គ្រហស្ថនិងបព្វជិតមានកិច្ចប្រតិបត្តិខុសគ្នា ឯជីវភាពរស់នៅក៏មានលក្ខណៈផ្សេងគ្នា គឺគ្រហស្ថជាប់ជំពាក់ទៅដោយបញ្ចកាមគុណទាំង៥មានការគ្រប់គ្រងផ្ទះសម្បែង ទ្រព្យ សម្បត្តិ ក្តាប់អំណាចជាដើម ចំណែកជីវិតអ្នកបួសមិនជាប់ជំពាក់ដោយកិច្ចទាំងអស់នេះទេ គឺរលាស់ខ្លួនស្អាត តាំងចិត្តតែមួយគត់គឺបួសដើម្បីចេញចាកភព ចេញចាកកាមពោលគឺ សច្ឆិ ករណត្ថាយ ធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ។
បព្វជិតទោះជារស់នៅក្នុងទីណាក្តីគួរពិចារណាឱ្យឃើញច្បាស់យ៉ាងនេះថាអាត្មាអញកាលដែលចេញចាកផ្ទះមកបួសជាព្រះសង្ឃសាវកនេះ មិនមែនបួសព្រោះហេតុតែចង់បានលាភសក្ការៈដែលគេឱ្យដោយសទ្ធាទេ មិនមែនបួសដើម្បីត្រៃចីវរ មិនមែនបួសព្រោះហេតុតែចង់បានបិណ្ឌបាតគឺអាហារភោជនផ្សេងៗទេ មិនមែនបួសព្រោះហេតុតែចង់បានទីសេនាសនៈមានកុដិ សាលា ព្រះវិហាជាដើមទេ មិនមែនបួសព្រោះហេតុតែយកមុខយកមាត់ប្រឡូកក្នុងកិច្ចការគ្រហស្ថមាន ការធ្វើនយោបាយ ការតវ៉ាតាមចិញ្ចើមថ្នល់ជាដើមដែលមិនមែនជាកិច្ចរបស់អ្នកបួសទេ មិនមែនបួសព្រោះហេតុតែចង់បានឋានៈគឺយសស័ក្តិជានេះជានោះទេ ។
អាត្មាអញដែលចេញចាកផ្ទះមកបួសក្នុងព្រះពុទ្ធសាសនានេះពីព្រោះតែឃើញសេចក្តីទុក្ខច្រើនប្រការណាស់នៅក្នុងសង្គមនេះ ឃើញតែការបៀតបៀន ច្រណែន ឈ្នានីសគ្នាដើម្បីអំណាច ដើម្បីទ្រព្យ ដូច្នេះមានតែបព្វជិតទេ ជាភេទបរិសុទ្ធ រកសេចក្តីស្ងប់ ស្ងប់កាយ ស្ងប់ចិត្តបាន ។
បព្វជិតលុះពិចារណាឃើញដូច្នេះហើយ ក៏តាំងចិត្តថា អាត្មាអញនឹងប្រារព្ធសេចក្តីព្យាយាមឱ្យម៉ឺងម៉ាត់ មិនបន្ធូរបន្ថយក្នុងការសិក្សា និងសេចក្តីប្រតិបត្តិធម៌វិន័យរបស់ខ្លួន កាន់ត្រៃសិក្ខា សីល សមាធិ បញ្ញាឱ្យបានខ្ជាប់ខ្ជួនឆ្ពោះទៅរកសេចក្តីថ្លៃថ្នូរ ចំណេះដឹង និងប្រុងស្មារតីយ៉ាងរឹងប៉ឹងមិនឱ្យរសាប់រសល់ងាករេដោយប្រការផ្សេងៗ និងធ្វើចិត្តឱ្យតាំងនៅមាំក្នុងកុសលធម៌ឱ្យជាចិត្តមានអារម្មណ៍តែមួយគឺឆ្ពោះទៅរកសេចក្តីសុខក្នុងលោកទាំងពីរ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ