ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកអនុវត្តដីកានៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជូនយុវជនម្នាក់ទៅ ប្រគល់ជូនស្ថាប័នអយ្យការអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១០ កញ្ញា ក្រោយពីចាប់ខ្លួនពីបទ
«រំលោភសេពសន្ថវ:» កាលពីជាង១ឆ្នាំមុន នៅស្រុករតនមណ្ឌល ។
លោកកង សុផាន់ណា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងថា ពិរុទ្ធរូបនេះ ឈ្មោះមាស ភារម្យ ហៅខួច អាយុ២៤ឆ្នាំ រស់នៅភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ។ ជននេះ ត្រូវកម្លាំងជំនាញចាប់ខ្លួន កាលពីរសៀលថ្ងៃទី៩ កញ្ញា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៤៩ ត/ព្រ ចុះថ្ងៃទី ២៩ ឧសភា ២០១៩ ដោយរ៉ែម សុភក្ដិ ប្រធានក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងខេត្ត។
បើយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះ ឈ្មោះ មាស ភារម្យ ហៅខួច ត្រូវបានអយ្យការចោទ ប្រកាន់ពីបទ «រំលោភសេពសន្ថវៈ» ទៅលើនារីម្នាក់កាលពីថ្ងៃទី២៣ កុម្ភៈ ២០១៨ កម្លងទៅ នៅចំណុចភូមិស្តៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ។ ប៉ុន្តែក្រោយកើតហេតុ ជននេះ បានរត់គេចខ្លួនពេលដឹងថា អា ណាព្យាបាលនារីរងគ្រោះប្ដឹងទៅសមត្ថកិច្ច ។
ប៉ុន្តែ នៅពេលត្រូវសមត្ថកិច្ចចាប់ខ្លួនបានតាមដីកា ជននេះបានអះអាងថា ខ្លួននឹងនារីរងគ្រោះនោះបានត្រូវរ៉ូវគ្នា មុនពេលដឹកដៃគ្នាឡើងឋានសួគ៌នេះ ។ ខ្លួនមិនបានចាប់បង្ខំនាងទេ។ ផ្ទុយពីការឆ្លើយដោះបន្ទុករបស់ជនត្រូវចោទឈ្មោះភារម្យ ហៅខួច នេះ បើតាមសមត្ថកិច្ចបានប្រាប់ថា ជននេះបានល្បូងនារីរងគ្រោះ រួចចាប់បង្ខំរួមភេទ ហើយម្ដាយនាងបានដឹងរឿងនេះភ្លាមៗ ទើបប្ដឹងទៅសមត្ថកិច្ចតែម្ដង។
បើតាមសមត្ថកិច្ចដដែលបានបញ្ជាក់ថា បើតាមការស្រាវជ្រាវ ជនត្រូវចោទរូបនេះធ្លាប់មានរឿងអាស្រូវផ្លូវភេទនេះចំនួន៣លើក ។ ហើយការចាប់ខ្លួនតាមដីកានេះ គឺជាករណីទី២។ ចំពោះករណីទី១ និងករណីទី៣ មិនមានបណ្ដឹងពីជនរងគ្រោះទេ។
ទោះជាយ៉ាងណា បើតាមលោកកង សុផាន់ណា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជាក់ថា ពេលនេះ មន្ត្រីផ្នែកអនុវត្តដីកា បានបញ្ជូនខ្លួនជនត្រូវចោទឈ្មោះមាស ភារម្យ ហៅខួច នេះទៅកាន់តុលាការតាមនីតិវិធីហើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ