រាជធានីភ្នំពេញ៖ អ្នកនាងស៊ឹម សូលីកា និងលោកអេង រិទ្ធី បានចូលរោងការហើយ បន្ទាប់ពីអ្នកទាំងពីរសាងស្នេហ៍ និងរួមរស់ក្រោមដំបូលផ្ទះតែមួយអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ និងធ្វើជាពិធីកររួមគ្នានៅស្ថានីយទូរទស្សន៍បាយ័ន ។ ពិធីមង្គលការរបស់អ្នកទាំងពីរបានធ្វើឡើងយ៉ាងអធិកអធមនា«ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩»នៅគេហដ្ឋានរបស់អ្នកទាំងពីរក្នុងបុរីប៉េងហួត បឹងស្នោ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមគ្រួសារ ជាពិសេសបណ្តាអ្នកសិល្បៈជាច្រើននាក់ ។
ស៊ឹម សូលីកា និងលោកអេង រិទ្ធី បានបង្ហាញទឹកមុខញញឹមស្រស់ស្រាយ គឺហាក់ស្រស់ជាងពេលណាទាំងអស់ ទទួលស្វាគមន៍ភ្ញៀវកិត្តិយសដែលបានចូលរួមមង្គលការរបស់ខ្លួន ក្នុងពេលដែលមង្គលការរបស់ពួកគេបានកើតឡើងតាមការគ្រោងទុក ។
ក្រុមភ្លេងប្រពៃណីរបស់លោកចាន់ សុធី បានចូលរួមសម្រាប់ពិធីមង្គលរបស់គូស្នេហ៍អ្នកសិល្បៈនេះ ។ មង្គលការរបស់អ្នកស៊ឹម សូលីកា នាពេលនេះបានកើតឡើង បន្ទាប់ពីអតីតគូស្នេហ៍ គឺលោកទិត្យ ថាវរិទ្ធ បានសម្រេចរួមរស់ជាប្ដីប្រពន្ធជាមួយតារាសម្តែងនាងនៅ សូនីតា និងមានកូនម្នាក់ជាចំណងដៃកាលពីពេល ថ្មីៗកន្លងមក ។
ចំណងស្នេហ៍ពិធីករ និងពិធីការិនីចាស់វស្សា គឺអ្នកនាងស៊ឹម សូលីកា និងលោកអេង រិទ្ធី ហៅម៉ែន អេង បានទទួលការចាប់អារម្មណ៍ពេញសង្គមសិល្បៈ និងមហាជនទូទៅ បើទោះបីជាអ្នកទាំងពីរមានឈ្មោះជាបុរសពោះម៉ាយ និងស្ត្រីមេម៉ាយក៏ដោយ ។ មហាជនបានសម្តែងការអបអរចំពោះចំណងស្នេហ៍ដ៏រឹងមាំចាក់ឫសគល់ឈានដល់មង្គលការរបស់អ្នកទាំងពីរ នាពេលនេះ ។
មង្គលការរបស់អ្នកទាំងពីរនាពេលនេះក៏បានបញ្ចប់នូវចម្ងល់ និងការមន្ទិលសង្ស័យបីបណ្តាទស្សនិកជនមួយចំនួន ជុំវិញអ្នកទាំងពីរដែលបានបង្កាត់ភ្លើងស្នេហ៍ដ៏ផ្អែមល្ហែមធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ ដោយសារតែអ្នកទាំងពីរធ្វើការរួមគ្នាជាដៃគូច្រើនឆ្នាំ បែរជាក្លាយពីមិត្តភាពទៅជាស្នេហា ។ ទោះជាយ៉ាងណាក្តីលោក អេង រិទ្ធី បានក្លាយជាបុរសមាននិស្ស័យចូលមកកាន់ជីវិតស៊ឹម សូលីកា ធ្វើឲ្យចេញនូវសញ្ញា ល្អៗពេញចិត្តពេញថ្លើម ទាំងអ្នកនាងផ្ទាល់ក៏ដូចជាកូនស្រីពេញវ័យក៏មានការបើកចិត្តទទួលយកលោកអេង រិទ្ធី មកគ្រប់គ្រងម្តាយរបស់ខ្លួនដែរ ។
ក្រោយបែកបាក់គ្រួសារទាំងសងខាង អតីតតារាសម្តែងដែលវិវឌ្ឍខ្លួនជាពិធីករ គឺអ្នកនាងស៊ឹម សូលីកា និងលោកអេង រិទ្ធី បានចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ ហើយជា រឿយៗ ពួកគេតែងតែបានបង្ហាញស្នេហ៍ផ្អែមល្ហែមដោយបើកចំហតាមហ្វេសប៊ុក បន្ទាប់ពីដំណឹងស្នេហ៍ក្រោយឆាកត្រូវបានបែកធ្លាយ ។
ចំណងស្នេហ៍របស់ពួកគេបានចាប់ផ្តើមបើកចំហជាសាធារណៈ បន្ទាប់ពីអ្នកទាំងពីរបានទទួលការសាទរពីសាច់ញាតិទាំងសងខាង ខណៈពេលចំណងស្នេហ៍រហូតឈានដល់ពិធីមង្គលការរបស់ពួកគេទាំងពីរនាពេលនេះ ក៏ជាការលុបនូវដានស្នេហ៍ចាស់កន្លងទៅផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ