កោធៈគឺសេចក្តីក្រោធប្រៀបដូចជាដុំភ្លើង ទោសៈកាន់តែខ្លាំង ភ្លើងកំហឹងដុតរោលក៏កាន់តែធំធេង អ្នកដែលវេទនាក្តៅជាងគេគឺខ្លួនយើង ។ ខឹងក្រោធនេះបើកើតមានក្នុងអ្នកណាហើយងាយនឹងបង្កអន្តរាយខ្លាំងណាស់ ដូច្នេះត្រូវរៀនរម្ងាប់សេចក្តីក្រោធនេះឱ្យអស់ ឬឱ្យស្រាលចុះក៏ជាការល្អ គឺកុំឱ្យត្រាំងនៅក្នុងចិត្តតទៅទៀត ព្រោះវាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជីវិត ។
តទៅនេះជាទោសនៃសេចក្តីក្រោធគឺ ធ្វើឱ្យចិត្តមិនបានសម្រាក, សេចក្តីក្រោធជាលក្ខណៈរបស់មនុស្សពាល, សេចក្តីក្រោធមិនល្អសោះឡើយ, សេចក្តីក្រោធទុកដូចជាច្រែះស៊ីដែក, សេចក្តីក្រោធនាំទៅរកសេចក្តីវិនាស, គ្មានការចាប់ចងឯណាស្មើនឹងទោសៈទេ, គ្មានកំហុសណាស្មើនឹងទោសៈឡើយ ។
ជនដែលក្រោធសូម្បីតែឪពុកម្តាយខ្លួនឯងក៏ហ៊ានសម្លាប់, ជនដែលក្រោធរមែងមិនដឹងនូវផលទាំងឡាយ, អ្នកក្រោធរមែងមិនឃើញនូវហេតុទាំងឡាយ, មនុស្សក្រោធតែងដេកកើតទុក្ខជានិច្ច, អ្នកដែលមានសេចក្តីក្រោធចូលលុកលុយហើយតែងបំផ្លាញនូវផលប្រយោជន៍ដែលខ្លួនមានទាំងអស់ ។
នេះជាចំណុចខ្លះៗក្នុងចំណោមទោសនៃសេចក្តីក្រោធជាច្រើនទៀតដែលព្រះបរមគ្រូទ្រង់បង្ហាញដើម្បីរំលត់ឱ្យអស់ពីខន្ធសន្តាន ព្រោះកោធៈនេះពោរពេញទៅដោយសេចក្តីអន្តរាយដល់ជីវិតទាន់ហន់ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ