ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុក​ស្វាយ​ទាប​ប្រកប​មុខរបរ​នេសាទ​ឈ្លើង​លក់​បន្ត​ទៅ​ប្រទេស​ចិន

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ខណៈ​ដែល​រដូវវស្សា​ចូល​មក​ដល់​ក្រោយ​ពី​ការងារ​ធ្វើស្រែ​ចំការ​រួច ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​នាំ​គ្នា​ដើរ​នេសាទ​ឈ្លើង​ដើម្បី​លក់​អោយ​ឈ្មួញ​រក​កម្រៃ​បន្ថែម ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ បើ​តាម​លោក…

ខេត្តស្វាយរៀង ៖ ខណៈ​ដែល​រដូវវស្សា​ចូល​មក​ដល់​ក្រោយ​ពី​ការងារ​ធ្វើស្រែ​ចំការ​រួច ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បាន​នាំ​គ្នា​ដើរ​នេសាទ​ឈ្លើង​ដើម្បី​លក់​អោយ​ឈ្មួញ​រក​កម្រៃ​បន្ថែម ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

បើ​តាម​លោក មាន សាន អាយុ​៤២​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​ខ្នុរ​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយ​ទាប បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៦ កញ្ញា​នេះ​ថា ក្រៅពី​ការងារ​ធ្វើស្រែ​ចំការ​នោះ គឺ​ពួក​គាត់​ដើរ​នេសាទ​ឈ្លើង​តាម​ទីវាល​ស្រែ និង​តាម​បឹង​ដែល​មានទឹក​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ លោក​បាន​បន្ត​អោយ​ដឹង​ទៀត​ថា ក្នុង​ការ​ដើរ​នេសាទ​ឈ្លើង​នេះ​មិន​ងាយស្រួល​ដូច​មុខរបរ​ផ្សេង​ៗ​នោះ​ទេ ដោយ​ត្រូវធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​រក​ទីកន្លែង​ដែល​មានទឹក និង​សំបូរ​ទៅ​ដោយ​សត្វ​គោក្របី​ដេក​នៅ​តាម​មាត់បឹង​តាម​វាលស្រែ​ដែល​មានទឹក​ជាដើម​ម្យ៉ាង វិញទៀត​នោះ​ត្រូវ​ចុះ​ក្នុង​ទឹក​កូរ ឬ​គោះ​ទឹក​ធ្វើ​អោយ​សត្វ​ឈ្លើង ឮ​ចេញ​មក​ក៏​ដង​យក ឬ​អោយ​សត្វ​ឈ្លើង​ទាម​ទើប​ចាប់​យក​ដាក់​ប៊ីដុង ។ ហើយ​ការ​ទុកដាក់​សត្វ​ឈ្លើង​វា​មិន​ពិបាក​នោះ​ទេ គ្រាន់តែ​ដាក់​ប៊ីដុង និង​យក​ផ្លែក្រូច​ឆ្មា​មក​ជួត​តាម​មាត់​ប៊ីដុង​ធ្វើ​អោយ​សត្វ​ឈ្លើង​ចេញ​មិន​រួច​ហើយរ​ស់បាន​យូរ​។

លោក​បាន​បញ្ជាក់​ថា ការ​នេសាទ​ឈ្លើង​យក​លក់​ក្នុងឆ្នាំនេះ គឺ​មានការ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ​ដែល​ឆ្នាំ​មុន​ៗ គឺ​សត្វ​ឈ្លើង​លក់​បាន​ក្នុង​១​គីឡូ តម្លៃ​៦​ម៉ឺន ទៅ​៧​ម៉ឺន​រៀល​ឯណោះ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ឈ្មួញ​ទទួល​ទិញ​តែ​១​គឺ​ឡូ​ក្រាម​តម្លៃ​ត្រឹមតែ​២៥,០០០​រៀល ដែល​ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​ខំ​រក​ទាំង​ក្រោម​កណ្តាល​ថ្ងៃ និង​កណ្តាល​ភ្លៀង​យ៉ាង​លំបាក និង​ត្រូវ​ចេញពីផ្ទះ​ទៅ​នេសាទ​សត្វ​ឈ្លើង​នៅ​តាម​ស្រុកភូមិ​ឆ្ងាយ​ៗ​ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ឈ្លើង​ចាប់ពី​កន្លះ​គីឡូក្រាម​ទៅ​២​គីឡូក្រាម​ឯណោះ​ក្នុង​ម្នាក់​ៗ ហើយ​សត្វ​ឈ្លើង​អាច​ប្រោះ​ទុក​បាន​២​ទៅ​៣​ថ្ងៃ ។

ស្រ​ដៀង​គ្នា​នេះ​ដែរ លោកស្រី ស៊ូ ជា​អ្នកនេសាទ​សត្វ​ឈ្លើង​ម្នាក់​ក្នុង​ក្រុម​ពួក​គាត់​ដែល​មាន​គ្នា​៦​ទៅ​៧​នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ការ​ដើរ​នេសាទ​ឈ្លើង គឺ​មាន​គ្នា​ជា​ក្រុម​មាន​គ្នា​៧​ទៅ​៨​នាក់ ដោយ​ចែក​កន្លែង​គ្នា​ដើរ​រក​តាម​ទីវាល​មាត់បឹង និង​វាលស្រែ​ដែល​មានទឹក​ចម្ងាយ​ពី​គ្នា​៤០០​ទៅ​៥០០​ម៉ែត្រ ។ លោកស្រី​បាន​បន្ត​ទៀត​ថា ការ​ធ្វើ​ដំណើរ គឺ​ចាប់ពី​ព្រលឹម​ពួក​គាត់​នាំ​គ្នា​ចេញពីផ្ទះ​ទៅ​នេសាទ​ឈ្លើង​លុះដល់​ម៉ោង​២ ឬ​៣​រសៀល​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​មាន​ម៉ូយ​មក​ថ្លឹង​ទិញ​តែ​ម្តង ។

បើ​តាម​លោក ប្រាក់ សា​រឿ​ន រស់នៅ​ភូមិ​ស្វាយ​ធំ​ឃុំ​ស្វាយ​រំពា​ស្រុក​ស្វាយ​ទាប ដែល​ជា​អ្នក​ទទួល​ទិញ​សត្វ​ឈ្លើង​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុខរបរ​ទិញ​សត្វ​ឈ្លើង​នេះ លោក​បាន​រកស៊ី​រយៈពេល​៥ ទៅ​៦​ឆ្នាំ​មក​ហើយ ដោយ​លោក​យក​ទៅ​លក់​បន្ត​អោយ​ឈ្មួញ​ទទួល​ទិញ​នៅ​ភ្នំពេញ​ហើយ​មិន​ច្បាស់​ថា យក​លក់​បន្ត​នៅ​ណា​នោះ​ដែរ គ្រាន់តែ​ដឹង​ថា គេ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន ។

លោក​បាន​បន្ត​ថា រូប​លោក​ក៏​ដូច​ពលរដ្ឋ​ជា អ្នក​ដើរ​នេសាទ​ឈ្លើង​អំពាវនាវ និង​ចង់អោយ​មាន​ទីផ្សារ​ច្បាស់លាស់​បន្តិច ពីព្រោះ​សព្វថ្ងៃ​គ្មាន​ទីផ្សារ​ច្បាស់លាស់​នោះ​ទេ គឺ​តាម​ឈ្មួញ​នៅ​ភ្នំពេញ​ជា​អ្នក​កំណត់​តម្លៃ​ដូច្នេះ​លក់​មិនសូវ​បាន​ចំណេញ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ