ខេត្ត​ចំនួន​១១​រងទឹក​ជំនន់​ភ្លៀង​ធ្វើ​ឲ្យ​ផ្លូវ​៣៦​ខ្សែ​ខូច​សរុប​៦០​គីឡូម៉ែត្រ


រាជធានី​ភ្នំពេញ ៖ ខេត្ត​ចំនួន​១១​បាន​រងទឹក​ជំនន់​ភ្លៀង​ធ្លាក់ បណ្តាល​ឲ្យ​ផ្លូវ​៣៦​ខ្សែ​ខូច សរុប​៦០​គីឡូម៉ែត្រ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ខណៈ​ដឹកនាំ​មន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៣ ដែល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ។

យោង​តាម​ការ​ចេញផ្សាយ​របស់​បណ្តាញ​សង្គម​របស់​ក្រសួង​សាធារណៈការ​បាន​ឲ្យ​ដឹង​ថា​លោក​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា បាន​ដឹកនាំ​មន្ដ្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៣ ដែល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ដ្រី​បច្ចេកទេស ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កែប និង​ខេត្តកំពត ។

បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មកនេះ​បាន​ធ្វើ​ឱ្យ​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​លេខ​៣៣ ទទួល​រង​នូវ​ការ​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​ធ្វើ​ឱ្យ​ផ្លូវ​ទាំងនេះ​មានការ​ខូចខាត​យ៉ាងដំណំ​ជា​ច្រើន​កន្លែង ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៦ ខែកញ្ញា​នេះ​មាន​ខេត្ត​ចំនួន​១១​ដែល​ទទួល​រង​នូវ​ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជា​ច្រើន​ថ្ងៃ បង្ក​ឱ្យ​មានការ​ខូចខាត​ផ្លូវ​ចំនួន​៣៦​ខ្សែ សរុប​ប្រវែង​៦០​គីឡូម៉ែត្រ ក្នុង​នោះ​ក៏​មាន​ខេត្ត​កែប និង​ខេត្តកំពត​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖«​ផ្លូវ​មានការ​ខូចខាត​ដោយសារ​កត្តា​អាកាសធាតុ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ជា​ច្រើន​ថ្ងៃ​តំបន់​ខ្លះ​មាន​ប្រភេទ​ដី​ទន់ (​ដី​ស្អុយ​) ការ​ដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ទទួល​រង​ការ​ខូចខាត ។ សម្រាប់​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត -​វាល​រេញ​) ត្រូវ​បាន​ធ្វើការ​សិក្សា​បច្ចេកទេស​ឡើង​វិញ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ដោយ​ចាក់​ថ្ម​គ្រឹះ និង​លើក​តួ​ផ្លូវ​កម្ពស់​០,៨​ម៉ែត្រ​បន្ថែម​ទៀត​» ។ លោក​បាន​បន្ត​ថា ក្រសួង​នឹង​បញ្ចេញ​គ្រឿងចក្រ​ធ្វើការ​ជួល​ជុល​បន្ទាន់ បន្ទាប់​ពី​ទឹកភ្លៀង​ឈប់​ធ្លាក់ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ទេស​រដ្ឋមន្ដ្រី បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ស្រោច​ទឹក​លើ​ផ្លូវ​ឱ្យ បាន​ញឹកញាប់ ក្នុងអំឡុងពេល​សាងសង់ ដើម្បី​កាត់​បន្ថយ​ការ​ហុយធូលី​ដី​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​អាច​បង្ក​ឱ្យ​កើត​មាន​ជំងឺ​ផ្សេង​ៗ និង​ជា​ពិសេស​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ក្នុង​ពេល​ធ្វើ​ដំណើរ ។ លោក​ក៏​បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​ហុយធូលី ការ​កកស្ទះ​ចរាចរណ៍ និង​ពិបាកធ្វើ​ដំណើរ​ក្នុង​ពេល​សាងសង់ និង​សូមកុំ​បន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​បណ្ដាល​ឱ្យ​ផ្លូវ​របស់​យើង​ឆាប់​ខូចខាត​នាំ​ឱ្យ​ខាតបង​ថវិកាជាតិ ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក​ទេស​រដ្ឋមន្ត្រី និង​ក្រុមការងារ​ចុះ​ពិនិត្យ​ជា​ផ្លូវ​នេះ​នឹង​ត្រូវ​ធ្វើការ​ជួសជុល​ឱ្យ​បាន​រួចរាល់​នៅ​ក្នុង​ខែធ្នូ ចុងឆ្នាំ​២០១៩​នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​២ គឺ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​៣ នៅ​ខេត្តកំពត ចាប់ពី​ថ្ង​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ និង​ពិធី​ប្រណាំង​កង់​អន្តរជាតិ ចាប់ពី​ខេត្តកោះកុង​ឆ្ពោះ​មក​ខេត្ត​កែប ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ខែមករា ឆ្នាំ​២០២០ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ