ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ធំ​-​តូច​នៅ​សៀមរាប​បង្ហាញ​ក្តី​បារម្ភ​រឿង​ជីវភាព ស្រប​ពេល​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ធ្លាក់​ចុះ​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវករ​ប្រកប​អាជីវកម្ម​សឹងតែ​គ្រប់​ប្រភេទ រួម​ទាំង​អ្នកលក់​ផ្លែ​ឈើ​នៅ​ខេត្តសៀមរាប​កំពុង​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តសៀមរាប ព្រោះ​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​មួយ​នេះ​កំពុង​ធ្វើ​អោយ​អាជីវកម្ម​របស់​ពួក​គាត់​រង​ផល​ប៉ះពាល់​និង​បាន​បាត់បង់​ចំណូល​យ៉ាងច្រើន​ផង​ដែរ ។ ​ អ្នកស្រី​អាជីវករ​លក់​ផ្លែ​ឈើ​មួយ​កន្លែង​ក្នុង​ផ្សារ​ប្រិមប្រិយ​ខេត្តសៀមរាប យាយ នី…

រាជធានី​ភ្នំពេញ ៖ អាជីវករ​ប្រកប​អាជីវកម្ម​សឹងតែ​គ្រប់​ប្រភេទ រួម​ទាំង​អ្នកលក់​ផ្លែ​ឈើ​នៅ​ខេត្តសៀមរាប​កំពុង​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តសៀមរាប ព្រោះ​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​មួយ​នេះ​កំពុង​ធ្វើ​អោយ​អាជីវកម្ម​របស់​ពួក​គាត់​រង​ផល​ប៉ះពាល់​និង​បាន​បាត់បង់​ចំណូល​យ៉ាងច្រើន​ផង​ដែរ ។

អ្នកស្រី​អាជីវករ​លក់​ផ្លែ​ឈើ​មួយ​កន្លែង​ក្នុង​ផ្សារ​ប្រិមប្រិយ​ខេត្តសៀមរាប យាយ នី បាន​ឲ្យ​ដឹង​ថា កាលពីមុន​ការ​លក់ដូរ​ក្នុង​ផ្សារ​កាក់កប​ណាស់ ជាក់ស្ដែង​បណ្តា​ឆ្នាំ​មុន​ៗ​នៅ​ពេល​ភ្ញៀវ​ចូល​មក​មួយ​ភ្លេ​ត​ៗ ការ​លក់ដូរ​គឺ​មិន​ក្រោម​៥០​គីឡូក្រាម​ទេ ហើយ​ចំណូល​ក៏​មិន​តិច​ទេ មាន​ន័យ​ថា​ស្រួល​រក​លុយ​តែ​ម្ដង ។ សម្រាប់​ពេល​នេះ​វិញ បាត់​ភ្ញៀវ​ទេសចរ​បរទេស​លែង​សូវ​មក​លេង​និង​ទស្សនា​ខេត្តសៀមរាប ទឹកដី​នៃ​ប្រាង្គ​ប្រាសាទតូច​ធំ រួម​ទាំង​អង្គរវត្ត​ផង​នោះ ធ្វើ​អោយ​ចំណូល​របស់​ពួក​គាត់​ក៏​ត្រូវ​បាត់បង់​ដែរ ដូច្នេះ​ហើយ​ទើប​ម្នាក់​ៗ​មានការ​ព្រួយបារម្ភ​ខ្លាំង ដោយសារ​តែ​ក្នុង​មួយ​ខែ​ៗ​ពួក​គាត់​ត្រូវការ​បង់ថ្លៃ​តូប និង​ភាស៊ី​ទៅ​ផ្សារ​ផង ។

អាជីវករ​រូប​នេះ​បន្ត​ថា កាល​មុន​ភ្ញៀវ​ទេសចរ​បរទេស​ចុះ​មក​លេង​ផ្សារ​ម្ដង​ៗ​មួយ​ឡានក្រុង អ្នក​អាជីវករ​ម្នាក់​ៗ​អាច​លក់​ផ្លែ​ឈើ ដូច​ជា​ផ្លែស្វាយ​ជាដើម​នោះ មិន​ក្រោម​៤០​គីឡូក្រាម​ទេ ហើយ​នៅ​មាន​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត ដែល​ម្នាក់​ៗ​ត្រូវ​លក់ តែ​ពេល​នេះ​ក្នុង​មួយ​ថ្ងៃ សឹងតែ​មិន​បាន​២០​គីឡូក្រាម​ផង ពោល​គឺ​ការ​គឺ​ការ​លក់​ធ្លាក់​ចុះ​ខ្លាំង​តែ​ម្ដង ។

យាយ នី បាន​បន្ត​ថា «​មិនមែន​តែ​ភ្ញៀវ​បរទេស​ទេស​ដែល​ធ្លាក់​ចុះ​នៅ​ខេត្តសៀមរាប​នោះ សូ​ម្បី​តែ​ភ្ញៀវ​ក្នុងស្រុក​ក៏​មានការ​ធ្លាក់​ចុះ​ខ្លាំង​ដែរ ដូច្នេះ​ហើយ​ទើប​ការ​លក់ដូរ​មិនសូវ​កាក់កប​ដូច​កាល​មុន​។ បើ​ភ្ញៀវ​បរទេស​បន្ត​ធ្លាក់​ចុះ​ទៀត ខ្ញុំ​ពិតជា​បារ​ម្ម​ណ៍​ពី​ការ​បាត់បង់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ណាស់ » ។

ដោយឡែក​អាជីវករ​លក់​សម្លៀក​បំពាក់​ក្នុង​ផ្សារ​ចាស់ ខេត្តសៀមរាប ក៏​បានអោយ​ដឹងផង​ដែរ​ថា ជា​ការ​ពិត​នៅ​រដូវវស្សា​ឆ្នាំ​នេះ ស្ងាត់​ភ្ញៀវ​ប្លែក​តែ​ម្ដង មិន​ដូច​ឆ្នាំ​មុន​ៗ​ឡើយ បើ​ទោះបីជា​ធ្លាក់​ភ្ញៀវ​បរទេស ក៏​មាន​ភ្ញៀវ​ក្នុងស្រុក អាច​លក់ដាច់​បាន​ខ្លះ​ៗ​ដែរ តែ​ឆ្នាំ​នេះ​ស្ងាត់​ប្លែក ។ ​អាជីវករ​រូប​នេះ​បាន​និយាយ​ថា «​ក្រៅពី​ភ្ញៀវ​ចិន មិនសូវ​មាន​ភ្ញៀវ​បរទេស​ណា​ផ្សេង​មក​លេង​ក្នុង​សៀមរាប​ទេ ។ តែ​មួយ​រយៈ​នេះ​ភ្ញៀវ​ចិន​ហាក់​មានការ​ធ្លាក់​ចុះ​ជាង​មុន ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​ភ្ញៀវ​ក្នុង​ខេត្តសៀមរាប​បាន​ធ្លាក់​បែប​នេះ និង​ធ្វើ​អោយ​មានការ​ព្រួយបារម្ភ ពី​ការ​បាត់ប្រាក់​ចំណូល » ។

ចំណែក​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​មក​ពី​ខេត្តព្រៃវែង បាន​និយាយ​ថា ពិបាក​រក​ភ្ញៀវ​ណាស់ ពេល​នេះ ហើយ​អ្នក​រត់​រ៉ឺ​ម៉ក​ក៏​ច្រើន ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​ចំណូល​ធ្លាក់​ចុះ​ច្រើន​ជាង​មុន ។ កាលពីមុន​យ៉ាង​ហោច​ណាស់​ក៏​បាន ១០​ម៉ឺន​រៀល​ដែរ ក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ វិញ​បាន​ត្រឹមតែ ៤​ម៉ឺន​រឺ​៥​ម៉ឺន​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត ការ​បាត់ប្រាក់​ចំណូល​នេះ​ដែរ បែរជា​ទំនិញ​បាន​ឡើងថ្លៃ​វិញ ។

​បើ​តាម​លោកស្រី ក្លេ​ខៃ ចិន្ដា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដំណាក់កាល​នេះ ដល់​ពេល​ដែល​រដ្ឋាភិបាល​គួរតែ​គិតគូរ​រិះរក ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឡើង​វិញ បើ​មិន​ដូច្នេះ​ទេ​អាជីវកម្ម​ធំ​-​តូច​រាប់​ចាប់ពី​សេវាកម្ម​សណ្ឋាគារ​ប្រណីត ផ្ទះសំណាក់​ខ្នាត​តូច ក៏​ដូច​ជា​បងប្អូន​ប្រកប​អាជីវកម្ម​ខាង​សេវាកម្ម​ម្ហូបអាហារ​និង​ផ្លែ​ឈើ ក៏​ដូច​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ ពិតជា​រង​គ្រោះ​ពី​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​គឺ​ទេសចរ​ចិន មក​កាន់​ទឹកដី​ខេត្តសៀមរាប ។

លោកស្រី បាន​បន្ត​ថា « អ្វី​ដែល​ត្រូវធ្វើ​មុនគេ​នោះ គឺ​ត្រូវ​អប់រំ​ណែនាំ​ពលរដ្ឋ​ក្នុងស្រុក​អោយ​ចេះ​ទាក់ទាញ​សិន ជាក់ស្ដែង សូម​រក្សា​សណ្ដាប់ធ្នាប់ ការ​ទុកដាក់​សម្រាម អោយ​បាន​ត្រឹមត្រូវ កុំអោយ​បរទេស​មក​ហើយ​ឃើញ​តែ​សម្រាម ដែល​ធ្វើ​អោយ​មានការ​អាក់អន់ចិត្ត ឬ លែង​ចង់​មក​ទៀត​នៅ​ពេល​ក្រោយ » ។ លោកស្រី​បន្ត​ថា សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​យើង​ក៏​ជា​កត្តា​សំខាន់​ដែរ ។ សូម​ពង្រឹង​សន្តិសុខ​បន្ថែម​ទៀត ទៅ​លើ​ពួក​ចោរឆក់​ចោរលួច អោយ​បាន​កាន់តែ​ច្រើន ជាក់ស្ដែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន លោកស្រី បានឃើញ​ច្បាស់ មាន​ជនបរទេស​ម្នាក់​ចេញពី​អាហារ​ដ្ឋា​ន​ហើយ​ទូរ​សព្ទ​ហៅ​គ្នា​គាត់ ស្រាប់តែ​ចោរ​មក​ឆក់​ទូរ​សព្ទ​ពី​គាត់​ទៅ​បាត់ ធ្វើ​អោយ​ជនបរទេស​នោះ​អង្គុយ​យំ ។ គេ​មិន​ស្ដាយ​ទូរ​សព្ទ​របស់​គេ​ទេ តែ​អ្វី​ដែល​ស្ដាយ​គឺ​ឯកសារ និង​រូបភាព ដែល​បាន​ថត​នៅ​កម្ពុជា ទុក​អួត​មិត្តភក្ដិ​បងប្អូន​គេ តែ​នៅ​ពេល​ដែល​មាន​ហេតុការណ៍​នេះ​កើតឡើង គឺ​នឹង​ផ្សព្វផ្សាយ​អាក្រក់​ពី​កម្ពុជា និង​ប្រាប់​បងប្អូន​មិត្តភក្ដិ​គេ កុំមក​កម្ពុជា ខ្លាច​មាន​ហេតុការណ៍​ដូច​គាត់​អ​ញ្ចឹ​ង ។

យោង​តាម​របាយការណ៍ របស់​គ្រឹះស្ថាន​អង្គរ ដែល​ជា​ស្ថាប័ន​លក់​សំបុត្រ​ជូន​ភ្ញៀវ​បរទេស​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​២០១៩​មក​ពោល​គឺ​ចាប់តាំងពី​ខែមករា​ឆ្នាំ ២០១៩​ដល់​ខែសីហា ឆ្នាំ ២០១៩​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ទស្សនា​តំបន់​អង្គរ​បាន​ធ្លាក់​ចុះ​រាល់​ខែ​ធៀប​នឹង​ឆ្នា ២០១៨ ហើយ​ក្នុង​នោះ​ដែរ ក្រសួងទេសចរណ៍​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នេះ​ដែរ ។

​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ទេសចរ​ជនជាតិ​ចិន មិនមែន​កើត​មាន​តែ​នៅ​ទឹកដី​កម្ពុជា​នោះ​ទេ ជាក់ស្តែង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍ ដូច​ជា​ឥណ្ឌូ​នេ​ស៊ី ថៃ វៀតណាម និង​ហ្វី​លី​ពី​ន​ជាដើម គឺ​ភ្ញៀវ​ទេស​ចិន​ដែល​តែងតែ​ឈរ​លំដាប់​លេខ​១ នាំមុខ​ទេសចរ​ជនជាតិ​ដទៃ​ទៀត​បាន​កាត់​បន្ថយ​ការ​ដើរ​លំហែរ​កាយ​ហើយ​ស​ង្ងំ​នៅ​ក្នុងស្រុក​ចិន​របស់​ខ្លួន ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន​និង​អា​មេ​រិ​ក កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ចុះ​ខ្សោយ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ