ខេត្តបន្ទាយមានជ័យ ៖ ក្រោយបែកធ្លាយរឿងក្រុមហ៊ុនកាស៊ីណូមួយលួចតខ្សែកាប្លិ៍អ៊ុបទិច ដោយខុស ច្បាប់ពីដីថៃ ដើម្បីបំរើសេវាផ្សេងៗកាលពីថ្ងៃទី០៥ កញ្ញា មានប្រភពព័ត៌មានថា ត្រូវស្ថាប័នពាក់ព័ន្ធដឹកនាំដោយលោកព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងចុះពិនិត្យដល់ទីតាំងកើតហេតុតែម្តង ដែលទីតាំងលួចតខ្សែកាប្លិអ៊ុបទិចពីថៃនេះ នៅចំណុចបន្ទាត់ព្រំដែនក្នុងភូមិក្បាលស្ពាន01 សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយ
ប៉ែត។
សេចក្តីរាយការណ៍បន្តថា ខ្សែកាប្លិអ៊ុបទិចខាងលើ ត្រូវគេលួចតឆ្លងអូរព្រំដែន ដោយដាក់ក្នុងបំពង់ទុយោពណ៌ខ្មៅ ។ ចំណែកខាងដីខ្មែរគេកប់ក្រោមបេតុងចំណុចឆ្លងកាត់ផ្លូវ ហើយពេលដល់របងកាស៊ីណូ ទើបគេតបំបែកពីកន្លែងមួយទៅកន្លែងមួយទៀត។
បើតាមប្រភពពីសមត្ថកិច្ចបង្ហើបថា កាលួចតខ្សែកាប្លិអ៊ុបទិចពីថៃនេះ សង្ស័យកើតមានតាំងពីដើមឆ្នាំ2018មកម្ល៉េះ ។ ប្រភពដដែលនេះប្រាប់ថា កាលពីដើមឆ្នាំ2018 មានក្រុមការងារក្រុមហ៊ុនកាស៊ីណីParamex បានយកម៉ាស៊ីនទៅកាត់បេតុងនៅចំណុចភូមិសាស្ត្រតភ្ជាប់មួយប្រឡោះតូច លុះសួរនាំពួកគេថាធ្វើកាតទុយោទឹក ដើម្បីបង្ហូទឹកពីម៉ាស៊ីនត្រជាក់ចោល។
ប្រភពដដែលបន្តថា លុះមានសេចក្តីរាយការណ៍ពីករណីខាងលើ ទៅដល់ថ្នាក់លើលោកស្នងរងការរងទទួលផែនព្រំដែន ក៏បានដឹកនាំកម្លាំងជំនាញសហការជាមួយនគរបាលការពារព្រំដែនការពារព្រំដែនគោកលេខ911 ចុះល្បាតពិនិត្យផ្ទាល់ទើបដឹងថាទីតាំងខាងលើ មិនមែនតទុយោទឹកទេបែជាលួចតខ្សែកាប្លិអ៊ុបទិចពីថៃ ដោយខុសច្បាប់ទៅវិញ ។
តែយ៉ាងណាក៏ដោយ បើតាមព័ត៌មានដែលកោះសន្តិភាពទទួលបាន គឺសមត្ថកិច្ចចម្រុះដែលចុះពិនិត្យផ្ទាល់កាលពីម្សិលមិញ រួមមានមន្ត្រីមកពីក្រសួងនិងមន្ទីរប្រៃសណីយ និងទូរគមនាគមន៍សមត្ថកិច្ចជំនាញ ពាក់ពាក់ព័ន្ធក្នុងនោះ មានលោកទៀចាងតំណាងក្រុមហ៊ុនកាស៊ីណូប៉ារ៉ាម៉ិចដឹកនាំ ដោយលោកមាស ច័ន្ទពិសិដ្ឋលោកតេង សាម៉ៃ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងផងដែរ ។
ក្រុមការងារចម្រុះមិនត្រឹមតែចុះដល់ចំណុចលួចតភ្ជាប់ខ្សែកាប្លិអ៊ុបទិចនោះទេ ថែមទាំងបានសុំចូលពិនិត្យប្រព័ន្ធខ្សែកាប្លិអ៊ុបទិច ដែលលួចអូសពីដីថៃចូលក្នុងកាស៊ីណូនោះផងដែរ។ ក្នុងការពិនិត្យសមត្ថកិច្ចចម្រុះបានរកឃើញមានសម្ភារបរិក្ខារទូរគមនាគមន៍ខ្សែកាប្លិអ៊ុបទិច2ខ្សែ គ្មានលិខិតអនុញ្ញាតឧបករណ៍ (Cell) &ឧបករណ៍ យ៉ាហ្គី(YAGI) ដែលជាឧបករណ៌បំរើសេវាពង្រឹងសេវាទូរស័ព្ទពីប្រទេសថៃ ។
ប្រភពថា ពេលសមត្ថកិច្ចចម្រុះសាកសួរ និងសុំឲ្យបង្ហាញលិខិតអនុញ្ញាតឬអាជ្ញាប័នតំណាងរូបនេះ ប្រាប់ថា គ្មានលិខិតឬអាជ្ញាប័នពីស្ថាប័នពាក់ព័ន្ធទេ។ តំណាងរូបនេះ បានស្នើរសុំពេល3ខែ ដើម្បីរត់ការច្បាប់អនុញ្ញាតពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយសំណើនេះ ត្រូវបានក្រុមការងារចម្រុះឯកភាព ប៉ុន្តែថា បើរយៈពេល3ខែ នៅតែមិនមានច្បាប់ត្រឹមត្រូវ ក្រុមការងារចម្រុះនិងចុះកាត់ផ្តាច់ចំណុចតភ្ជាប់ហើយនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ។
ជំវិញករណីនេះលោកទៀចាង តំណាងក្រុមហ៊ុនកាស៊ីណូប៉ារ៉ាម៉ិច ប្រាប់តាមទូរស័ព្ទថា ការលួចតខ្សែកាប្លិ៍
អ៊ុបទិចពីថៃកន្លងមក លោកមិនបានដឹងទេហើយលោកបញ្ជាក់ថា សម័យនេះ ហើយគ្មានអ្វីត្រូវគេចវេសពីប្រព័ន្ធច្បាប់នោះទេ។ លោកបន្តថា ពេលនេះ ក្រុមការងារបានឯកភាពឲ្យខាងក្រុមហ៊ុនរត់ការច្បាប់ហើយគឺរយៈពេល3ខែ ។ ចំពោះករណីលួចតខ្សែកាប្លិអ៊ុបទិច ពីថៃខុសច្បាប់ប្រធានមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ខេត្តមិនអាចទាក់ទងសុំកាអត្ថាធិប្បាយលម្អិតបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ