ខេត្តកំពង់ឆ្នាំង ៖ មានករណីក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានទៅឃ្វាលគោ ហើយក៏នាំគ្នាចុះទៅលេងទឹកទំនប់ បណ្តាលឱ្យក្មេងប្រុសបានលង់ទឹកស្លាប់ ចំណែកក្មេងស្រីត្រូវបានគេជួយទាន់រួចដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាព ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩ នៅចំណុចទំនប់ទឹកតាមៀវ ស្ថិតនៅក្នុងភូមិសារាយអណ្ដែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
ក្មេងប្រុសរងគ្រោះដែលស្លាប់ឈ្មោះជុំ វីរៈ អាយុ៧ឆ្នាំ ត្រូវជាបង ចំណែកក្មេងស្រីជាប្អូនឈ្មោះជុំ លីន អាយុ៦ឆ្នាំ កំពុងសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ខណៈមកដល់ពេលនេះបានធូរស្បើយហើយ ។ ក្មេងរងគ្រោះទាំង២នាក់បងប្អូនបង្កើតនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសស្រីទាំង២នាក់បងប្អូនបានទៅឃ្វាលគោ ដោយពុំមានមនុស្សចាស់ណាទៅជាមួយឡើយ ពេលនោះពួកគេទាំងពីរនាក់ក៏បាននាំគ្នាចុះលេងទឹក ហើយក៏បានលង់ទាំងអស់គ្នាតែម្ដង ដោយពុំមានអ្នកណាដឹងឡើយ ។ ប៉ុន្តែសំណាងល្អពេលនោះមានអ្នកធ្វើដំណើរឆ្លងកាត់ក៏ប្រទះឃើញ ហើយចុះទៅជួយបានតែក្មេងស្រី និងដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពទើបរួចផុតជីវិត ចំណែកក្មេងប្រុសជួយមិនទាន់ឡើយ បានលង់ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ សមត្ថកិច្ចមូលដ្ឋានបានអំពាវនាវដល់ឪពុកម្តាយ ឬអាណាព្យាបាលមិនត្រូវធ្វែសប្រហែស ហើយក៏មិនត្រូវបណ្ដោយឱ្យកូនតូចៗទៅឃ្វាលគោក្របីដោយគ្មានមនុស្សចាស់ទៅជាមួយបែបនេះឡើយ ចៀសវាងកើតមានករណីដូចខាងលើ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ