ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​តវ៉ា​ក្រសួង​អប់រំ​ថា គ្មាន​គោលការណ៍​បើកចំហរ​ជូន​បេក្ខជន​តវ៉ា​ដូច​ឆ្នាំ​២០១៨​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​បណ្ឌិត រស់ សុ​វាចា បាន​បញ្ជាក់​ថា ក្រសួង​មិន​មាន​គោលការណ៍​បើកចំហរ​ជូន​បេក្ខជន​ដូច​ឆ្នាំ​២០១៨​នោះ​ទេ ចំពោះ​ការ​តវ៉ា​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុ​តិ​ភូមិ​ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក​បណ្ឌិត រស់ សុ​វាចា បាន​បញ្ជាក់​ថា ក្រសួង​មិន​មាន​គោលការណ៍​បើកចំហរ​ជូន​បេក្ខជន​ដូច​ឆ្នាំ​២០១៨​នោះ​ទេ ចំពោះ​ការ​តវ៉ា​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុ​តិ​ភូមិ​ឆ្នាំ​២០១៩​នេះ ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង ក្រោយ​ពី​មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) ចំនួន​តិច​នៅ​រាជធានី​ភ្នំពេញ​បាន​ផ្ទុះ​ការ​តវ៉ា​ចំពោះ​ពិន្ទុ​របស់​ពួក​គេ​ថា មិន​ត្រឹមត្រូវ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ​។

លោក​បណ្ឌិត រស់ សុ​វាចា បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​«​ក្រសួង​មិន​មាន​គោលការណ៍​បើកចំហរ​ជូន​បេក្ខជន​ដូច​ឆ្នាំ​២០១៨​ទេ ។ ក្រសួង​យល់​ពី​មនោសញ្ចេតនា​របស់​បេក្ខជន និង​ក្រុម​គ្រួសារ​ក្រោយ​ពី​ទទួលលទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នីមួយ​ៗ» ។ អ្នកនាំពាក្យ​បាន​បន្ត​ថា ជា​ទូទៅ​ក្រសួង​អប់រំ ស្វាគមន៍​មតិ​រិះគន់​ស្ថាបនា និង​ឆ្លើយ​តប​តាម​ភាព​ចាំបាច់ និង​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ។ លោក​ថា សុក្រឹតភាព និង​ប្រសិទ្ធភាព​នៃ​គ្រប់​ដំណាក់កាល​ប្រឡង​ឆ្នាំ​នេះ​បាន​មក​ពី​កិច្ចសហការ​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ក្រុមការងារ​កំណែ​ក្រដាស​កិច្ចការ​បេក្ខជន ក្រុមការងារ​ស្រង់​បូក​ពិន្ទុ​ដោយ​កំ​ព្យូ​ទ័​រ និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ដូច​៥​ឆ្នាំ​កន្លង​មក​ក្រសួង​ក៏​បាន​ទទួល​កិច្ចសហការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួងមហាផ្ទៃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួង​- ស្ថាប័ន​នានា ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។

បេក្ខជន​ម្នាក់​ក្នុង​ចំណោម​ជា​ច្រើន​នាក់​មក​តវ៉ា​នេះ​បាន​ឲ្យ​ដឹង​ថា មុខ​វិជ្ជា​ខ្លះ​ធ្វើ​បាន​ល្អ​ស្ទើរតែ​ទាំង​អស់ហើយ​ថា និទ្ទេស​បាន​សុទ្ធតែ​E តែ​លទ្ធផល​បែរជា​បាន​និទ្ទេស​ធ្លាក់​ទៅ វិញ ។ បេ​ក្ខ​នារី​ម្នាក់​ឈ្មោះ ងិ​ន សុ​ភី​យ៉ា រៀន​នៅ​សាលា​ស៊ី​សុវត្ថិ ហើយ​ថា មិន​ចាំ​មណ្ឌល ប្រឡង​ខ្លួន​បាន​អះអាង​ការ​ដែល​នាំ​គ្នា​មកនេះ ដើម្បី​តវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​បាក់​ឌុ​ប កាលពី​ថ្ងៃ​ទី​១៩-២០ សីហា ដោយសារ​ប្រឡង​ធ្លាក់ ។ បេ​ក្ខ​នារី​បាន​បញ្ជាក់​ថា ៖«​ពួក​ខ្ញុំ​មិន​សុខចិត្ត​ដោយសារ​មុខ​វិជ្ជា​ដែល​ពួក​ខ្ញុំ​ធ្វើ​បាន​តែ​ធ្លាក់ (F) លក្ខណៈ​ពួក​ខ្ញុំ​ធ្វើ​បាន​ស្ទើ​គ្រប់​សំណួរ​តែ​ធ្លាក់ តែ​អ្នក​ដែល​ធ្វើ​មិន​បាន​បែរជា​បាន​និទ្ទេស​B ។ មុខ​វិជ្ជា​គណិត និង​ប្រវត្តិ​ពួក​ខ្ញុំ​ធ្វើ​បាន​ច្រើន​ជាងគេ​» ។ បេ​ក្ខ​នារី​ដដែល​បាន​បន្ត​ថា ការ​មកនេះ ដើម្បី​ឲ្យ​ក្រសួង​ពិនិត្យ​ពិន្ទុ​របស់​ខ្លួន​ឡើង​វិញ ព្រោះថា លទ្ធផល​ដែល​ទទួល​បាន​នោះ​មិន​សម​នឹង​អ្វី​ដែល​ខ្លួន​ទទួល​បាន​នោះ​ទេ ។ ចំណែក​បេ​ក្ខ​នារី​ម្នាក់​ទៀត​បាន​អះអាង​ខ្លួន​បាន​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ​ថា បាន​ធ្វើ​មុខ​វិជ្ជា​បាន​ល្អ​ស្ទើរ​ទាំងអស់​បែរជា​ទទួល​និ​ន្ទេ​ស​ធ្លាក់ (F) ។

គួរ​ឮ​កថា លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៩ ត្រូវ​បាន​ក្រសួង កាលពី​ថ្ងៃ​ទី​៩-១០​កញ្ញា​កន្លង​មកនេះ ដោយ​លទ្ធផល​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៧៩០៥២ នាក់ ត្រូវជា ៦៨.៦២% (​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ បេក្ខជន​ប្រឡង​ជាប់ ៦៧.០៧%) ។ បេក្ខជន​ទទួល​បាន​និទ្ទេស A មាន​ចំនួន​៤៤៣​នាក់ (​ឆ្នាំ​២០១៨ ចំនួន​៤០៨​នាក់​) និទ្ទេស B​មាន​ចំនួន​២៤៣០​នាក់ (​ឆ្នាំ​២០១៨ ចំនួន ២២២២​នាក់​) និទ្ទេស C មាន​ចំនួន​៥៨៤៧ នាក់ (​ឆ្នាំ​២០១៨ ចំនួន​៦០៤១​នាក់ ) និទ្ទេស D មាន​ចំនួន ១៤១០០​នាក់ (​ឆ្នាំ​២០១៨ ចំនួន ១៥១៨០​នាក់​) និង​និទ្ទេស E មាន​ចំនួន ៥៦២៣២ នាក់ (​ឆ្នាំ ២០១៨ ចំនួន ៥២១៨៣ នាក់​) ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ