ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ណ​ក្នុង​វិស័យ​កាត់ដេរ​នឹង​ជួប​ឧបសគ្គ​អ្វីខ្លះ ខណៈ​វាសនា EBA មិន​ច្បាស់លាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ នូវ​មិន​ទាន់​អាច​ផ្គូផ្គង​គ្នា​បាន​នៅឡើយ​នោះ​ទេ​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១​នៃ​ខែកញ្ញា​នេះ ពោល​ខាង​សហជីព​តំណាង​ឱ្យ​កម្មករ​រោងចក្រ​បាន​បង្ហាញ​តួលេខ​ចង់បាន​១៩៩​ដុល្លារ​អា​មេ​រិ​ក ខណៈ​តំណាង​សមាគម​រោងចក្រ​កាត់ដេរ ហៅ​កាត់​ថា (GMAC) ហ៊ាន​ផ្តល់​ជូន​តែ​១៨៤​ដុល្លារ​អា​មេ​រិ​ក​។…

រាជធានី​ភ្នំពេញ​៖ ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ នូវ​មិន​ទាន់​អាច​ផ្គូផ្គង​គ្នា​បាន​នៅឡើយ​នោះ​ទេ​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១​នៃ​ខែកញ្ញា​នេះ ពោល​ខាង​សហជីព​តំណាង​ឱ្យ​កម្មករ​រោងចក្រ​បាន​បង្ហាញ​តួលេខ​ចង់បាន​១៩៩​ដុល្លារ​អា​មេ​រិ​ក ខណៈ​តំណាង​សមាគម​រោងចក្រ​កាត់ដេរ ហៅ​កាត់​ថា (GMAC) ហ៊ាន​ផ្តល់​ជូន​តែ​១៨៤​ដុល្លារ​អា​មេ​រិ​ក​។

ទន្ទឹម​នឹង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង​សម្រាប់​ឆ្នាំ ២០២០ នៅ​មិន​ទាន់​សម្រេច កម្មករ​-​កម្មការិនី​បង្ហាញ​ការ​សប្បាយចិត្ត​ផង និង​ការ​ព្រួយ​បារ​ម្ម​ណ៍​ផង ព្រោះ​បទ​ពិសោធន៍​នា​ឆ្នាំ​កន្លង​មក គឺ​ពេល​ឡើង​ប្រាក់​ឈ្នួល​អប្បបរមា តម្លៃ​ឈ្នួល​បន្ទប់​ក៏​តែងតែ​ហក់​ឡើង​ត្រសង​គ្នា​ផង​ដែរ ។ ​«​វិស័យ​កាត់ដេរ​ពិតជា​សំខាន់​សម្រាប់​ជីវភាព​គ្រួសារ​របស់ខ្ញុំ​យ៉ាង​ពិតប្រាកដ ទន្ទឹម​ង​នឹង​ការ​យកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ (​ហ៊ុន សែន​) និង​ស្ថាប័ន​ផ្សេង​ៗ​ទៀត ខ្ញុំ​ក៏​នៅ​តែ​បារ​ម្ម​ណ៍​ខ្លាច​ឡើង​បាន​លុយ​បន្ថែម ៥ ឬ ១០ ដុល្លារ​នៃ​ប្រាក់​ឈ្នួល (​អប្បបរមា​) នោះ​ថ្លៃ​បន្ទប់​ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​គាត់​តម្លើង​ថ្លៃ​ផង​ដែរ ដូច្នេះ​សុំ​សម្តេច​មេត្តា​ជួយ​ទប់​កុំ​ឲ្យ​ថ្លៃ​ផ្ទះ​ហក់​ឡើង​តាម​ប្រាក់ខែ​» ។ នេះ​ការ​លើក​ឡើង​របស់​នាង សុ​ផា ដែល​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ស្បែកជើង​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​វែង​ស្រែង​។

នៅ​ពេល​សាកសួរ​ពាក់ព័ន្ធ​នឹង​កង្វល់​របស់ GMAC ពាក់ព័ន្ធ​នឹង​ភាព​មិន​ច្បាស់
លាស់​នៃ​ការ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBA) ដែល​សហភាព​អឺរ៉ុប​បាន​ព្រមាន​ដក​ចេញពី​កម្ពុជា​នោះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា
បាន​ជំរុញ​សហភាព​អឺរ៉ុប​មេត្តា​រក្សា​កម្មវិធី​អនុគ្រោះ​ពន្ធ EBA ព្រោះ​ជីវភាព​កម្មករ​៧៥០.០០០​នាក់​និង​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៣​លាន​នាក់​កំពុង​ស្ថិត​ក្នុង​ហានិភ័យ បើសិន​បាត់បង់ EBA នោះ នាង សុ​ផា បាន​លើក​ឡើង​ថា «​ខ្ញុំ​មិនដឹង​លម្អិត​អំពី EBA នេះ​ទេ តែ​ខ្ញុំ​ធ្លាប់​បាន​ស្តាប់​ប្រសាសន៍​សម្តេច​តេ​ជោ លោក​ប្រាប់​ថា​មិន​ឲ្យ​កម្មករ​រោងចក្រ​រង​គ្រោះ​ដោយសារ​តែ EBA នោះ​ទេ​» ។

ងាក​ទៅ​បញ្ហា​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ណ​ក្នុង​វិស័យ​កាត់ដេរ លោក សោម អូន តំណាង​សហជីព​ចរចារ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​រោងចក្រ​បានឱ្យ​ដឹង​ថា ក្រុម​សហជីព​តំណាង​ឱ្យ​កម្មករ​រោច​ក្រ​ជិត​១​លាន​នាក់​យើង​បាន​ជ្រើសរើស​យក​តួលេខ​រួម​មួយ​គឺ​១៩៩​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ដែល​ជា​ប្រាក់ខែ​អប្បបរមា​ដែល​ទាប​បំផុត​នៅ​ឆ្នាំ​២០២០​។

តាម​លោក សោម អូន តួលេខ​នេះ​យើង​រំពឹង​ថា​ទទួល​បាន​ប៉ុន្មាន? ខ្ញុំ​គិត​ថា តាម​ភាព​ជាក់ស្តែង​ខាង​សមាគម​រោងចក្រ​កាត់​ដែរ គាត់​ហ៊ាន​ឡើង​បាន​តែ​បន្តិច អីចឹង​យើង​ត្រូវការ​ចរចា​គ្នា​ច្រើន​ដង​ទៀត​។​យើង​រំពឹង​តួលេខ​នេះ​អាច​នឹង​មានការ​ប្រែប្រួល​ខ្លះ តែ​វា​អាស្រ័យ​លើ​សមាគម​រោងចក្រ​កាត់ដេរ ។​អីចឹង​យើង​រំពឹង​ថា ខាង​សមាគម​កាត់ដេរ​អាច​តម្លើង​ក្នុង​កម្រិត​មួយ​ដែល​អាច​ឱ្យ​ទទួលយក​បាន​»​។ ​លោក​បាន​បញ្ជាក់​ថា «​ជំហរ​របស់​យើង​មក​ដល់​ពេល​នេះ​ចង់បាន​១៩៩​ដុល្លារ​សម្រាប់​ប្រាក់ខែ​អប្បបរមា​នៅ​ឆ្នាំ​២០២០​។​ការ​ចរចា​ដំបូង​យើង​គ្រាន់តែ​បង្ហាញ​តួលេខ​រៀងខ្លួន អាច​នឹង​មាន​ឡើង មាន​ចុះ​។​ដូចនេះ​យើង​សង្ឃឹមថា​គាត់​អាច​នឹង​តម្លើង​ច្រើន ហើយ​យើង​អាច​ចុះ​ខ្លះ​»​។

​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​ប្រជុំ​គ្នា​លើក​ទី​៣​ជា​លក្ខណៈ​ត្រីភាគី ហើយ​កន្លង​ទៅ​ខាង​ផ្ទៃក្នុង ពួក​គាត់​ប្រជុំ​បន្ថែម​លើ​ត្រីភាគី​។ មក​ដល់​ពេល​នេះ​យើង​មាន​វឌ្ឍនៈភាព​ដោយ​ភាគី​នីមួយ​ៗ​បាន​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន​។​ខាង​ភាគី​និយោជក​គាត់​បង្ហាញ​តួលេខ​១៨៤​ដុល្លារ​អា​មេ​រិ​ក ជា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២០ ហើយ​ទន្ទឹម​គ្នា​នេះ​ខាង​ភាគី​តំណាង​ឱ្យ​កម្មករ​គាត់​បាន​ស្នើរ​នូវ​តួលេខ​១៩៩​ដុល្លារ​អា​មេ​រិ​ក​ជា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២០​។

លោក​បាន​បន្ត​ថា «​យើង​ឃើញ​ថា​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២០​នៅ​មាន​គម្លាត​ពី​គ្នា​ប្រហែល​១៥​ដុល្លារ​អា​មេ​រិ​ក​។​សម្រាប់​ខាង​រាជរដ្ឋាភិបាល​ដែល​ជា​អ្នកសម្របសម្រួល​សម្រាប់​ភាគី​ទាំង​ពីរ​នេះ​គិត​ថា រវាង​ភ​គី​ទាំង​ពីរ​នេះ​វា​គ្មាន​អ្វី​ជា​ចម្លែក​នោះ​ទេ ដោយ​ជា​ទូទៅ គ្រាន់តែ​ភាគី​ម្ខាង​ផ្តើម​ឡើង​ដោយ​តួលេខ​រាង​ខ្ពស់ ហើយ​ម្ខាង​ទៀត​ផ្តើម​ដោយ​តួ​លេខា​ង​ទាប ហើយ​នៅ​ពេល​យើង​ធ្វើការ​ប្រជុំ​បន្តបន្ទាប់​ទៀត​ហើយ​ពន្យល់​គ្នា​បន្ថែម​ទៀត រំពឹង​ថា​ភាគី​ទាំង​ពីរ​អាច​នឹង​មាន​កែប្រែ​គោល​ជំហរ​ជា​បន្តបន្ទាប់​»​។

តាម​លោក ហេង​សួរ បើ​ធ្វើការ​ពិនិត្យ​ទៅ​លើ​តួលេខ​ដែល​ភាគី​លើក​ឡើង​នេះ ខាង​តំណាង​នីមួយ​ៗ​លើក​ឡើង​សុទ្ធតែ​មាន​ហេតុផល​ដោយ​យោង​ទៅ​លើ​លក្ខណៈ​វិទ្យាសាស្ត្រ​និង​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៧​ដែល​បាន​ឯកភាព​គ្នា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បង្ហាញ​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​បន្ត​កិច្ចប្រជុំ​លើក​ទី​៣​របស់​ខ្លួន​ដើម្បី​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ ក្រោយ​ពី​កម្មករនិយោជិត​និង​ភាគី​និយោជក​បាន​ប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​របស់​ខ្លួន​ចំនួន​២​ដង​។ ភាគី​នីមួយ​បាន​បន្ត​ប្រជុំ​ពិភាក្សា​យ៉ាង​ផុសផុល និង​បាន​បង្ហាញ​នូវ​គោល​ជំហរ​បឋម​របស់​ខ្លួន​ជូន​អង្គរ​ប្រជុំ​ដោយ​ភាគីរ​កម្មករនិយោជិត ស្នើ​យក​តួលេខ​១៩៩​ដុល្លារ​អា​មេ​រិ​ក និង​ភាគី​និយោជក​ស្នើរ​យក​តួលេខ​១៨៤​ដុល្លារ​អា​មេ​រិ​ក ជា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិតផល​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ ។

សូម​បញ្ជាក់​ថា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៩ សម្រាប់​កម្មករ​-​កម្មការិនី​គឺ​មាន​ចំនួន ១៨២ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មូ​យ​ខែ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ