ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកធ្លាក់​ច្រក​ល្អៀង​ខួប​ប្រាំង ខួប​វស្សា សែន​​ស្រស់​ត្រកាល

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៧៣​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍ ពី​ក្រុង​ពោធិ៍សាត់ និង​ចម្ងាយ​ប្រមាណ​៤៣​គីឡូម៉ែត្រ​ពី​ផ្សារ​ក្រគរ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង មាន​លក្ខណៈ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​បែប​ផ្សងព្រេង​ដ៏​គួរ​ឲ្យ​ទាក់ទាញ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្រសួងទេសចរណ៍…

ខេត្តពោធិ៍សាត់​៖ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៧៣​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍ ពី​ក្រុង​ពោធិ៍សាត់ និង​ចម្ងាយ​ប្រមាណ​៤៣​គីឡូម៉ែត្រ​ពី​ផ្សារ​ក្រគរ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង មាន​លក្ខណៈ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​បែប​ផ្សងព្រេង​ដ៏​គួរ​ឲ្យ​ទាក់ទាញ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់ រួម​ជាមួយ​អង្គការ​ម្លប់​បៃតង បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ជំនាញ​គ្រប់គ្រង​ដល់​ភ្នាក់ងារ​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង ដើម្បី​ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​ជំនាញ​ពិតប្រាកដ ហើយ​បន្ត​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ជូន​ដល់​ភ្ញៀវ​ទេសចរ ខណៈ​ដែល​វគ្គ​បណ្តុះបណ្តាល​នោះ​គឺជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សហ​គន៍​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង ។

លោក​ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា តំបន់​សហគមន៍​ទេសចរណ៍​ច្រក​ល្អៀង ស្ថិត​ក្នុង​គោលនយោបាយ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​របស់​ក្រសួងទេសចរណ៍​ដែល​បាន និង​កំពុង​ខិតខំ​ស្វែងរក​តំបន់​ទេសចរណ៍ ថ្មី​ៗ បន្ថែម​ទៀត​បម្រើ​សេចក្តី​ត្រូវការ ឬ​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

លោក​ជុក ជំនោរ បញ្ជាក់​ថា «​តំបន់​សហគមន៍​ទេសចរណ៍​ច្រក​ល្អៀង​របស់​ខេត្តពោធិ៍សាត់​នេះ មាន​សក្ដានុពល​ទេសចរណ៍​ធំធេង​ណាស់ ព្រោះ​តំបន់​នេះ​មាន​៧​ដំណាក់​សម្រាប់​ទេសចរ​កម្សាន្ត គឺ​ដំណាក់​ទឹកឈូ ដំណាក់​មនោ​រម្យ ដំណាក់​ថ្ម​សណ្តូក ដំណាក់​ទឹក​ព្រះ ដំណាក់​ជ្រៃក្រឹម ​ដំណាក់​​កោះ​សុបិន និង​ដំណាក់​ទឹកធ្លាក់ ។

ពី​ដំណាក់​ទី​១​ដល់​ដំណាក់​ទី​៧​លាតសន្ធឹង​ក្នុង​ចម្ងាយ​ជិត​មួយ​ពាន់​ម៉ែត្រ​ឯណោះ »​។

លោក​ជុក ជំនោរ ឲ្យ​ដឹង​ថា តំបន់​សហគមន៍​ទេសចរណ៍​ច្រក​ល្អៀង មាន​សក្ដានុពល​ខ្លាំង​សម្រាប់​​អ្នកទេសចរ​បែប​ផ្សងព្រេង ព្រោះ​ជា​តំបន់​ធម្មជាតិ ពិត​ៗ សំខាន់​ទឹកធ្លាក់​ដែល​ហូរ​ចេញ​មក​ពី​តំបន់​ភ្នំក្រវាញ​ដ៏​វែង​អន្លាយ​ហូរ​មក​តំបន់​ច្រក​ល្អៀង​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត​ខណៈ​ដែល​ទឹកធ្លាក់​នោះ​មាន​ទាំង​ខែប្រាំង និង​ខែវស្សា ។

គ្រាន់តែ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​តាម​មាត់ទឹក​ដែល​ហូរ​នោះ គឺ​មាន​ចម្ងាយ​រហូត​ដល់​ជាង​១០​គីឡូម៉ែត្រ​ឯណោះ ។

លោក​ប្រធាន​នាយកដ្ឋាន​ឲ្យ​ដឹង​ថា «​តំបន់​ច្រក​ល្អៀង​នេះ​យើង​កំពុង​តែ​ខិតខំ​កែ​លម្អ ធ្វើ​យ៉ាង​ណា​​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​ផង និង​ភាព​ទាក់ទាញ ឬ​ក៏​ការ​ជក់ចិត្ត​ពី​ភ្ញៀវ​ទេសចរ​ផង ព្រោះថា​នៅ​តំបន់​នោះ​ភ្ញៀវ​មិន​គ្រាន់តែ​ពើបប្រទះ​នឹង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ តែ​អាច​នឹង​ចុះ​ងូតទឹក​ជ្រោះ​ដ៏​ស្រស់ថ្លា​ប្រកបដោយ​ផាសុកភាព​ថែម​ទៀត ។

ចំណែក​សហគមន៍​នៅ​តំបន់​នោះ​ក៏​នឹង​ផ្តល់​ជូន​នូវ​សេវា​ដ៏​ល្អ​ឥត​ខ្ចោះ​ផង​ដែរ ទោះជា​តំបន់​កំពុង​អភិវឌ្ឍន៍​ក៏​ដោយ​ចុះ »​។

មន្ត្រី​ជំនាញ​នៃ​ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ខេត្តពោធិ៍សាត់​មាន​តំបន់​ទេសចរណ៍​ប្រកប​ដោយ​សក្កា​នុ​ពល​ច្រើន​ណាស់ សំខាន់​តំបន់​ទេសចរណ៍ធម្មជាតិ ហើយ​បំពេញតម្រូវការ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ចិត្ត​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង ។

ដូច្នេះ​ហើយ​ទើប​មួយ​រយៈ​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ​ក្នុង​ចំនួន​កើន​ឡើងជា​បន្ត​បន្ទាប់​​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ទេសចរណ៍​របស់​ខេត្តពោធិ៍សាត់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ