ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​ការ​ផ្ទុះ​តវ៉ា​រឿង​ពិន្ទុ​របស់​បេក្ខជន​ដែល​សង្ស័យ​ថា«​មិន​ត្រឹមត្រូវ​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំយុវជន និង​កីឡា លោករស់ សុ​វាចា បាន​បញ្ជាក់ថា ក្រសួង​មិន​មាន​គោលការណ៍​បើកចំហ​ជូនបេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ ចំពោះ​ការ​តវ៉ា​របស់បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំយុវជន និង​កីឡា លោករស់ សុ​វាចា បាន​បញ្ជាក់ថា ក្រសួង​មិន​មាន​គោលការណ៍​បើកចំហ​ជូនបេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ ចំពោះ​ការ​តវ៉ា​របស់បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ គឺក្រោយ​ពី​មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​មួយ​ចំនួន​នៅ​រាជធានីភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ចំពោះ​ពិន្ទុ​របស់​ពួក​គេ​ដោយ​សង្ស័យ​ថា ​មិន​ត្រឹមត្រូវ ។ ការ​តវ៉ា​នានា​នេះ​ គឺ​ផ្ទុះ​ឡើង​នៅ​មុខទីស្តីការក្រសួង​ងប់​រំ ដោយ​ទាមទារ​ឲ្យ​មានការ​ផ្ទៀងផ្ទាត់​លើ​វិញ្ញាសាសរសេរ​របស់​បេក្ខជនមួយ​​ចំនួន ដែល​ខ្លះ​មានការ​សង្ស័យ​ចំពោះ​ពិន្ទុ​របស់​ខ្លួន ។

លោក រស់ សុ​វាចា បាន​ឲ្យ​ដឹង​ថា «​ក្រសួង​មិន​មាន​គោលការណ៍​បើកចំហ​ជូន​បេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ ។ ក្រសួង​យល់​ពី​មនោសញ្ចេតនា​របស់បេក្ខជន និង​ក្រុម​គ្រួសារ ក្រោយ​ពី​ទទួល​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នីមួយ​ៗ» ។ ជា​ទូទៅ ក្រសួង​អប់រំ​ស្វាគមន៍​មតិ​រិះគន់​ស្ថាបនា និង​ឆ្លើយ​តប​តាម​ភាព​ចាំបាច់ និង​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ។ លោក​ថ្លែង​ថា សុក្រឹតភាព​និង​ប្រសិទ្ធភាព​នៃគ្រប់​ដំណាក់កាល​ប្រឡង​ឆ្នាំ​នេះ បាន​មក​ពី​កិច្ចសហការ​របស់​គ្រប់​ភាគី​ពាក់ ព័ន្ធ ជា​ពិសេស​ក្រុមការងារ​កំណែ​ក្រដាស​កិច្ចការ​បេក្ខជនក្រុមការងារស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​។

អ្នកនាំពាក្យ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ដូច​៥​ឆ្នាំ​កន្លង​មក ក្រសួង​ក៏​បាន​ទទួល​កិច្ចសហការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួងមហាផ្ទៃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​នានា ដើម្បី​ឲ្យ​ដំណើរ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ បេក្ខជន​ម្នាក់​ក្នុង​ចំណោម​ជា​ច្រើន​នាក់​ដែល​មក​តវ៉ា​នេះ​និយាយ​ថា មុខ​វិជ្ជា​ខ្លះ​រូបគេ​ធ្វើ​បាន​ល្អ​ស្ទើរតែ​ទាំងអស់ ហើយ​និទ្ទេស​បាន​សុទ្ធតែ​E​តែ​លទ្ធផល​បែរជា​ធ្លាក់​ទៅ​វិញ​។
បេ​ក្ខ​នារី​ម្នាក់​ឈ្មោះ ងិ​ន សុ​ភី​យ៉ា រៀន​នៅវិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​និយាយ​ថា ការ​ដែល​នាំ​គ្នាមកនេះ​គឺ​ដើម្បី​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​កាលពី​ថ្ងៃ​ទី​១៩-២០ ខែសីហា ដោយសារ​ប្រឡង​ធ្លាក់ ។

នាង​បញ្ជាក់​ថា ៖ «​ពួក​ខ្ញុំ​មិន​សុខចិត្ត ដោយសារ​មុខ​វិជ្ជា​ដែល​ពួក​ខ្ញុំ​ធ្វើ​បាន​តែធ្លាក់​(F) ខណៈ​ពួក​ខ្ញុំ​ធ្វើ​បាន​ស្ទើ​គ្រប់​សំណួរ តែ​អ្នក​ដែល​ធ្វើ​មិន​បាន​បែរជា​បាន​និទ្ទេស​B ។ មុខ​វិជ្ជា​គណិត​វិទ្យា និង​ប្រវត្តិវិទ្យា ពួក​ខ្ញុំ​ធ្វើ​បាន​ច្រើនជាងគេ​» ។ បេ​ក្ខ​នារី​រូប​នេះ​និយាយ​ទៀត​ថា ការ​មកនេះ​ដើម្បី​ឲ្យ​ក្រសួង​ពិនិត្យ​ពិន្ទុរ​របស់​នាង​ឡើង​វិញ ព្រោះថា​លទ្ធផល​ដែល​ទទួល​បាន​នោះ​មិន​សម​នឹង​អ្វី​ដែល​នាង​ទទួល​បាន​នោះ​ទេ ។ ចំណែក​បេក្ខ ជន​ម្នាក់​ទៀត​និយាយ​ថា នាង​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ ធ្វើ​បាន​ល្អ​ស្ទើរ​គ្រប់មុខ​វិជ្ជា បែរជា​ទទួល​និទ្ទេស​ធ្លាក់​(F)​។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​២០១៨ ក៏​មាន​បេ​ក្ខជន​ប្រឡង​ជាប់​មក​តវ៉ា​ផង​ដែរ ទាក់ទង​នឹង​ពិន្ទុ​មានការ​
ស្រង់​បូក​ខុស ហើយ​ក្រសួង​ក៏​បាន​យល់ព្រម​ធ្វើការ​បូក​សរុប​សា​ជា​ថ្មី ។កាល​ណោះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បកស្រាយ​កំហុស​បច្ចេកទេស​កាលពី​ឆ្នាំ​២០១៨​ថា ការ​ស្រង់​ពិន្ទុ​ខុស​នេះ​ដោយសារ​បញ្ហា​បច្ចេក​ទេស​កុំ​ព្យូ​រ​ទ័​រ ។ ប៉ុន្តែ​ឆ្នាំ​២០១៩​នេះ បើ​តាម​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន និង​កីឡា អះអាង​ថា ដោយសារ​មានបទ​ពិសោធន៍​បូក​ពិន្ទុ​ខុស​កាលពី​ឆ្នាំ​២០១៨​នោះ លោក​បាន​ប្តេជ្ញា​មុន​ការ​ប្រឡង​​នៅ​ឆ្នាំ​នេះ​ថា មិន​ឲ្យ​មាន​កំហុស​ដូច​ឆ្នាំ​២០១៨​ទេ ព្រោះ​មានការ​សម្រិតសម្រាំង​យ៉ាង​ច្បាស់លាស់ ។

សូម​បញ្ជាក់​ថា លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ ត្រូវ​បាន​ក្រសួងអប់រំ យុវជន និង​កីឡា ប្រកាស​កាលពី​ថ្ងៃ​ទី​៩-១០ខែកញ្ញា​កន្លង​មកនេះ ដែល​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៧៩.០៥២​នាក់ ត្រូវជា​៦៨,៦២% (​បើប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ បេក្ខជន​ប្រឡង​ជាប់មាន ៦៧,០៧%) ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ