ខេត្តសៀមរាប ៖ អ្នកធ្វើដំណើរតាមបណ្តោយផ្លូវមាត់ស្ទឹងសៀមរាបពីខាងលិច ត្រូវបានដើមឈើមួយដើមធំរលំសង្កត់ពីលើ ខណៈមេឃកំពុងភ្លៀងលាយឡំនឹងខ្យល់កន្ទ្រាក់ បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៣នាក់រងរបួសធ្ងន់និងស្រាល ហើយបង្កឱ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍នៅតាមផ្លូវមួយសន្ទុះធំផងដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចជិតគល់ស្ពានថ្ម ទល់មុខវត្ត ព្រះឥន្ទកោសា ហៅ( វត្តកណ្តាល) ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បើតាមសម្តីរបស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាមបានប្រាប់ភ្នាក់ងារកោះសន្តិភាពនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះឱ្យដឹងថា មានករណីដើមឈើរលំសង្កត់មកលើអ្នកធ្វើដំណើរនៅចំណុចកើតហេតុខាងលើ ខណៈមេឃកំពុងភ្លៀងលាយឡំនឹងខ្យល់កន្ទ្រាក់ បណ្តាលឱ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល ។ ភ្លាមៗនោះត្រូវបានកម្លាំង ប្រជាការពារនិងសមត្ថកិច្ច ព្រមទាំងបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយសម្រួលចរាចរណ៍ និងកាត់ដើមឈើនោះចេញពីផ្លូវ ព្រមទាំងយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ។
តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ដែលត្រូវដើមឈើរលំសង្កត់នោះ ក្នុងនោះរួមមាន១-ឈ្មោះ ម៉ៅ វណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សទី៩ មានទីលំនៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប បានរងរបួសជើងខាងស្តាំ និងរយះកំភួនជើង ព្រមទាំងរងការខូចខាតម៉ូតូ១គ្រឿងម៉ាកហុងដា ធុនC125 ពណ៌ខ្មៅ ស៊េរី២០១០ ។
២-ឈ្មោះ លឹម កិន្និដ្ឋា ភេទស្រី អាយុប្រហែល៣៣ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប រងរបួសស្រាល គ្រាន់តែឈឺត្រង់កញ្ចឹងក និងឈឺ.កជើងស្តាំ (កំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង។
៣-ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែល៤០ឆ្នាំ រងរបួសស្រាល និងខូចខាតម៉ូតូ១គ្រឿង ម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១C-២១០៦។
បច្ចុប្បន្ន ជនរងគ្រោះទាំង៣នាក់ខាងលើ ក្នុងនោះជនរងគ្រោះប្រុសម្នាក់ និងស្រីម្នាក់បានវិលត្រឡប់ទៅផ្ទះវិញហើយ ចំណែកជនរងគ្រោះម្នាក់ដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រីឯម៉ូតូចំនួន១គ្រឿង ធុនC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ដែលបានផ្ញើគេនៅជិតកន្លែងកើតហេតុ មិនដឹងម្ចាស់ទៅទីណានោះទេ ដូច្នេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បានយកមករក្សាទុកនៅប៉ុស្តិ៍ស្លក្រាម កំពុងស្វែងរកម្ចាស់ ដើម្បីឱ្យមកទទួលយកទៅវិញ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ