ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ពី​លក្ខណៈ​ដើម​​ពី​រូប​សំណាក​​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ តិច​មើល៍

4 ឆ្នាំ មុន
  • ភ្នំពេញ

យើង​អាច​យល់​ដឹង​ពី​រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ តាម​រយៈ​ឯកសារ​របស់​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ។ នៅ​ក្នុង​បរិវេណ​នៃ​វត្តថា​ត​ហ្លួង (​វត្ត​ធាតុ​ស្តេច​) នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ឯកសារ​របស់​លោក​បណ្ឌិត​បាន​ពណ៌នា​ថា យើង​បានឃើញ​នូវ​ចម្លាក់​ថ្ម​មួយ​ឆ្លាក់​ជា​ក្បាច់​ក្រឡោត…

យើង​អាច​យល់​ដឹង​ពី​រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ តាម​រយៈ​ឯកសារ​របស់​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ ។ នៅ​ក្នុង​បរិវេណ​នៃ​វត្តថា​ត​ហ្លួង (​វត្ត​ធាតុ​ស្តេច​) នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ឯកសារ​របស់​លោក​បណ្ឌិត​បាន​ពណ៌នា​ថា យើង​បានឃើញ​នូវ​ចម្លាក់​ថ្ម​មួយ​ឆ្លាក់​ជា​ក្បាច់​ក្រឡោត តំណាង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (​គ​.​ស​១១៨១- ១២១៨ ?​) ស្ថិត​ក្នុង​ឥរិយា​បទ​សមាធិ ដោយ​មាន​ព្រះ​ហស្ត​ទាំង​ពីរ​លា ហើយ​ដាក់​គងលើគ្នា​លើ​ភ្លៅ ពោល​គឺ​មិនមែន​ជា​កាយវិការ​កំពុង​ប្រណម្យ​ឬ​អញ្ជលី​ឡើយ ។

បើ​គេ​ពិនិត្យ​ព្រះ​រូប​នេះ​ឲ្យ​បាន​ហ្មត់ចត់​បន្តិច​ទៅ គេ​នឹង​ឃើញ​ថា ព្រះ​កេស​របស់​ចម្លាក់ ត្រូវ​បាន​ជួសជុល​ឡើង​វិញ ដោយហេតុ​ថា ឆ្នូត​ដើម​នៃ​ព្រះកេសា ត្រូវ​វិចិត្រករ​ឡាវ នៅ​ស​.​វ​ទី​១៤ ប​ញ្ឈូ​ស ហើយ​ជំនួស​ដោយ​ក្បាច់​កួច​ត្របាញ់ ដុំ​ៗ ។ រីឯ​ផ្នួងសក់​នៅ​លើ​ព្រះ​កេស ត្រូវ​បាន​ជំនួស​ដោយ​កន្តុប ឬ​ពក របស់​ព្រះពុទ្ធ​អង្គ​វិញ ដែល​តំណាង​ឲ្យ​ឥទ្ធិពល​ពិសិដ្ឋ និង​ភាព​ឆ្លាត​វៃ​គ្មាន​ព្រំដែន​របស់​ព្រះសម្មាសម្ពុទ្ធ ។ ក្រៅពី​នេះ ចម្លាក់​នេះ​ថែម​ទាំង​ត្រូវ​បាន​លាប​ម្រ័ក្សណ៍​ខ្មៅ​រលោង​ថែម​ទៀត​ផង ក្នុង​ខណៈ​ដែល​ព្រះបាទ ផា​ងុំ ស្តេច​លាវ​ដំបូង​បង្អស់​បាន​កាន់កាប់​ភូមិភាគ​នេះ ។

ដោយ​ឥត​សង្ស័យ គេ​អាច​និយាយ​បាន​ថា ការ​កែប្រែ ឬ​ការ​ច្នៃ​រូបសំណាក​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បែប​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​រូប​របស់​ទ្រង់​ក្លាយទៅជា​ព្រះពុទ្ធ​អង្គ ជាទី​គោរព​សក្ការៈ ដើម្បី​មូលហេតុ​សាសនា ។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ព្រះ​បដិមា​ដ៏​សំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ បាន​រក្សា​នៅឡើយ​នូវ​លក្ខណៈ​មួយ​ចំនួន ដែល​បង្ហាញ​អំពី​មនុស្ស​ភាព​នៃ​ចម្លាក់ ដូច​ជា សំពត់​ខ្មែរ និង​ផ្នួងសក់​ជាដើម ដូចដែល​មាននៅ​លើ​ចម្លាក់​មួយ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ ។

នៅ​មាន​ឧទាហរណ៍​សំខាន់​មួយទៀត ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ បាន​ថា ព្រះ​រូប​នៅ​វត្តថា​ត​ហ្លួង គឺ​ពិតជា​រូបសំណាក​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​យ៉ាង​ប្រាកដ​មែន គឺ​ភាព​រឹងមាំ​នៃ​ដងខ្លួន ដែល​បង្ហាញ​តាម​រយៈ​ព្រះ​ហស្ត និង​ព្រះ​បាទា ដែល​ប្រកបដោយ​កម្លាំង​មាំមួន ដូច​ករណី​នៃ​ចម្លាក់​មក​ពី​ប្រាសាទព្រះខ័ន កំពង់ស្វាយ នៅ​ខេត្តព្រះវិហារ ដែល​លោក​អួ​ង វន និង រូបយើង​ផ្ទាល់​បាន​រក​ឃើញ​កន្លង​មក ។

ដោយ​យោង​លើ​លក្ខណៈសម្បត្តិ​ទាំង​ប៉ុន្មាន​ខាងលើ​នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដ៏​ខ្លាំងពូកែ ដែល​យើង​ទើបតែ​បាន​ពិពណ៌នា​នៅ​ខាងលើ​នេះ ពិតជា​ស្ថិត​ក្នុង​ឥរិយា​បទ​សមាធិ ដូច​ករណី​ចម្លាក់​មួយ​ដែល​យើង​បាន​រក​ឃើញ​នៅ​ប្រាសាទព្រះខ័ន​កំពង់​ស្វាយ ក្នុង​ខេត្តព្រះវិហារ​កន្លង​មក ហើយ​ដែល​សព្វថ្ងៃ​រក្សា​ទុក​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ ។

ដូច្នេះ​ពាក់ព័ន្ធ​ទៅ​នឹង​លក្ខណៈ​ដើម​នៃ​ព្រះ​រូប​របស់​យើង គេ​មិន​ត្រូវ​មានការ​មន្ទិល​សង្ស័យ តទៅ​ទៀត​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ