រាជធានីភ្នំពេញ ៖ សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ចេញអង្ករចំនួន១០០០តោន និងថវិកាចំនួន២០០០លានរៀលជូនដល់គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅតាម បណ្តាខេត្តទាំងឡាយដែលប្រឈមនឹងគ្រោះទឹកជំនន់ ។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១កញ្ញា ឆ្នាំ២០១៩ ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងនាំយកអង្ករ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់នៃបណ្តា ខេត្តនានាដែលស្ថិតតាមដងទន្លេ ពិសេសខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ដែលកម្ពស់ទឹកកំពុងលើស កម្រិតប្រកាសអាសន្ន ព្រមទាំងទឹកជំនន់ដោយទឹកភ្លៀងនៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាការបាក់ច្រាំង ខ្យល់កន្ត្រាក់ និងហានិភ័យនានាដែលអាចនឹងកើតឡើង ហើយត្រូវត្រៀមជម្លៀសប្រជាពលរដ្ឋឱ្យបានទាន់វេលាទៅកាន់ទីទួលមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យ ទឹកស្អាត និងសត្វអសិរពិស ក្នុងរដូវកាលទឹកជំនន់ ។
រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងស្ថាប័ន និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ត្រូវសហការ ត្រៀមផ្តល់ស្រូវពូជជូនដល់ប្រជាកសិករនៅតាមបណ្តាខេត្តនានា ដែលបានដាំដុះស្រូវវស្សាហើយដែលរងការខូចខាតដោយគ្រោះទឹកជំនន់ផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ