រាជធានីភ្នំពេញ ៖ វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានប្រារព្ធពិធីប្រគល់វិញ្ញាបត្រ ចែកជូនដល់សិស្សានុសិស្ស ប្រមាណជាង២០០នាក់ ដែលបានសិក្សានៅក្នុងវិទ្យាស្ថានរបស់ខ្លួន ក្នុងមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ និងភាសាធុរកិច្ច ។ ពិធីនេះបានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាផ្ទាល់តែម្ដង ។
លោកផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រអេស៊ីលីដា បានឲ្យដឹងថា ឆ្លើយតបទៅនឹងតម្រូវការនិងភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃចំនួនសិស្ស និស្សិត និងសិក្ខាកាមជាសហគ្រិន អង្គភាពពាណិជ្ជកម្មគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសកម្ពុជានិងអន្តរជាតិ ដែលបាននិងកំពុងសិក្សាយ៉ាងសកម្ម នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដាបច្ចុប្បន្ន តម្រូវឲ្យវិទ្យាស្ថានអភិវឌ្ឍន៍ កម្មវិធីសិក្សាបន្ថែមមុខជំនាញ ថ្មីៗនិងរចនាសម្ពន្ធ័គ្រប់គ្រងជាច្រើន ដែលបាននិងកំពុងបំរើសេវាកម្មអប់រំ ។
លោកបន្តថាបច្ចុប្បន្ន មុខជំនាញថ្មីៗនិងរចនាសម្ពន្ធ័គ្រប់គ្រងជាច្រើន ដែលបាននិងកំពុងបម្រើសេវាកម្មអប់រំ នោះរួមមានបរិញ្ញាបត្រហិរញ្ញវត្ថុនិងធនាគារ ពាណិជ្ជកម្មអន្តរជាតិ គ្រប់គ្រងហានិភ័យនិង ធានារ៉ាប់រង គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ និងជាពិសេសមុខជំនាញថ្មីៗ គឺបច្ចេកវិទ្យាហិរញ្ញវត្ថុFintechនិងបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ។ ក្រៅពីនេះក៏មាន កម្រិតបរិញ្ញាបត្ររងឯកទេស ,បរិញ្ញាបត្ររងហិរញ្ញវត្ថុ និងធនាគារ,គ្រប់គ្រងអាហរ័ណ-នីហរ័ណ ,ធានារ៉ាប់រង និង ចលនូបត្ថម្ភ ។
លោកបន្ថែមថា សម្រាប់បរិញ្ញាបត្រលើពីរមុខជំនាញបន្ថែបទៀត គឺជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ដែលជាជំនាញទាន់សម័យបំផុត មានតម្លៃនិងតម្រូវការចាំបាច់ ក្នុងសម័យបច្ចេកវិទ្យា ជាមោទនភាពនៃការផ្តល់នូវទំនុកចិត្តខ្ពស់ ដល់សមត្ថភាព គុណភាពនៃអភិបាលកិច្ច គុណភាពសាស្ត្រាចារ្យ កម្មវិធីសិក្សា និងគុណភាពអប់រំ នៃវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ពីក្រសួងអាណាព្យាបាល ជាពិសេសផ្តល់ឱកាសឲ្យវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានចូលរួមចំណែកក្នុងការផ្តល់ការអប់រំហ្វឹកហ្វឺន អភិវឌ្ឍន៍បច្ចេកវិទ្យាដល់ប្អូនៗ កូនក្មួយដែលជានិស្សិតជំនាន់ថ្មី ក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៃប្រទេសកម្ពុជា និងពិភពលោកបច្ចុប្បន្នផងដែរ ។
លោកនាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាសង្កត់ធ្ងន់ថា យោងតាមលទ្ធផលជាក់ស្តែងនិងផែនការសកម្មភាព កំពុងអនុវត្តិ៖សាស្ត្រាចារ្យកំពុងបង្រៀន នៅវិទ្យាស្ថានរបស់លោក បច្ចុប្បន្នភាគច្រើនបានបញ្ចាប់ការសិក្សាពីបរទេស មានទេពកោសល្យ បទពិសោធន៍ការងារជាក្រុម គ្រូដែលមានទាំងពី គឺចំណេះដឹងផ្នែកជំនាញទ្រឹស្ដី+បទពិសោធន៍ធ្វើការជាក់ស្តែង បានបង្រៀននិស្សិតយល់ដឹងស៊ីជម្រៅ និងអាចធ្វើការជាអន្តរជាតិ ការបង្រៀនជាក់ស្តែង ទទួលបានលទ្ធផលមានគុណភាពល្អ ។
លោកបន្ថែមថា វិទ្យាស្ថានបាននិងកំពុងបន្តពង្រឹងគុណភាព សាស្ត្រាចារ្យទាំងនោះ ដោយផ្តោតសំខាន់លើការបង្កើនចំណេះដឹងជំនាញទាន់សម័យបច្ចេកវិទ្យា សីលធម៌វិជ្ជាជីវៈ គរុកោសល្យនៃការរៀន-ការបង្រៀន និងការផ្ទេរចំណេះដឹងដល់សិស្ស-និស្សិត ដើម្បីសម្រេចបាននិរន្តរភាពគុណភាពនៃចក្ខុវិស័យ ថ្នាលអប់រំធុរៈកិច្ចប្រកបដោយគុណភាព ឈានមុខរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងតំបន់ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ