រាជធានីភ្នំពេញ ៖ តាមរយៈអង្គការចៃកា(JICA)ជប៉ុន រដ្ឋបាលរាជធានីភ្នំពេញ បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលមិនធ្លាប់មានពីមុនមក គឺការប្រើប្រាស់គ្រឿងចក្រមុជក្នុងដីក្នុងជម្រៅ៨ម៉ែត្រ ដាក់ ប្រពន្ធ័លូប្រភេទថ្មីទំនើបនិងស្វ័យប្រវត្តិដោយមិនបាច់ប្រើមនុស្ស និងមិនរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយ ។
គ្រឿងចក្រទំនើបនេះ បានចាប់ផ្ដើមបើកការដ្ឋានដាក់ឲ្យដំណើរការនាព្រឹកថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៩ នៅមុខវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ក្នុងខណ្ឌដូនពេញ ក្រោមវត្តមានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គការចៃកា។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា គម្រោងខួងដីជែកឃីងដាក់លូស្វ័យប្រវត្តិដោយមិនបាច់ប្រើប្រាស់មនុស្សចុះទៅក្នុងការដ្ឋាននេះ ទើបតែមានជាលើកទី១នៅរាជធានីភ្នំពេញ ។ ចំពោះការខួងដីដាក់លូដោយស្វ័យប្រវត្តិនេះ យើងគ្រោងខួងក្រោមដីចម្ងាយ១.៥៦០ម៉ែត្រ ក្នុងជម្រៅ៨ម៉ែត្រ ដោយខួងចាប់ពីមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារហូតដល់ផ្លូវលេខ៧០(ទំនប់ទួលគោក) កាត់ក្រោមរង្វង់មូលកួចកាណុង ។
គម្រោងនេះក្នុងដំណាក់កាលទី១ មានប្រវែង៥០០ម៉ែត្រ ដោយប្រើប្រាស់រយៈពេល៥ខែ ។ លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយនេះវាមិនរំខានទៅដល់ការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រោះវាខួងនៅក្រោមដីជម្រៅរហូតដល់៨ម៉ែត្រ ហើយនេះក៏ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ នៅក្នុងរាជធានីភ្នំពេញជំហានទី៤ផងដែរ ។
លោកបញ្ជាក់ថា ម្ចាស់គម្រោងនេះគឺរដ្ឋ បាលរាជធានីភ្នំពេញ អ្នកអនុវត្តគម្រោង មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនស៊ីធីអាយវិស្វកម្មអន្តរជាតិ និងក្រុមហ៊ុនម៉ៅការសាងសង់ គឺក្រុមហ៊ុនសំណង់ ភូអាខបភើរេសិន ។
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និង កែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ មានទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋានដូចខាងក្រោម ៖
១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង៨,២គីឡូម៉ែត្រ
២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង៤,៤គីឡូម៉ែត្រ
៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)
៤-ដំឡើងរបារមេកានិកស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខ ព្រះគម្លង់១ ព្រះគម្លង់២ និងផ្សារចាស់ និង៥-ផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង៕
ចែករំលែកព័តមាននេះ