ខេត្តព្រះវិហារ ៖ យោងតាមតួលេខរបស់គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានបង្ហាញថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុកចំនួន៨ នៃខេត្តព្រះវិហារ បានរងផលប៉ះពាល់ជន់លិចផ្ទះសម្បែងចំនួន១.១១៥ខ្នង និងដំណាំស្រូវ-ចម្ការជាង៥ពាន់ហិកតា ដោយជំនន់ទឹកស្ទឹងសែន បានហក់ឡើងដល់កម្ពស់១៤,២៤ម៉ែត្រ លើកម្ពស់ទឹកប្រកាសអាសន្ន១១,៥០ម៉ែត្រ ។
លោក យ៉ុង គឹមហឿង ប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារបានឲ្យដឹងថា ដោយសារតែកម្ពស់ទឹកស្ទឹងសែន ក្រុងព្រះវិហារនៅតែបន្តហក់ឡើងលើសពីកម្រិតប្រកាសអាសន្ន១១,៥០ម៉ែត្រ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងដងស្ទឹងសែន និងទូទាំង៨ក្រុង-ស្រុកក្នុងខេត្តព្រះវិហារបានរងនូវផលប៉ះពាល់ លិចលង់ដំណាំស្រូវ ចម្ការប្រមាណ៥,៤៣៩ហិកតា លិចស្ពានឈើ១កន្លែង ស្ពានបេតុង១កន្លែង លូប្រអប់១កន្លែង លូភ្លោះ១កន្លែង លូទោល១កន្លែង ផ្លូវក្រាលកៅស៊ូ DBST លិចទឹកប្រវែង៨៤៥ម៉ែត្រ ផ្លូវក្រាលក្រួសក្រហម ជិត១៧គីឡូម៉ែត្រ និងផ្លូវបេតុងឡើងភ្នំអានសេះ ព្រំដែនកម្ពុជា-ថៃបាក់ស្រុត១២០ម៉ែត្រ ដោយឡែក ផ្ទះសម្បែងប្រជាពលរដ្ឋលិចទឹក និងទឹកហូរចូលក្រោមផ្ទះ នៅទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ចំនួន១,១១៥ខ្នង ក្នុងនោះ ចំនួន៥៥គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសមកកាន់ទីទួលសុវត្ថិភាពរួចរាល់ហើយ ។
លោកបញ្ជាក់ថា មកដល់ពេលនេះក្បាលស្ទឹងសែនខេត្តព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត បានស្រកបន្តិចម្តងៗហើយ ធ្វើឲ្យកម្ពស់ទឹកស្ទឹងសែនក្រុងព្រះវិហារ ស្រកចុះឡើង ០,២មីល្លីម៉ែត្រ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ