រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមាននៃកង់៣ឥណ្ឌាកំពុងវាយលុកទីផ្សារប្រទេសកម្ពុជាយ៉ាងគំហុក ជាក់ស្តែងបើតាមថ្នាក់ដឹកនាំនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានឲ្យដឹងថាគិតត្រឹមខែកញ្ញានេះ ចំនួនកង់៣ ឥណ្ឌាបានកើនឡើងជាង ៣៥០០០ គ្រឿង ខណៈតម្រូវការគឺមានចំនួនតិចតួច។
ការកើនឡើងយ៉ាងឆាប់រហ័សហួសពីការស្មាននៃវត្តមានកង់៣ឥណ្ឌាចរាចរណ៍នៅកម្ពុជា ជាពិសេសនៅលើដងផ្លូវនៃរាជធានីភ្នំពេញ មិនត្រឹមតែបង្កឲ្យមានការថ្នាំងថ្នាក់ពីអ្នកធ្វើដំណើរមួយចំនួនដោយសារតែឥរិយាបទនៃការបើកបររបស់អ្នកបម្រើសេវាកម្មកង់៣មួយចំនួនមិនល្អ បំពានច្បាប់ចរាចរណ៍ជាដើមនោះ បងប្អូនអ្នករត់កង់៣ឥណ្ឌាខ្លួនឯងក៏កំពុងជួបហានិភ័យផងដែរ ដោយសារតែកំណើននៃអ្នករត់កង់៣ឥណ្ឌាផ្តល់សេវាដឹកជញ្ជួនកើនឡើងហួសតម្រូវការជាក់ស្តែង ។ កំណើននៃការប្រើប្រាស់កង់៣ឥណ្ឌាដែលជាផ្នែកមួយនៃការដឹកជញ្ជួនដ៏ពេញនិយមនោះ ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួនពុំមានផែនការជាក់លាក់ក្នុងការធ្វើជំនួញ គឺមានន័យថាធ្វើជំនួញតាមគ្នា ក៏កំពុងបង្កជាហានិភ័យដល់អ្នកដែលបើកបរកង់៣ឥណ្ឌា ដោយសារតែចំណូលកំពុងធ្លាក់ចុះហួសពីការស្មានផងដែរ ។
ប្រាកដណាស់ចាប់តាំងពីកំណើនរ៉ឺម៉កកង់បីឥណ្ឌាចូលមកក្នុងប្រទេសកម្ពុជា បានវាយប្រហារយ៉ាងខ្លាំងទៅលើអ្នករត់រ៉ឺម៉កកង់បីខ្មែរ ដែលធ្វើអ្នករត់រ៉ឺម៉កកង់បីខ្មែរ បាត់បង់ចំណូលយ៉ាងច្រើន និងអ្នកខ្លះបានលក់រ៉ឺម៉កខ្មែរ ហើយខ្ចីធនាគា រឬមីក្រូហិរញ្ញវត្ថុដើម្បីទិញរ៉ឺម៉កកង់បីឥណ្ឌា ។ តែរហូតមមកដល់បច្ចុប្បន្ននេះវិញ ដោយសារតែកំណើនកង់បី ឥណ្ឌាកាន់តែច្រើន បានធ្វើអោយអាជីវកម្មនេះក៏បាននិងកំពុងប៉ះពាល់ផងដែរ។ អ្នកខ្លះបាត់ចំណូលកាន់តែច្រើន ហើយក៏ពិបាកក្នុងការរកលុយបង់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុទៅលើរ៉ឺម៉កកង់បីឥណ្ឌាដែលខ្លួនបានទិញមកនោះ ។
បើតាមបុរសម្នាក់ដែលរត់កង់បីណ្ឌានៅរាជធានីភ្នំពេញបានអោយដឹងថា បច្ចុប្បន្ននេះ ចំណូលអ្នកប្រកបអាជីវកកម្មរត់រ៉ឺម៉កកង់បី ឥណ្ឌានៅភ្នំពេញ កាន់តែបាត់បង់ចំណូលហើយ។ នេះអាចដោយសារតែអ្នករត់រ៉ឺម៉កកង់បីកាន់តែច្រើន អ្នកជិះនៅដដែល មិនមានកំណើននោះទេ តែមានតែថយចុះ ។ លោកបានបន្តថា «កាលពីមុន ក្នុងថ្ងៃខ្ញុំអាចរកបាន១០ម៉ឺនរៀលទៅ២០ម៉ឺនរៀលឯណោះ តែបច្ចុប្បន្នវិញរកតែ៥ម៉ឺនចូលផ្ទះសឹងតែមិនបាន» ។ លោកបានបន្តថា ឥឡូវនេះលោកត្រូវរត់តាំងពីព្រឹកដល់យប់ ហើយពេលខ្លះ ត្រូវរត់ពេលយប់បន្ថែមទៀត ដើម្បីបានចំណូលបន្ថែម បើមិនដូច្នេះទេនឹងមិនអាចរ៉ាប់រងគ្រួសារបានឡើយ ។
លោកបានបន្តថា « ការបាត់បង់ប្រាក់ចំណូលនៅពេលនេះ ដោយសារតែកំណើនអ្នកប្រកបអាជីវកម្មបែបនេះនៅរាជធានីភ្នំពេញកាន់តែច្រើន ហើយមានការប្រកួតប្រជែងខ្លាំង ជាក់ស្ដែងដូចបានឃើញស្រាប់ វត្តមានរ៉ឺម៉កកង់បីឥណ្ឌានៅតាមដងផ្លូវនានានៅភ្នំពេញ កាន់តែច្រើន និងរកអ្នកជិះស្ទើរតែលែងបានហើយផងដែរ» ។ លោកបានបន្ថែមថា នៅពេលដែលអ្នកប្រកបរបរនេះ កាន់តែច្រើន ក្រុមហ៊ុនកក់រ៉ឺម៉កកង់បីជិះនានា ក៏បានចូលមកដែរ ហើយបានបញ្ចុះតម្លៃមកនៅទាប ដែលធ្វើអោយអ្នករត់កង់បីកាន់តែបាត់ចំណូលថែមទៀត ដូច្នេះ ហើយសូមអោយក្រុមហ៊ុនកក់តាក់ស៊ី ឬរ៉ឺម៉កកង់បីជិះសូមគិតគូរដល់អ្នកប្រកបរបរនេះផង បើមិនដូច្នេះទេវាកាន់តែធ្វើអោយពួកយើងកាន់តែបាត់ចំណូល និងត្រូវបោះបង់វាចោល ដែលអាចឈានដល់ការធ្វើចំណាកស្រុកទៅក្រៅប្រទេសទៀតហើយ ព្រោះតែនៅស្រុកមិនអាចរកចំណូលចិញ្ចឹមគ្រួសារបាន ។
ប្រភពដដែលបានបញ្ជាក់ថា ក្រៅពីរកចំណូលមិនបានហើយ នៅតាមផ្សារទំនើប និងកន្លែងដែលត្រូវដឹកភ្ញៀវផ្សេងទៀត ដូចជានៅកាស៊ីណូ និងមុខព្រលានយន្តហោះជាដើម ត្រូវបង់ប្រាក់ប្រចាំខែអ្នកនៅទីនោះដើម្បីអាចឈរជើងបាន បើពុំដូចនោះទេ ពួកគេនឹងរករឿងមិនអោយឈរចាំដឹកភ្ញៀវបានឡើយ ។ លោកបានបញ្ជាក់ថា «នៅកន្លែងខ្លះ គេត្រូវបង់លុយក្នុងមួយខែប្រមាណ៥០ដុល្លារទៅ៦០ដុល្លារ ដើម្បីអាចឈរជើង រង់ចាំដឹកម៉ូយបាន ។ ទាំងនេះហើយ ជាកត្តាមួយទៀត រកស៊ីមិនត្រឹមត្រូវ មិនស្មើភាពគ្នា» ។
លោក វ៉ន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ បាននិយាយថា «ការបាត់ប្រាក់ចំណូលរបស់អ្នករត់រ៉ឺម៉កកង់បីនៅកម្ពុជា ជាពិសេសនៅភ្នំពេញ បច្ចុប្បន្ននេះ ដោយសារតែ ទី១ កំណើនរ៉ឺម៉កច្រើនពេក ។ អ្នកធ្វើការងារផ្សេងឃើញគេរត់រ៉ឺម៉កកង់បីឥណ្ឌាបានចំណូលច្រើនក៏ទិញតាមគ្នាទាំងលុយផ្ទាល់ខ្លួនផង និងលុយខ្ចីពីធនាគារផង ដែលធ្វើពួកគាត់មានបំណុល ។ ទី២ គឺដោយសារតែការប្រកួតប្រជែងរបស់ក្រុមហ៊ុនហៅកង់បីជិះយកតម្លៃទាបពីអ្នកជិះ តែភាគរយពីអ្នកបើកបរនៅដដែល»។ លោកបានបន្តថា បើយោងតាមតួលេខពីក្រុមហ៊ុនហៅកង់បីជិះ បច្ចុប្បន្ននេះមានរ៉ឺម៉កកង់បីឥណ្ឌា ប្រមាណ៣៥០០០គ្រឿង នៅភ្នំពេញ ហើយបើតាមកក្រុមហ៊ុននាំចូលវិញ មានកង់បីឥណ្ឌាប្រមាណ៥ម៉ឺនគ្រឿងហើយ ខណៈ ខណៈមានកង់ ៣ ឥណ្ឌាតែជាង ៤០០០ គ្រឿងប៉ុណ្ណោះដែលជាសមាជិករបស់សមាគមរបស់លោកនាពេលបច្ចុប្បន្ននេះ។
លោក វ៉ន ពៅ បានបញ្ជាក់ថា « សម្រាប់ជាដំណោះស្រាយ រដ្ឋាភិបាលបង្កើតការងារអោយបានច្រើន ហើយអោយពួកគាត់ដែលជាអ្នករត់រ៉ឺម៉កកងបីឥណ្ឌានោះ មកធ្វើការងារ ដោយមិនចាំបាច់រត់រ៉ឺម៉កកង់បីទៀតនោះទេ » ។
បើតាមលោកម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងផងដែរថា នៅពេលដែលកំនើនកង់បីឥណ្ឌាកាន់តែច្រើនដូច្នេះ សាលាក្រុងក៏បាននិងកំពុងរៀបចំចាត់ចែងរៀបចំសណ្ដាប់ធ្នាប់ អោយមានរបៀប ដោយបច្ចុប្បន្ននេះសាលាក្រុងបានសហការ ជាមួយសមត្ថកិច្ចនិងអាជ្ញាធរជំនាញក្នុងការបណ្ដុះបណ្ដាលដល់អ្នកបើករ៉ឺម៉កកង់បីទាំងអស់ពីច្បាប់ចរាចរណ៍និងតម្រូវអោយពួកគាត់ត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ ។
បើតាមបណ្ឌិតឡៃ ម៉ុងហៃ អ្នកវិភាគសង្គមមួយរូបបានលើកឡើងជាមតិផ្ទាល់ខ្លួនថា កាលពីមុនអ្នកជិះស្វែងរករ៉ឺម៉កកង់បី តែពេលនេះ រ៉ឺម៉កកង់បីជាអ្នកស្វែងរកអ្នកជិះវិញ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ កំណើនរ៉ឺម៉កកង់បីឥណ្ឌានៅកម្ពុជា កាន់តែច្រើនឡើងៗ ។ លោកបានមានប្រសាសន៍បញ្ជាក់ថា « យើងគួរតែកំណត់ចំនួនរ៉ឺម៉កកង់បីទាំងពីនៅភ្នំពេញហើយ ព្រោះរ៉ឺម៉កកង់បីកាន់តែច្រើន មិនបានជួយអ្វីដល់អ្នកប្រកបរបរនេះទេ ផ្ទុយទៅវិញវាធ្វើអោយអ្នកប្រកបរបរនេះ កាន់តែពិបាក ដោយសារតែពួកគេមួយចំនួន ត្រូវយកលុយពីធនាគារឬមីក្រូហិរញ្ញវត្ថុ មកទិញរបស់ទាំងមកប្រើតែនៅពេលរកលុយមិនបានពួកគេកាន់តែពិបាកក្នុងការបង់សងត្រលប់ទៅវិញ » ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ