ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសជាកម្មករសំណង់ម្នាក់បានសុំច្បាប់មេការឈប់សម្រាកពីការងារមួយរយៈ ហើយប្រាប់បងប្អូនថា ព្រឹកស្អែក និងទៅលេងស្រុកកំណើតម្ដង ព្រោះបានចាកចេញមករកស៊ីនៅក្នុងស្រុកអង្គស្នួលយូរហើយ រហូតដល់យប់គាត់ក៏បានចូលទៅដេក ហើយបងប្អូនមិនបានដឹងថា គាត់មានរឿងអីនោះទេ ។ លុះព្រឹកឡើងមិនឃើញគាត់ក្រោក បុរសម្នាក់ទៀតដែលជាប្អូនថ្លៃបានចូលទៅដាស់ ស្រាប់តែចូលទៅអង្រួនទើបដឹងថា ស្លាប់បាត់ទៅហើយ ។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល៧ និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញានេះ នៅចំណុចក្នុងការដ្ឋានសំណង់ផ្ទះល្វែង ស្ថិតនៅក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បុរសខាងលើឈ្មោះ រ៉ាន់ គឹមលីន អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ មានប្រពន្ធ ហើយមានកូន៦នាក់ ប្រុស៣នាក់ និងស្រី៣នាក់ នៅក្នុងបន្ទុកគ្រួសារ ។
ដោយ បុរសម្នាក់ឈ្មោះ កែវ ម៉ាន់ អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល ខេត្តឧត្តមានជ័យ ត្រូវជាប្អូនថ្លៃ បានឲ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី០៨ ខែកញ្ញា ប្រហែលម៉ោង៦និង១០នាទីជនរងគ្រោះបានហូបបាយនឹងផឹកស្រាផង ហើយបាននិយាយប្រាប់បងប្អូនថា គាត់បានសុំច្បាប់មេការឈប់សម្រាក ដើម្បីទៅលេងស្រុកម្ដង និងត្រូវចេញដំណើរនៅវេលាព្រឹក ។ លុះក្រោយពេលហូបបាយរួចរាល់ជនរងគ្រោះបានអង្គុយលេងរហូតដល់ម៉ោងប្រហែល៩និង២០នាទីទើបចូលដេកទៅ ខណៈនោះបងប្អូនទាំងអស់មិនបានដឹងថា គាត់មានរឿងអ្វីឡើយ ។
រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ដោយមិនឃើញបងថ្លៃក្រោកគាត់ដែលជាប្អូនថ្លៃក៏បានស្រែកហៅដាស់ឲ្យក្រោកហូបបាយ និងបានហៅថា «បងក្រោកឡើងដេកយូរម្ល៉េះ ក្រែងបងឯងសំច្បាប់គេទៅលេងស្រុកផង នៅដេកឃ្លុមភួយដល់ណាទៀត ?» ។ ពេលនោះដោយសារតែហៅមិនក្រោកក៏ដើរចូលទៅដាស់ចាប់អង្រួននៅតែមិនដឹងខ្លួនក៏ទាញភួយចេញ ស្រាប់ តែឃើញគាត់ស្លាប់បាត់ទៅហើយទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ជូននគរបាលចុះទៅពិនិត្យ ។
ក្រោយមកកម្លាំងនគរបាលផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកអង្គស្នួលបានចុះទៅកាន់កន្លែងកើតហេតុដោយមានចូលរួមពីនគរបាលប៉ុស្តិ៏រដ្ឋបាលពើក មន្ត្រីក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ លោកមេភូមិ នឹងបងប្អូននៃសពបានធ្វើការពិនិត្យ លើសពជនរងគ្រោះហើយឃើញថាពុំមានស្នាក់ស្នាមអី្វឡើយ ដែលតាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយសារខ្យល់គ រួចបានបានប្រគល់សពជូន ក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ