាត់លាងក លាងពាក្យសម្តីដែលខ្លួនបានជាប់ជំពាក់ បើបានសម្រេចគេនឹងជូននេះ ជូននោះតាមការសន្យា ព្រោះការខុសនូវខុសបំណន់នឹងធ្វើឱ្យជននោះវិនាសអន្តរាយ ។
តាមផេកហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី១១ កញ្ញា ២០១៩ ថ្សាយថា លោកភួង សុផេង អ្នកភូមិសូទ្រនិគម ខេត្តសៀមរាប បានប្រារព្ធពិធីលាបំណន់ដោយមានសំណែនមាន់ ជ្រូក ម្ហូបអាហារ បង្អែមចង្អាប សុរា ផ្លែឈើ គ្រឿងរណ្តាប់បូជា វង់ភ្លេង និងអ្នកស្នងរូប ដើម្បីលេងភ្លេងថ្វាយដល់លោកតាពេជដែលស្ថិតក្នុងប្រាសាទអង្គរវត្ត ដើម្បីលាងនូវពាក្យដែលខ្លួនបានបន់ស្រន់ថាថ្វាយភ្លេងពេលខ្លួនបានជោគជ័យក្នុងអាជីវកម្ម ។
លោកសុផេង បានឱ្យដឹងថា លោកប្រកាន់ភ្ជាប់ទាំងវិទ្យាសាស្ត្រនិងជំនឿ ពិសេសគឺការបន់ស្រន់ដើម្បីឱ្យវត្ថុសក្តិសិទ្ធិជួយថែរក្សា ឃុំគ្រង និងជួយឱ្យការលក់ដូរដីធ្លីដាច់ ។ ការមកលាបំណន់នេះ គឺមកបំពេញតាមការសន្យា ដើម្បីកុំឱ្យខុសមាត់ខុសក ព្រោះអ្វីដែលបានសុំក៏បានសម្រេច ។
លោកសុផេង បន្តថា «សម្រាប់ខ្ញុំនៅតែមានជំនឿមុតមាំលើជំនឿក្រៅខ្លួន បើទោះបីវិទ្យាសាស្ត្ររីកចម្រើនក្តី ព្រោះវាធ្វើឱ្យខ្លួនខ្ញុំហាក់មានឥទ្ធិពលរាល់ពេលធ្វើកិច្ចការអ្វីមួយ និងទំនាក់ទំនងប្រកបដោយទំនុកចិត្ត ពិសេសគឺការបន់ស្រន់នឹងតែម្តង!»៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ