មហា​ត្មះ គ​ន្ធី កំពូល​មេដឹកនាំ​អហិង្សា​របស់​ឥណ្ឌា


មហា​ត្មះ កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មះ គ​ន្ធី​) ជា​មេដឹកនាំ​មនោ​គម​វិជ្ជា និង​ជា​អ្នកនយោបាយ​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​ឥណ្ឌា អំឡុងចលនា​ទាមទារ​ឯករាជ្យ​ជាតិ ឥណ្ឌា​ពី​ចក្រភព​អង់គ្លេស ។ គាត់​គឺជា​អ្នកត្រួសត្រាយ​ក្នុង​ការ​ប្រកាន់ខ្ជាប់​នូវ​ភាព​អត់ធ្មត់ អហិង្សា និង​ធ្វើ​ឱ្យ​ប្រទេសឥណ្ឌា​ឆ្ពោះទៅ​រក​ឯករាជ​ភាព និង​បាន​បំផុស​ឱ្យ​មាន​ចលនា​តស៊ូ​សម្រាប់​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក ។ ក្នុង​ប្រទេស​ឥណ្ឌា​គាត់​ត្រូវ​បាន​គេ​ហៅ​ថា បា​ពូ (Bapu) ដែល​មាន​ន័យ​ថា «​ឪពុក​» ហើយ​ត្រូវ​បាន​ប្រគល់​កិត្តិនាម​ថា «​បិតា​ជាតិ​» ។ ដើម្បី ឈ្វេងយល់​ពី​មហា​ត្មះ គ​ន្ធី ពី​នយោបាយ​អហិង្សា​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស តើ​គាត់​បាន​ហែល​ឆ្លង​បញ្ហា​អ្វីខ្លះ ហើយ​ក៏​មាន​សំណួរ​ថា តើ​ការ​ប្រកាន់​យក​ហិង្សា ឬ​អហិង្សា មួយ​ណា​ចាំបាច់​ជាង ? ដើម្បី​សិទ្ធិ​សេរីភាព​នៃ​មនុស្សជាតិ ។

នៅ​ពេល​លេចឮ​ពាក្យ​ច​ចាម​អារាម​ថា​គ​ន្ធី​បាន​ចាប់ខ្លួន ជនជាតិ​ឥណ្ឌា​ខ្លះ​បាន​ដុត​អោយ​ឆេះ​ទ្រព្យសម្បត្តិ​អង់គ្លេស លួច​ទំនិញ​ក្នុង​ហាង​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អង់គ្លេស​យ៉ាង​ក្រេវក្រោធ ។ នៅ​ទីក្រុង​អា​មេ​រីត​សា ក្នុង​ខេត្ត​ប៉ុន​ចាប​អំពី​ហឹ​ង្សា​បាន​កើត​មាន​ធ្ងន់ធ្ងរ​ជាងគេ ដោយនៅ​ទីនោះ​អ្នកគ្រូ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​គេ​ចាប់រំលោភ ។ ជា​ការ​ឆ្លើយ​តប ឧត្តមសេនីយ៍​អង់គ្លេស រេ​ហ្សី​ណា​ល់ អេ​អេ​ច ដាយ​អ៊័​រ បាន​បញ្ជា​អោយ​ទាហាន​ឥណ្ឌា​របស់​គាត់បាញ់​សម្លាប់​ទៅ​លើ​ហ្វូង​បុរស​ស្ត្រី និង​កុមារ​ឥណ្ឌា ។ ការ​សម្លាប់​រង្គាល​នៅ​អាម​រឹត​សា បាន​ឆក់​យក​ជីវិត​ប្រជាជន​ឥណ្ឌា​៣៧៩​នាក់ និង​ជាង​មួយ​ពាន់​នាក់ទៀត​រង​របួស ។

ក្រោយ​ព្រឹត្តិការណ៍​នៅ អាម​រីត​សា គ​ន្ធី​ដឹកនាំ​ប្រជាជន​ឥណ្ឌា​ក្នុង​យុទ្ធនាការ​មិន​សហការ​ជាមួយ​អាជ្ញាធរ អង់គ្លេស​មួយ ។ លោក​បាន​អំពាវនាវ​កុំអោយប្រជាជន​ឥណ្ឌា​ទិញ​ទំនិញ​អង់គ្លេស ឯ​សិស្ស​និស្សិត​ត្រូវ​ឈប់​ទៅ​រៀន​សាលា​អង់គ្លេស ។ អ្នកជំនួញ​ត្រូវ​ឈប់​ប្រើ​តុលាការ ឬ​កា​រិ​ល័យ​អង់គ្លេស ហើយទាំង​អ្នកមាន​និង​អ្នកក្រ​ក៏​កុំ​បង់ពន្ធ​អោយ​អង់គ្លេស​ដែរ ។ ជាមួយនឹង​អ្នកគាំទ្រ​របស់​លោក គ​ន្ធី​បាន​ដុត​អោយ​ឆេះ​ក្រណាត់​និង​សំលៀក​បំពាក់​អង់គ្លេស​ទាំង​គំនរ​ធំ​ៗ​នៅ​ពីមុខ​ហ្វូង​មនុស្ស​ជា​ច្រើន ។ លោក​បាន​និយាយ​ថា​ឥណ្ឌា​គួរ​ត្បាញ​រវៃ​ក្រណាត់​ដោយ​ខ្លួនឯង ។ ហើយ​ជាមួយនឹង​ការ​ទូន្មាន​នេះ​លោក​បានអង្គុយ​ត្បាញ​ឆ្នូត​ក្បាល​ចេញពី​សរសៃអំបោះ​ឥណ្ឌា​ដោយ​ខ្លួន​លោក​ផ្ទាល់ ។ វា​ជា​ទ​ង្វើ​គួរ​អោយ​កោតសរសើរ​មួយ ដែល​ក្រោយមក​ទៅ​ជា​ល្បី​ពាសពេញ
ពិភពលោក ។ បុគ្គល​នេះ​ហើយ​ដែល​តាំងខ្លួន​ជា​អ្នកតំណាង​អោយ​សេចកី្តល្អ​ហើយ​ប្រាថ្នា​អោយ​មាន​ដល់​មនុស្ស​គ្រប់​រូប ព្រមទាំង​សុ​បិ​ន្ត​ចង់​លុប​បំបាត់​ភាពក្រីក្រ​របស់​ប្រជាជន ។ លោក​សង្ឃឹមថា ប្រជាជន​ឥណ្ឌា​នឹង​បាន​រស់នៅ​ដោយ​សុខ​សប្បាយ ។ ខែមីនា ១៩២២ ការ​មិន​គោរព​ច្បាប់​ស៊ី​វិល​ឥណ្ឌា​បាន​នាំ​ទៅ​ដល់​ការ​ផ្ទុះ​អំពើ​ហិង្សា​ជា​ថ្មី ។

ពេល​នេះ​គ​ន្ធី​បាន​ត្រូវ​ចាប់ខ្លួន ហើយ​ត្រូវ​កាត់ទោស​អោយជាប់គុក​ប្រាំមួយ​ឆ្នាំ​។​នៅ​ក្នុង​គុក លោក​បាន​អាន​សៀវភៅ​ជា​ច្រើន ។ លោក​សរសេរ​លិខិត​ហើយ​ជា​ញឹកញាប់​លោក​អង្គុយពែនភ្នែន សូត្រធម៌​និង​តម​អាហារ ។ ពីរ​ឆ្នាំ​ក្រោយមក ក្រោយ​ពី​ការ​វះកាត់​ខ្នែងពោះវៀន លោក​ក៏​បាន​ត្រូវ​គេ​ដោះ​លែង ។ ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ក្រោយមក​ទៀត លោក​បាន​ព្យាយាមពន្យល់​អោយ​ប្រជាជន​ឥណ្ឌា​បង្កើត​ឧស្សាហកម្ម​អំបោះ​ខ្លួនឯង ជា​ពិសេស​ការ​ត្បាញ​រវៃ ។ លោក​ក៏​ខិតខំ​បង្រួបបង្រួម​ពួក​ហិណ្ឌូ​និង​អ៊ី​ស្លា​ម ដែល​ជា​អ្នកកាន់សាសនា​ដ៏​ធំ​បំផុត​ពី​របស់​ប្រទេស ហើយ​ដែល​តែងតែ​ខ្វែងគំនិត​គ្នា​ជា​និច្ច​ពី​ម​ធ្យា​បាយ​ផ្តួលរំលំ​ការ​គ្រប់គ្រង​របស់​អង់គ្លេស​និង​ការ​ដឹកនាំ​ប្រទេស​នៅ​ពេល​ក្រោយមក​ទៀត ។

ក្បួន​ដង្ហែ​អំបិល​ជា​និមិត្តរូប​ដ៏​អស្ចារ្យ​សម្រាប់​គ​ន្ឋី ក្រោយមក​នៅ​ថ្ងៃ​ទី​១២ មីនា ១៩៣០ លោក​បាន​ចាប់ផ្តើម​បេស​កម្ម​មួយ​ដែល​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​ប្រវត្តិសាស្ត្រ​របស់​ឥណ្ឌា ។ ទោះជា​ប្រទេស​ឥណ្ឌាត្រូវ​ហ៊ុំ​ព័ទ្ធ​បី​ទិស​ដោយ​សមុទ្រ​ក៏​ប្រជាជន​ឥណ្ឌា​ពុំ​ត្រូវ​គេ​អនុញ្ញាត​អោយ​ផលិត​អំបិល​ដោយ​គ្មាន​បង់ពន្ធ​ជូន​ចក្រភព​អង់គ្លេស​ឡើយ ។ វា​ជា​ការ​ពិត​ដែលថា​សូ​ម្បី​ប្រជាជន​ក្រីក្រ​បំផុត​ក៏​គ្មាន​សិទ្ធ​អំបិល​ដោយ​ពុំ​ចាំបាច់​បង់ពន្ធ​ដែរ ។ នៅ​ពេល​អាជ្ញាធរ​អង់គ្លេស​បដិសេធ​សំណើ​ទន់ភ្លន់​របស់​គ​ន្ធី​អោយ​លុប​ចោលការ​យកពន្ធ លោក​បាន​ប្រមូល​អ្នកគាំទ្រ​នៅ​ក្រុង​អា​មេ​ដា​បា ហើយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​ញូ​វ​ដេ​ល្លី​ក្នុង​ចំងាយ​ផ្លូវ​៣៨៥​គីឡូម៉ែត្រ​។ ប្រវត្តិសាស្ត្រ​ចាំ​ថា​វា​ជា “​ក្បួន​ដង្ហែ​អំបិល​” ដែល​ជា​និមិត្តរូប​ដ៏​អស្ចារ្យ​បំផុត​នៃ​ជីវិត​របស់​គ​ន្ធី ។ គ​ន្ធី​បាន​និយាយ​ថា នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ញូ​វ​ដេ​ល្លី​ដែល​ជាប់​នឹង​សមុទ្រ​លោក​នឹង​ដងទឹក​សមុទ្រ​មក​ផលិត​អំបិល​ទោះជា​ច្បាប់​ពុំ​អនុញ្ញាត​ក៏​ដោយ ។ នៅ​គ្រប់​ជំហាន​ឆ្ពោះទៅ​កាន់​រដ្ឋធានី ហ្វូង​មនុស្ស​ធំ​ៗ​បាន​អបអរ​គ​ន្ធី​និង​ក្រុម​របស់​គាត់ ។ ជា​រៀងរាល់ថ្ងៃ​អ្នក​យក​ព័ត៌មាន និង​អ្នក​ថតរូប​បាន​បង្ហាញ​ពី​សកម្មភាព​ដ៏​រស់​រវើក “​ក្បួន​ដង្ហែ​អំបិល​” ។

មិន​ទាំង​ទាន់​ទៅ​ដល់​ក្រុង​ញូ​វ​ដេ​ល្លី​គ​ន្ធី​បាន​ត្រូវ​គេ​ចាប់​បញ្ចូល​គុក​ទៀត ។ ដោយសារ​សកម្មភាព​មិន​គោរព​ច្បាប់​ស៊ី​វិល​នៅ​ពេល​ក្រោយ​ទៀត ប្រជាជន​ឥណ្ឌា​ប្រមាណ​៦​ម៉ឺន​នាក់​ត្រូវ​អង់គ្លេស​ឃុំខ្លួន​ក្នុង​គុក ។ តែ​ប្រជាជន​ឥណ្ឌា​ពុំ​ឱនក្បាល​ចុះ​ញ៉ម​ឡើយ ហើយ​រីករាយ​នឹង​ប្រគល់​ខ្លួន​អាយ​ពួក​គេ​ចាប់​ជា​ជាង​អោយ​គេ​ជិះជាន់ ។ នៅ​ពេល​ពន្ធ​អំបិល​លែង​ត្រូវ​ប្រមូល គ​ន្ធី​ចាប់ផ្តើម​ទទួល​ជោគជ័យ ហើយ​ក្រោយមក​បន្តិច​លោក​និង​តំណាង​អង់គ្លេសប្រចាំ​ឥណ្ឌា​បាន​ស្រុះស្រួល​គ្នា​លើ​បញ្ហា​អំបិល ។ ព័ត៌មានលំអិតនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ