សហជីព​ថា នឹង​ខិតខំ​បញ្ចប់​ការ​ចរចា​ប្រាក់​ឈ្នួល​មុន​ថ្ងៃ​កំណត់​ខណៈ​ដាក់​តូ​លេខ​១៩៩​ដុល្លារ


រាជធានី​ភ្នំពេញ ៖ តំណាង​សហជីព​លោក ប៉ាវ ស៊ី​ណា បាន​អះអាង​ថា ក្រុម​សហជីព​នឹង​ខិតខំ​ធ្វើការ​ព​ន្លឿ​ន​ការ​ចរចា​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​សម្រាប់​ឆ្នាំ​២០២០ ឲ្យ​បាន​ចប់​មុន​ការ​គ្រោងទុក ព្រោះ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​កាន់តែ​ខិត​មក​ដល់ ។ ការ​បញ្ជាក់​របស់​មេ​សហជីព​រូប​នេះ បន្ទាប់​ពី​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់ កាលពី​ពេល​ចាប់ផ្តើម​ចរចា​ប្រាក់​ឈ្នួល​ថា នឹង​លទ្ធផល​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២០​នឹង​ដឹង​នៅ​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ ។

លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា​នេះ​ថា គិត​ចាប់ពី​ផ្តើម​ចរចា​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង ស្បែកជើង​មក​ដល់​ថ្ងៃ​ទី​៩ កញ្ញា​នេះ គឺជា​ភាគី​និ​យោ​ជិ​ក ភាគី​សហជីព និង​តំណាង​រាជរ​ដ្ឋា​ភិ បាល​ជជែក​គ្នា​មាន​ចំនួន​៣​លើក​ហើយ​។ លោក​បន្ត​ថា ភាគី​សហជីព​បាន​ឯកភាព​យក​តួលេខ​១៩៩​ដុល្លារ គឺជា​លេខ​រួម​ដាក់​ចរចា​គ្នា ចំណែក​ភាគី​និយោជក​បាន​តម្លើង​តួលេខ​ពី​មុន​១៨២​ដុល្លារ ពេល​នេះ​កើន​ដល់​១៨៤​ដុល្លារ ។

ភាគី​ទាំងអស់ និង​បន្ត​ប្រជុំ​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា​ខាង​មុខ​នេះ​បន្ត​ទៀត ។ សម្រាប់​ការ​ខ្វែងគំនិត​គ្នា​ក្នុង​ការ​ចរចា​ត្រូវ​លោក ប៉ាវ ស៊ី​ណា បញ្ជាក់​ថា ៖«​ធម្មតា​ហើយ​ស្នើ​សុំ​១៩៩​ដុល្លារ គេ​ឲ្យ​តែ​២​ដុល្លារ គឺ​១៨៤​ដុល្លារ គឺ​យើង​នៅ​មាន​គំនៀប​ច្រើន គឺ​រហូត​ដល់​១៥​ដុល្លារ អី​ញ្ចឹ​ង​យើង​នៅ​ចរចា​គ្នា​បន្ត​ទៀត​» ។ លោក​បន្ត​ថា ការ​ចរចា​គ្នា​នៅ​ថ្ងៃ​ទី​១២ កញ្ញា​ខាង​មុខ​នេះ​ក៏​ជា​មិនមែន​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចរចា​រឿង​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០២០​នេះ​ដែរ គឺ​គម្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ប៉ុន្តែ​ភាគី​សហជីព​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ចប់​មុន​ថ្ងៃ​កំណត់ ព្រោះ​បុណ្យ​ភ្ជុំបិណ្ឌ​កាន់តែ​ខិត​ជិត​មក​ដល់ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឲ្យ​ដឹង​ថា ការ​ចរាចរ​មិន​ត្រូវ​តួលេខ​គ្នា​ត្រូវ​ភាគី​និយោជក​បាន​លើក​ចំណុច​ពី​ភាគ​មិន​ច្បាស់លាស់​ការ​អនុគ្រោះ​ពន្ធ (EBA) និង​លើក​ពី​ការ​ប្រកួតប្រជែង​គ្នា​រវាង​បណ្តា​ប្រទេស​នៅ​ជុំវិញ​ប្រទេស​កម្ពុជា ដោយ​ថា បណ្តា​ប្រទេស​ទាំងនោះ​ប្រាក់​ឈ្នួល​កម្មករ​មាន​ចំនួន​តិច​ជាង​កម្ពុជា ហើយ​កម្ពុជា​មាន​ចំនួន​កើនឡើង​ខ្ពស់ ។

សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នូ​ល​កម្មករ ឆ្នាំ​២០២០​នេះ ត្រូវ​បាន​លោក ប៉ាវ ស៊ី​ណា អះអាង​ថា មិន​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៩​នោះ​ទេ ដោយសារ​នៅ​មាន​ភាព​តានតឹង​ទាក់ទង និង​ការ​អនុគ្រោះ​ពន្ធ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស ដែល​ជា​រនាំង​ក្នុង​ការ​ចរចា​ប្រាក់​ឈ្នួល​នេះ​ផង​ដែរ ។ លោក​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​លទ្ធភាព​នៃ​ការ​ឡើង​ប្រាក់​ឈ្នួល​ឆ្នាំ​២០២០​នេះ​មិន​អាច​ខ្ពស់​ជាង​ឆ្នាំ​មុន​នោះ​ទេ ។

យើង​មិន​អាច​ព្យាករណ៍​បាន​ទេ​ចំពោះ​តួលេខ​ពិតប្រាកដ​ព្រោះថា យើង​នៅ​ចរចា​គ្នា​បន្ថែម​ទៀត ។ យើង​ចរចា​ចុង​ក្រោយ គឺ​នៅ​បោះ​ឆ្នោត ដើម្បី​យក​សម្លេង​រួម​មួយ​» ។ យ៉ាងណា​ក្តី​លោក​ប៉ាវ ស៊ី​ណា ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ថ្ងៃ​បោះ​ឆ្នោត​សម្រេច​តួលេខ​មួយ​ពិតប្រាកដ ព្រោះថា តំណាង​សហជីព គឺ​មាន​លោក សោម អូន ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​លើក​ទី​៣ ។ តែ​អនុប្រធាន​គ្មាន​សិទ្ធិ​សម្រេច​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​ការ​បោះ​ឆ្នោត​របស់​សហជីព​យ៉ាងណា​ក្តី​នៅ​ក្នុង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​ភាគច្រើន សុទ្ធតែ​សហជីព​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ទាំងអស់ ។

គួរ​ឮ​កថា ក្រសួង​ការងារ​បាន​កំណត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៧៧​ដុល្លារ ហើយ​សម្តេច​តេ​ជោ ហ៊ុន ហ៊ុន សែន យក​ថវិកាជាតិ​បន្ថែម​ទៀត​៥​ដុល្លារ​ទៀត ។ ដូច្នេះ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៨២​ដុល្លារ និង​ត្រូវ​បើក​ជា​២​ដង​ក្នុង​មួយ​ខែ ។ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​១៧០​ដុល្លារ​ក្នុង​មួយ​ខែ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ