រាជធានីភ្នំពេញ ៖ រថយន្តដឹកកុងតឺន័រមួយគ្រឿងបានបើកៀររថយន្តម៉ាកសាំយ៉ុងមួយគ្រឿងដែលកំពុងបើកបរឆ្លងផ្លូវ បណ្តាលឲ្យរថយន្តសាំយ៉ុងក្រឡាប់បោកផ្ទប់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវទាំងកម្រោល រងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានអ្នករងគ្រោះឡើយ ហើយរបាំងថ្មពុះចែកទ្រូងផ្លូវបានរងការខូចខាតអស់២កង់ផងដែរ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន្ត ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងដែលក្រឡាប់ខាងលើនេះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AF-៧៣៣៥ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ។ ចំណែករថយន្តដឹកកុងតឺន័រមួយគ្រឿង ម៉ាកFUSO ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ៣A-១១០៤ អ្នកបើកបរ មិនត្រូវស្គាល់អត្តសញ្ញាណឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកសាំយ៉ុងបានបើកបរឆ្លងផ្លូវចេញពីផ្លូវផែស្ងួតអូល័រវើលវ៉ាយ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងបំណងបត់ឆ្វេងទៅទិសខាងលិចវិញ ដោយមិនបានប្រុងប្រយ័ត្ន ទោះបីជាបានឃើញរថយន្តដឹកកុងតឺន័រម៉ាកFUSO កំពុងបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនទៅជិតដល់ហើយក៏ដោយ។
តាមប្រភពព័ត៌មានបានបន្តថា ចំណែករថយន្តកុងតឺន័រនោះវិញ ទោះបីជាឃើញរថយន្តសាំយ៉ុងកំពុងបើកឆ្លងផ្លូវក៏មិនព្រមឈប់ឬបន្ថយល្បឿនដែរ គឺភាគីទាំង២បើកបរគ្មានការយោគយល់គ្នាឡើយ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែកង់ក្រោយរបស់រថយន្តកុងតឺន័របានកៀររថយន្តសាំយ៉ុង បណ្ដាលឲ្យរថយន្តសាំយ៉ុងក្រឡាប់បោកផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវទាំងកម្រោលតែម្ដង។
តាមប្រភពដដែលបានបន្តទៀតថា ខណៈនោះរថយន្តសាំយ៉ុងរងការខូចខាតយ៉ាងដំណំ តែអ្នកបើកបរមិនបានរងរបួសឡើយ ហើយរបាំងថ្មពុះចែកទ្រូងផ្លូវបានបាក់រលំអស់២កង់ ព្រមទាំងបង្កការកកស្ទះចរាចរតាមផ្លូវនោះថែមទៀតផង ។
ក្រោយកើតហេតុ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅយករថយន្តទាំង២គ្រឿងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ