ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លន បញ្ញា បាត់បង់​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ក្រោយ​ពី​ចាញ់​ពិន្ទុ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​រូបគេ​ត្រូវ​អស់ឱកាស​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់​ខ្សែក្រវាត់​អន្តរជាតិ​«​កម្ពុជា​គុន​ខ្មែរ​ឬ Champion of TheChampion»…

រាជធានី​ភ្នំពេញ ៖ លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​រូបគេ​ត្រូវ​អស់ឱកាស​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់​ខ្សែក្រវាត់​អន្តរជាតិ​«​កម្ពុជា​គុន​ខ្មែរ​ឬ Champion of TheChampion» បន្ទាប់​ពី​ប្រកួត
ចាញ់​ពិន្ទុ​កីឡាករ​ថៃ Link Loom នៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជុំ​ទី​២ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​សៅរ៍​ទី​៧ ខែកញ្ញា​កន្លង​មក ។

ការ​ប្រកួត​នេះ​គឺជា​ឱកាស​ចុង​ក្រោយ​ហើយដែល​តម្រូវ​យក​តែ​អ្នក​ឈ្នះ​លេខ​១​ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ជាមួយ​កីឡាករ ម៉ឺន មេ​ឃា ដែល​ឈ្នះ​លេខ​១​កាលពី​ជុំ​ទី​១ ហើយ​កំពុង​ឈរ​រង់ចាំ​អ្នក​លេខ​១​ជុំ​ទី​២ ដណ្ដើម​រង្វាន់ធំ​ដែល​មាន​ទឹកប្រាក់​៦​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​កីឡាករ លន បញ្ញា ធ្វើ​មិន​បាន​ល្អ​ទាល់តែ​សោះ បន្ទាប់​ពី​តស៊ូ​ប្រកួត​យ៉ាង​ស្វិតស្វា​ញ​អស់​រយៈពេល​៥​ទឹក​ពេញ ជា​លទ្ធផល​ចាញ់ពិន្ទុ​កីឡាករ​ថៃ Link Loom ។

ដូច្នេះ​កីឡាករ​ថៃ​ម្នាក់​នេះ គឺជា​អ្នក​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​ជាមួយ ម៉ឺន មេ​ឃា នៅ​វគ្គ​បន្ត ។ ជា​មួយនឹង​ជ័យជម្នះ​នេះ Link Loom ទទួល​បាន​រង្វាន់​ម៉ូតូ​ហ្សូ​៊​ម័​រ​អ៊ិច​១​គ្រឿង អម​ដោយ​ប្រាក់​រង្វាន់​៥០០​ដុល្លារ ឯ លន បញ្ញា ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​២.០០០​ដុល្លារ ។

រីឯ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​កីឡាករ​ថៃ Dav Viseth ដែល​បាន​យកឈ្នះ ពុទ្ធ សំបូរ​មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ​ដោយ​ពិន្ទុ អម​ជាមួយ​ប្រាក់​រង្វាន់​១.៥០០​ដុល្លារ និង​លេខ​៤​ទទួល​បាន​១.០០០​ដុល្លារ ។

ដោយឡែក គូប្រកួត​មិត្តភាព​វិញ ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ យកឈ្នះ​កីឡាករ​ថៃ Khun Deth ដោយ​ពិន្ទុ ឯ ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ឈ្នះ សេក ចៅ​ជូត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ដោយ​ពិន្ទុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ