បើ​អ្នកជា​បុគ្គលិក​មិនល្អ អ្នក​ក៏​មិន​អាច​ក្លាយជា​សហគ្រិន​ល្អ​ដែរ


តើ​អ្នក​ចង់​ប្តូរ​ពី​ធ្វើការ​ឲ្យ​អ្នក​ដទៃ​ទៅ​ជា​ធ្វើការ​ឲ្យ​ខ្លួនឯង​វិញ​ទេ ? វា​ជា​ក្តី​សុបិន​របស់​មនុស្ស​ជា​ច្រើន​ជា​ពិសេស​អ្នក​ដែល​មិន​ចូល​ចិត្ត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ដទៃ និង​អ្នក​ដែល​ចង់​ធ្វើ​ជា​ចៅហ្វាយ​ខ្លួនឯង ។ ប៉ុន្តែ​លោក Carlos Gil ដែល​ជា​អ្នកនិពន្ធ និង​ទីប្រឹក្សា​មួយ​រូប​បាន​ប្រាប់​មក​ថា ប្រសិនបើ​អ្នកជា​បុគ្គលិក​មិនល្អ​នោះ​អ្នក​ក៏​អាច​ជា​សហគ្រិន​មិនល្អ​មួយ​រូប​ដែរ ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ ៖

១. អ្នក​តែងតែមាន​អ្នកគ្រប់គ្រង​ពីលើ ៖ ពេល​ដែល​អ្នក​ក្លាយជា​សហគ្រិន​មួយ​រូប​ហើយ អ្នក​មិន​ត្រឹមតែ​ធ្វើការ​ឲ្យ​ខ្លួនឯង​ទេ ។ អ្នក​ក៏​មាន​អ្នកគ្រប់គ្រង ឬ​ចៅហ្វាយ​ជា​ច្រើន​ទៀត​ដែរ​ដូច​ជា អតិថិជន​របស់​អ្នក​ដៃគូ​សហការ ឬ​ក្រុមហ៊ុន​ដទៃ​ជាដើម ។ ប្រសិនបើ​អ្នក​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ទេ​នោះ​ពួក​គេ​អាច​ជ្រើសរើស​ឈប់​ធ្វើការ​ជាមួយ​អ្នក ឬ​គាំទ្រ​អាជីវកម្ម​របស់​អ្នក​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​មាន​ទម្លាប់​បំពេញការងារ​ដែល​ចៅហ្វាយ​ដាក់​ឲ្យ​ទេ​នោះ​អ្នក​អាច​នឹង​ជួប​បញ្ហា​ច្រើន​ពេល​ដែល​ក្លាយជា​សហគ្រិន ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ទើបតែ​ចាប់ផ្តើម​ដំបូង ។

២. ពិភព​អាជីវកម្ម​មិន​ផ្លាស់​ប្តូរ​សម្រប​តាម​ពេលវេលា​អ្នក​ទេ ៖ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​សហគ្រិន​ព្រោះ​មិន​ចង់​អង្គុយ​ធ្វើការ​ពី​ម៉ោង​៨​ដល់​៥​ល្ងាច​នោះ អ្នក​គួរ​ដឹង​ថា ម៉ោង​ធ្វើការ​ប្រហែលជា​មិន​ផ្លាស់​ប្តូរ​ច្រើន​ទេ ពេល​អ្នក​ក្លាយជា​សហគ្រិន​ព្រោះ​អាជីវកម្ម​ដទៃ​ក៏​មាន​ម៉ោង​ធ្វើការ​ស្រ​ដៀង​គ្នា​ដែរ ។ លើស​ពី​នេះ​ទៀត​នោះ ប្រសិនបើ​អតិថិជន​របស់​អ្នក​ហៅ​ជួប​នៅ​ម៉ោង​ណា អ្នក​ក៏​ត្រូវ​សម្រប​តាម​ការ​ណាត់​ដែរ ប្រសិនបើ​អ្នក​មិន​ចង់​បាត់បង់​ភ្ញៀវ ។

៣. រង្វាន់​លើកទឹកចិត្ត ៖ ចំណុច​វិជ្ជមាន​មួយ​ដែល​បាន​ពី​ការ​ធ្វើ​ជា​សហគ្រិន គឺ​ភាព​សប្បាយ​រីករាយ​ពេល​ដែល​អតិថិជន​របស់​អ្នក​ពេញចិត្ត​និង​ទំនិញ ឬ​សេវាកម្ម​ដែល​អ្នក​ផ្គត់ផ្គង់ ។ ដូច្នេះ​វា​ប្រៀប​បានជា​កត្តា​ជំរុញ​មួយ​ដែល​ធ្វើ​ឲ្យ​សហគ្រិន​ខិតខំ​បន្ថែម​ឡើង ។ ប៉ុន្តែ ដើម្បី​ទៅ​ដល់​ចំណុច​នេះ​អ្នក​ត្រូវ​មាន​ទម្លាប់​ធ្វើការ​ល្អ ជំនាញ​ដែល​ត្រឹមត្រូវ និង​ស្គាល់​មនុស្ស​ច្រើន​ដែល​គាំទ្រ និង​ជួយ​អ្នក​ពេល​ដែល​មាន​បញ្ហា ។ ដូច្នេះ​មិន​ថា អ្នកជា​អ្នក​ឆុង​កាហ្វេ ឬ​មេធាវី​ឡើយ អ្នក​គួរតែ​មើលឃើញ​ការងារ​របស់​អ្នកជា​ការ​ហ្វឹកហាត់​ដែល​ផ្តល់​ប្រាក់បៀវត្ស ដើម្បី​សន្សំ​បទ​ពិសោធន៍​សម្រាប់​ក្តី​សុបិន​ក្នុង​ការ​ក្លាយជា​សហគ្រិន ។

អ្នក​គួរតែ​សាកល្បង​កិច្ចការ​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​រៀនសូត្រ​ពី​អ្នក​ដែល​មានបទពិសោធន៍​ច្រើន និង​បង្កើត​ទំនាក់ទំនង​ល្អ​ៗ​ជាមួយ​អ្នក​ដទៃ ព្រោះ​អ្នក​មិនដឹង​ឡើយ​ថា អ្នក​នឹង​ត្រូវការ​នរណា​សម្រាប់​អាជីវកម្ម​នា​ថ្ងៃ​មុខ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ