បង្ក​គ្រោះ​ហើយ​មិន​អស់ចិត្ត ថែម​ទាំង​វាយ​សមត្ថកិច្ច​ទៀត ចុងក្រោយ​…


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​ជាមួយ​មិត្តភក្តិ​​ម្នាក់ទៀតជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​មួយ​គ្រឿងបើក​​បោះពួយ​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​រួច​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី បា​ឡែ​ន ដែល​កំពុង​បើក​បត់​ឆ្លងផ្លូវ លុះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ បែរជា​បុរស​ម្នាក់​ខាងលើ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ម្នាក់ បណ្តាល​ឱ្យ​រង​របួសស្រាលថែម​​ទៀត ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ស្តុ​ប​ខាង​មុខ​សាលា​បឋម​សិក្សា​អនុវត្ត​រាជធានី ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៧១ កែង​និង​ផ្លូវ​២០០២ ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា​ខាងលើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២C-៧៩៧៥ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ និង​មិត្តភក្តិ​ម្នាក់​ទៀត​រួម​ដំណើរ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-១៩១២ ជិះ​ជា​លក្ខណៈ​គ្រួសារ​បួន​ទៅ​ប្រាំ​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ រីឯ​សមត្ថកិច្ច​ម្នាក់​ដែល​ត្រូវ​របួសស្រាល ក៏​មិន​ស្គាល់​អត្តសញ្ញាណផង​​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាកកាម​រី​បា​ឡែ​ន ជិះ​ជា​លក្ខណៈ​គ្រួសារ​៤​ទៅ​៥​នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​ដល់​ចំណុច​កន្លែង​កើតហេតុ​ខាងលើ រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ក៏​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​បំរុង​ឆ្ពោះទៅ​ផ្លូវ​២០០២ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ខណៈ​ពេល​ដែល​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​បត់​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កូ​រ៉ូ​ឡា​ជិះគ្នា​២នាក់ ​ដែល​​បើកបរ​ដោយ​បុរស​ម្នាក់​​ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ពីក្រោយ​ចំហៀង​ខាងស្តាំ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​រង​ការ​ខូចខាត​ធ្លាក់​កាង និង​ក្រពឹត​ផ្នែក​ខាងក្រោយ​។ ចំណែកឯ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​បាន​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ​យ៉ាងដំណំ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។
ភ្លាម​ៗ​នោះ រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ក៏​ព្យាយាម​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​ទាំង​រង​ការ​ខូចខាត​បាន​ប្រមាណ​១០០​ម៉ែត្រ ក៏​ត្រូវ​បាន​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​បើក​ដេញ​តាម​និង​ស្ទាក់​ចាប់​បាន​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា បន្ទាប់​មក ភាគី​ទាំង​សងខាង​ក៏​បាន​ចុះ​ពីលើ​រថយន្ត​រៀង​ៗ​ខ្លួន និង​ប្រកែក​យក​ត្រូវ​រៀងខ្លួន​យ៉ាង​តឹងសរសៃក​។ ក្រោយមក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង និង​ជួយ​សម្របសម្រួល​ភាគី​ទាំង​ពីរ​អោយ​ចរចា​ដោះស្រាយ​គ្នា​តាម​សន្តិវិធី ទោះបីជា​យ៉ាងណា ការ​ដោះស្រាយ​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា​ទៀត ។ ខណៈនោះ​ដែរ​ក៏​មាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ចំនួន​៣​នាក់​បាន​ចុះ​មក​ដល់ ហើយ​ព្យាយាម​ពន្យល់​និង​ជួយ​សម្របសម្រួល​ដល់​ភាគី​ទាំង​ពីរ អោយ​ចរចា​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ព្រោះ​មិន​ចង់​ឲ្យ​អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​មានរឿង​រ៉ាវ​វែង​ឆ្ងាយ និង​ខាត​ពេលវេលា​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ពេល​នោះ​បុរស​ដែល​ជា​អ្នក​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​នៅ​តែ​ទាមទារ​ចង់អោយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​ជា​បន្ត​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​បើករថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បែរជា​មក​ឈ្លោះប្រកែក​ជាមួយនឹង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​យ៉ាង​តឹងសរសៃក និង​ថែម​ទាំង​បាន​វាយ​ទៅ​លើ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ម្នាក់ បណ្ដាល​ឲ្យ​រង​របួសស្រាល ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ពិនិត្យ​ជាតិ​អាកុល និង​ចាប់​វាយ​ខ្នោះ​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​រួម​ទាំង​បញ្ជូន​ខ្លួន​បុរស​ដែល​ជា​អ្នកបើកបរ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​និង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ