រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើសកម្មភាពបន្លំលួចយកកូនកាបូបមួយពីកម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈជនរងគ្រោះចេញពីធ្វើការដើរទិញផ្លែឈើនៅមុខរោងចក្រ ដែលនៅក្នុងកាបូបនោះ មានប្រាក់រៀល គ្រឿងអលង្ការ ព្រមទាំងកាតATM ដែលមានទឹកប្រាក់ចំនួន៣០០ដុល្លារផងដែរ ។ ក្រោយពីលួចបានក៏គេចខ្លួនបាត់ លុះ៦ថ្ងៃក្រោយមក ក៏យកកាតATMដែលលួចបាននោះ ទៅបើកប្រាក់ពីធនាគារអេស៊ីលីដា ហើយក៏ត្រូវបុគ្គលិកធនាគាខាងលើ សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ៣ឃាត់ខ្លួននាំទៅសាកសួរនិងចាត់ការតាមច្បាប់ ។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅធនាគាអេសុីលីដាសាខាចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីសង្ស័យខាងលើ ឈ្មោះ អួង សុភី អាយុ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល និងមានស្រុកកំណើតនៅក្នុងភូមិកណ្តាល ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត ។ ដោយឡែក ស្ត្រីរងគ្រោះឈ្មោះ ជឹម សុខគា អាយុ២៨ឆ្នាំ ជាកម្មការិនីនៅរោងចក្រផ្កាឈូក ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល និងមានទីលំនៅក្នុងភូមិអង្គដូនពីស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបរបស់នាងដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះមានលុយ
១មុឺនរៀល ខ្សែកប្លាទីន១ខ្សែ ចិញ្ចៀនប្លាទីន១វង់ កាតATM១សន្លឹកដែលមានលុយក្នុងនោះចំនួន៣០០ដុល្លារ អត្តសញ្ញាណប័ណ្ណ១សន្លឹក រួមទាំងកាតការងារទៀត ។ កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា គឺកាលពី៦ថ្ងៃ មុន ពេលចេញពីធ្វើការនាងបានទៅរកទិញផ្លែឈើហូបនៅខាងមុខរោងចក្រ ដោយទុកកាបូបនៅក្នុងថង់យួរដៃមួយ ។ ខណៈនោះស្រាប់តែជនសង្ស័យបន្លំលួចយកកាបូបទៅបាត់ ហើយនាងក៏មិនបានស្គាល់ភិនភាគជនសង្ស័យដែរ និងបានទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ ។
លុះមកដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ស្ត្រីសង្ស័យខាងលើបានកាន់កាតATMរបស់នាងទៅរកបើកលុយ ទើបខាងបុគ្គលិក ធនាគារអេសុីលីដាសហការ ជាមួយ នគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនតែម្តង ។ ក្រោយពេលឃាត់ខ្លួន ស្ត្រីសង្ស័យបានបដិសេធថា មិនបានលួចកាបូបនេះទេ គឺខ្លួនរើសបានដោយសារតែថង់ដែលដាក់នោះរហែកគូទបណ្ដាលឲ្យជ្រុះកាបូប ហើយខ្លួនរើសបានទេមិនបានលួចឡើយ ។
ប៉ុន្តែភ្លាមៗនោះ ស្ត្រីរងគ្រោះដែលកំពុងស្ថិតនៅទីនោះដែរ បានយកថង់ដាក់កាបូបមកបង្ហាញនគរបាលគឺថង់អត់មានរហែកទេ ដូច្នោះបានន័យថា ជនសង្ស័យឆ្លើយដោះសា ។ បន្ទាប់មក នគរបាលប៉ុស្តិ៍ចោមចៅ៣បានប្រគល់ស្ត្រីសង្ស័យទៅឲ្យនគរបាលប៉ុស្តិ៍កំបូលចាត់ការបន្ត ព្រោះរឿងរ៉ាវខាងលើកើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់កំបូល ខណ្ឌកំបូល ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ