ប្រទេសហ្វ៊ីលីពីន ៖ អតីតពួកឧទ្ទាមអ៊ិស្លាមនាភាគខាងត្បូងហ្វ៊ីលីពីន កាលពីថ្ងៃទី៧កញ្ញាបានចាប់ផ្ដើមប្រគល់អាវុធរបស់ពួកគេ ឲ្យដល់អ្នកសង្កេតការណ៍បរទេសឯករាជ្យ ដោយអនុវត្តកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសំដៅលុបចោលទំព័រនៃការបះបោរជាច្រើនទសវត្សមកហើយ។
ពួកអ៊ិស្លាមបានចាប់កាន់អាវុធតស៊ូពីទសវត្សឆ្នាំ១៩៧០មក ដើម្បីទាមទារស្វ័យភាពឬឯករាជ្យនៅភាគខាងត្បូងហ្វ៊ីលីពីន ជាប្រទេសមានអ្នកកាន់សាសនាគ្រឹស្តភាគច្រើន ដោយពួកគេចាត់ទុកថា នោះជាដែនដីបុព្វបុរសរបស់ពួកគេ។ ការបះបោរនោះបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ150.០០០នាក់។ ក្រុមឧទ្ទាមសំខាន់នៃក្រុមរណសិរ្សម៉ូរ៉ូរំដោះអ៊ិស្លាមMILFបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ លើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយរដ្ឋាភិបាល ដែលគ្រោងផ្ដល់ស្វ័យភាពដល់ជនជាតិភាគតិចអ៊ិស្លាម ក្នុងផ្នែកមួយចំនួននៃកោះធំមីនដាណាវ និងបណ្ដាកោះចុងនិរតីប្រទេស។
កាលពីថ្ងៃទី៧កញ្ញាអតីតពួកឧទ្ទាមប្រមាណជា១០០០នាក់ ត្រូវប្រគល់អាវុធចំនួន៩៤០ដើមក្នុងពេលតែមួយថ្ងៃ ក្នុងដំណើរការនៃការដាក់់អាវុធមួយ ដែលសំដៅប្រែក្លាយក្រុមឧទ្ទាមMILFជាគណបក្សនយោបាយស្របច្បាប់មួយ។
សរុបយុទ្ធជនរបស់អតីតក្រុមឧទ្ទាមនោះ៤០.០០០នាក់ត្រូវប្រគល់អាវុធ នាបណ្ដាឆ្នាំខាងមុខៗ។ ដំណាក់កាលទី២នៃការប្រគល់អាវុធទាក់ទិននឹងយុទ្ធជនMILFភាគច្រើន នឹងចាប់ផ្ដើមនាឆ្នាំខាងមុខ ដែលប្រតិបត្តិការប្រគល់អាវុធនេះត្រូវបញ្ចប់នាឆ្នាំ២០២២៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ