ទ្រឹស្តីព្រះពុទ្ធសាសនាបានលើកមុទិតាថាជាកំពូលនៃធម៌ក្នុងលោក ព្រោះកាលណាបើចិត្តមានមុទិតាអ្វីក៏ស្ងប់សុខ រៀបរយទៅជាធម្មតាសេចក្តីចម្រើន សេចក្តីរីករាយក៏ឡើងដំណាលគ្នា ។
ពាក្យថាមុទិតាប្រែថា ភាពទន់ភ្លន់ ឬដំណើរមានចិត្តរីករាយទៅរកសេចក្តីសុខរបស់អ្នកដទៃពុំរើសមុខ នៅពេលដឹងថា គេមានទ្រព្យធន បានឡើងបុណ្យស័ក្តិ បានប្រកបដោយសេចក្តីសុខ-ចម្រើន ក៏មានចិត្តជួយអរតាម នេះហើយជាតួមុទិតា ។
មុទិតានេះជាធម៌សំខាន់មួយបែបសម្រាប់ពពួកមនុស្សទូទៅ តែសេចក្តីបរិសុទ្ធទាំងនេះកាលបើឮដល់អ្នកដែលមានចិត្តឥស្សាហើយក៏ដល់នូវសេចក្តីស្លុតចិត្តគឺការច្រណែនកើតឡើងភ្លាម ខណៈនេះបើមិនមានវិធានការទប់ស្កាត់ទេ វានឹងបណ្តាលឱ្យមានរឿងមិនល្អផ្សេងៗកើតឡើង ដែលជារឿងគួរឱ្យខ្លាចបំផុត ។
មធ្យោបាយដែលគួរយកមកកម្ចាត់ចិត្តឥស្សាច្រណែនឈ្នានីស គឺត្រូវអប់រំចម្រើននូវមុទិតាឱ្យបានចាំជាប់ក្នុងចិត្តជានិច្ច នោះចិត្តឥស្សានឹងរសាត់រលត់រលាយទៅដោយឯងៗ ។
ចែករំលែកព័តមាននេះ