កូន​កោះ​កណ្តាល​បឹង​កន្សែង…អណ្តែត​ម្តង​​ក្បែរមាត់បឹង​ ម្តង​ទៅ​ឆ្វេង​ ម្តង​ទៅ​ស្តាំ


ខេត្តរតនគិរី ៖ កោះ​ដ៏​តូច​ច្រឡឹង​មួយ ​នៅ​លើ​ទឹក​បឹង​កន្សែង​កណ្តាល​ក្រុង​បាន​លុង​ ជា​រមណីយដ្ឋាន​មួយ​ដែល​មនុស្ស​ម្នា​តែង​នាំ​គ្នា​ទៅ​កម្សាន្ត​ពេល​រាត្រី បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​កោះ​នោះ​អណ្តែត​ម្តង​មក​ក្បែរមាត់បឹង​ ម្តង​ទៅ​ឆ្វេង​ ម្តង​ទៅ​ស្តាំ ។ ​ការ​អណ្តែត​កូន​កោះ​កណ្តាល​បឹង​កន្សែង​នេះ តែង​កើត​មាន​ឡើង​នា​រដូវវស្សា ​ដែល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ធ្វើ​ឱ្យ​ជម្រៅ​ទឹក​ក្នុង​បឹង​មាន​កម្ពស់​កើនឡើង ។

មានការ​កត់​សម្គាល់ថា នៅ​ពេល​ទទួល​រង​នូវ​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង ធ្វើ​ឱ្យ​កម្ពស់​ទឹកបាន​កើនឡើង​ស្ទើរ​ពេញ​ប្រៀប​នោះ​បណ្តាល​ឱ្យ​កោះ ដែល​កកើត​ចេញពី​ឫសស្មៅ​និង​រុក្ខជាតិ​រួម​ជាមួយ​កំណក​ភក់​បង្កើត​បានជា​កោះ​ដោយ​មាន​រុក្ខជាតិ​គ្រប់​ប្រភេទ​ដុះ​ប្រទាក់​គ្នា​ផង​នោះ​ក៏​បាន​ក្លាយជា​កោះ​មួយ ដែល​ការ​ពិត​បាត​ប្រោ​ម​នៃ​កោះ​នេះ​គឺជា​ស្មៅ​ត្រឹប​អណ្តែត ។

ដូច្នេះ​ហើយ​ ទើប​កម្ពស់​ទឹក​ធ្វើ​ឱ្យ​បាត​ក្រោម​នៃ​កោះ​នោះ​ហើប​ផុត​ពី​ដី​បាត​បឹង ។ លុះ​មាន​កម្លាំង​ខ្យល់​បក់​ផង​នោះ​នាំ​ឱ្យ​កោះ​នេះ​អណ្តែត​វិលវល់​ពី​មាត់ច្រាំង​ម្ខាង​នៃ​បឹង​ទៅ​ច្រាំង​ម្ខាង​ទៀត​នៃ​បឹង ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​ទី​រួម​ក្រុង​បាន​លុង​និង​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ ដំណើរ​កម្សាន្ត​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​និង​មាន​ជំនឿ​ថា ទឹក​បឹង​កន្សែង​និង​កោះ​ដែល​នៅ​ក្នុង​នោះ​មាន​បារមី​បញ្ចេញ​មហិទ្ធិឫទ្ធិ​ដ៏​អស្ចារ្យ ។

ការ​ពិត​កោះ​នៅ​ក្នុង​បឹង​កន្សែង​ដែល​មានការ​ប​ម្លា​ស់​ទីនោះ គឺ​បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ពេល​ដែល​បន្ទាប់​ពី​បាន​ទទួល ឥទ្ធិពល​ទឹកភ្លៀង​ជាប់​ៗ​គ្នា​រយៈពេល​ពី​៣​ទៅ​៤​ថ្ងៃ ក្នុង​កំឡុង​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៩​មក​ម្ល៉េះ ។ ផ្ទៃ​ទឹក​នៅ​ក្នុង​បឹង​កន្សែង​ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​ទំហំ​លាតសន្ធឹង យ៉ាង​ធំ​ទូលាយ​ប្រមាណ​ជា​៣០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ចំ​កណ្តាល​ក្រុង​បាន​លុង ។

បើ​តាម​ការ​សង្កេត​ជាក់ស្តែង​លើ​ផ្ទៃ​ទឹក​បឹង​កន្សែង​ដ៏​ធំ​ល្វឹងល្វើយ គឺ​មាន​កោះធំ​តូច​ជា​ច្រើន​ដែល​អណ្ដែត លើ​ទឹក​បឹង​នោះ​រួម​ទាំង​រុក្ខជាតិ​ផ្កា​ព្រៃ និង​ដើមឈើ​ធំ​តូច​បាន​ដុះ​ប្រជ្រៀត​គ្នា ជាទី​មនោ​រម្យ​នៃ​ពពួក​ហ្វូង​សត្វ​បក្សាបក្សី​ហើរ​ឆ្វែល ទៅ​ទុំ​ប្រដេញ​គ្នា​លេង​ពេញ​កោះអណ្តែត​នោះ ។

ជា​រៀង​រាល់​ឆ្នាំ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា បង្ក​ជា​ជំនន់​ទឹកភ្លៀង​ហូរ​ចាក់​ចូល​បឹង​បែប​នេះ​ធ្វើ​ឱ្យ​កម្ពស់​ទឹក​កើនឡើង ធ្វើ​ឱ្យ​មាន​កោះ​ដុះ​ដោយ​ស្មៅ​ត្រឹប តែង​អណ្តែត​វិលវល់​ចុះឡើង​បែប​នេះ ទៅ​តាម​កម្លាំង​ខ្យល់​ដែល​បក់​បោក​ម្តង ។ ប៉ុន្តែ​ចំណុច​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ​នៅ​ពេល​នេះ​កោះ​ដែល​មាន​ទំហំ​ធំ​ជាងគេ​នៅ​ក្នុង​បឹង ទទឹង​៣០​ម៉ែត្រ​បណ្តោយ​ប្រហែល​១០០​ម៉ែត្រ មិន​ដែល​មានការ​ប​ម្លា​ស់​ទី​អស់​រយៈកាល​ជាង​១០​ឆ្នាំ​មក​ហើយ ។

បា​នប​ម្លា​ស់​ទី​ពី​ទិសនិរតី​ត្រើយម្ខាង​នៃ​បឹង​មក​ទើរ​នៅ​ទិសឦសាន​ត្រើយម្ខាង​នៃ​បឹង ដែល​ជា​ច្រក​ចំ​ផ្លូវទឹក​ហូរ​ធ្លាក់​មក​ពី​ទីប្រជុំជន មុខ​ផ្សារ​ក្រុង​បាន​លុង គឺ​អណ្តែត​បញ្ច្រាស​ទឹក​ហូរ​ចុះ​នៃ​បឹង​កន្សែង​នេះ ។ ទិដ្ឋភាព​ដ៏​ចម្លែក​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តរតនគិរី ដូច​ជា​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​នាំ​គ្នា​មក​ទស្សនា​និង​ស្ញប់ស្ញែង ពី កោះអណ្តែត​លើ​ទឹក​បឹង​កន្សែង​នេះ​ផង​ដែរ ។

រតនគិរី​គឺជា​ខេត្ត​មួយ ដែល​សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​ទៀត និង​ប្រពៃណី​វប្បធម៌​បងប្អូន​ជនជាតិ​ដើម​ភាគតិច ប្រកាន់ខ្ជាប់​ទំនៀមទម្លាប់​មាន​ជំនឿ​លើ​កន្លែង​សក្តិ​សិទ្ធិ​ជា​ច្រើន​បំផុត ដូច​ជា​បឹង​កន្សែង​នេះ​ជាដើម ។

នៅ​ព្រឹក​ថ្ងៃ​៦ កញ្ញា នៅ​មាត់បឹង​កន្សែង​ត្រង់​ចំណុច​ដែល​កោះ​ដ៏​ធំ​អណ្តែត​មក​ទើរ​នោះ​លោក ប៊ូ ឡាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល ខេត្តរតនគិរី និង​លោក​ជំទាវ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ចៅសង្កាត់​បឹង​កន្សែង នាយ​ប៉ុស្តិ៍ និង​មន្ត្រី​ក្រោម​ឱវាទ បាន​មក​ធ្វើ​ពិធីសែនព្រេន អុជ​ធូប​បែរបន់​សុំ​សេ​ក្តី​សុខ​ចម្រើន​នៅ​ទីនោះ​ផង​ដែរ ចាត់ទុកជា​ទី​សក្ការបូជា ។

លោក ប៊ូ ឡាំ មាន​ប្រសាសន៍​ថា​លោក​នឹង ធ្វើការ​កសាង​អភិវឌ្ឍន៍​នៅ​លើ​កោះ​នោះ ដោយ​ដាក់​ភ្លើង​បំ​ភឺ្ល​កែ​លម្អ​សោភ័ណ​ភាព​កោះ​ឱ្យ​កាន់តែ​ស្រស់បំព្រង​ថែម​ទៀត​នា​ពេល​រាត្រី​ដើម្បី​សំរួល​ដល់​អារម្មណ៍ អ្នកទេសចរ​មក​កម្សាន្ត​មួយ​កម្រិត​ទៀត​ផង​ដែរ​នៅ​លើ​កោះ​បឹង​កន្សែង​នេះ ៕

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ