សហរដ្ឋអាមេរិក-អាហ្វហ្គានីស្ថាន ៖ ក្រុងវ៉ាស៊ិនតោនកាលពីថ្ងៃទី៨កញ្ញាប្រកាសពីការបើកទ្វារចំហសម្រាប់ការចរចាថ្មីៗជាមួយពួកតាលីបង់ ស្ដីពីជម្លោះនៅអាហ្វហ្គានីស្ថាន ដែលការចរចានោះ ត្រូវកាត់ផ្ដាច់គួរឲ្យភ្ញាក់ផ្អើលនាពេលមុននេះ ដោយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំប៉ុន្តែពួកបះបោរបានគំរាមសហរដ្ឋអាមេរិក ពីការឈឺចាប់មួយពុំធ្លាប់មានពីមុនមកចំពោះការកាត់ផ្ដាច់នេះ។
ប្រធានាធិបតីអាមេរិកបានបង្កើតការភ្ញាក់ផ្អើល តាមរយៈការប្រកាស២កាលពីយប់ថ្ងៃទី៧កញ្ញា។ ដំបូងលោកលាតត្រដាងពីការរៀបចំធ្វើការជួបគ្នាដោយសម្ងាត់បំផុតនៅCAMP DAVID កន្លែងមានការជួបចរចាសន្តិភាពជាប្រវត្តិសាស្ត្រនានា ជាមួយសមភាគីអាហ្វហ្គានីស្ថានលោកអាស្ត្រាវហ្គានី ហើយជាពិសេសជាមួយបណ្ដាប្រមុខពួកតាលីបង់។ ប៉ុន្តែបន្ទាប់ពីនោះបន្តិច លោកបានសរសេរតាមTWITTER ពីការលុបចោលការជួបគ្នាទាំងនេះ ព្រមទាំងការចរចាដែលកំពុងធ្វើចាប់តាំងពី១ឆ្នាំមកហើយជាមួយពួកតាលីបង់ ដែលមុននេះមានការលើកពីការរីកចម្រើន ដែលអាចនាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ក្រោយ១៨ឆ្នាំនៃជម្លោះនៅអាហ្ចហ្គានីស្ថាន។
លោកត្រាំលើកហេតុផលការលុបចោលការជួបគ្នាទាំងនេះ ពីការវាយប្រហារអត្តឃាតសម្លាប់មនុស្សច្រើននាក់មួយ កាលពីថ្ងៃទី៥កញ្ញានៅក្រុងកាប៊ុល ប្រកាសទទួលខុសត្រូវដោយពួកតាលីបង់ ដែលការវាយប្រហារនោះជាពិសេសបណ្ដាលឲ្យទាហានអាមេរិកម្នាក់ស្លាប់។
ចំពោះការកាត់ផ្ដាច់ការចរចា អ្នកនាំពាក្យម្នាក់របស់ពួកតាលីបង់បានព្រមានថា អាមេរិកនឹងទទួលការឈឺចាប់ខ្លាំងបំផុត ខណៈឥរិយាបថប្រឆាំងសន្តិភាព ត្រូវមើលឃើញកាន់តែច្បាស់ចំពោះភ្នែកពិភពលោក ហើយការបាត់បង់អាយុជីវិតមនុស្សនិងហិរញ្ញវត្ថុនឹងមានការកើនឡើង។ អ្នកនាំពាក្យរូបនោះបានសន្យាបន្តជីហាដ រហូតដល់បញ្ចប់ការកាន់កាប់។
ទោះបីមានសារប្រទូស្តរា៉យបែបនេះ តែពួកតាលីបង់និយាយថា ពួកគេជឿជាក់ដែលអាមេរិកនឹងវិលមកតុចរចាវិញ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ