អស់លក្ខណ៍​ត្រឹម​មិន​បិទ​អុី​ន​ធើ​ណេ​ត​នាង​តាមដាន​ដឹង​ក្របួច​ដល់​បន្ទប់​ជួល


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ស្ត្រី​ម្នាក់​បាន​សម្រេច​ហើយ​ជិះ​រត់គេច​ត្រូវ​កម្លាំង​នគរបាល​អន្តរាគមន៍​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃាត់​ក្នុង​បន្ទប់​ជួល​បាន​៧​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់ និង​ប្រុស​៦​នាក់ និង​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ស្រី ពី​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GL-5026 ។ ម៉ូតូ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ដកហូត​៣​គ្រឿង ទី​១​ម៉ាក XR ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1CM-4957, ទី​២​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HC-0700 និង​ទី​៣​ម៉ាក​ស្កូ​ប​ពី ពណ៌​ស អត់​មាន​ផ្លា​ក​លេខ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​ក្រហម ជិះ​គ្នា​៣​នាក់ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក XR មួយ​គ្រឿង​ជិះ​ម្នាក់ឯង​កំពុង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ម្នាក់ តាម​ផ្លូវ​ខាងលើ តែ​ឆក់​អត់​បាន​បន្ទាប់​មក​ឃើញ​ជន​រង​គ្រោះ​កំពុង​លើក​ទូ​រស​ស័ព្ទ​ដែល​គេ​តេ​មក ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​នារី​រង​គ្រោះ​បាន​សំរេច​ហើយ​ជិះ​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ទៀត​ថា ខណៈ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ខណៈនោះ​ដែរ​ដោយ​ទូរស័ព្ទ​ជន​រង​គ្រោះ មាន​ជាប់ Location ដោយ​ជនសង្ស័យ​មិន​បាន​បិទ​អ៊ី​ន​ធើ​រ​ណេ​ត​ហើយ​សមត្ថកិច្ច​ក៏​បាន​ជិះ​ដេញ​ជនសង្ស័យ​តែ​ជនសង្ស័យ​មិន​ចាប់អារម្មណ៍​បាន​ចូល​បន្ទប់​ជួល​របស់​ខ្លួន​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បន្ទាប់​មក​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ដែល​សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ព័ទ្ធ​ជុំវិញ​ផ្ទះ​ជួល​ខាងលើ​ដោយ​មាន​បក្សពួក​៧​នាក់​ដែល​កំពុង​សម្ងំ​នៅ​បន្ទប់​ជួល ហើយ​សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​ទាំង​៧​នាក់​រួម​នឹង​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង​យក​ទៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម​ៗ​ផង​ដែរ ។

សមត្ថកិច្ច​បាន​សាកសួរ ទៅ​លើ​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​បាន​សារភាព​ថា ខ្លួន​ពិតជា​ឆក់​ទូរស័ព្ទ​ដៃ​នារី​រង​គ្រោះ​ខាងលើ​មែន ហើយ​បាន​ធ្លាប់​ធ្វើ​សកម្មភាព​ចំនួន​១០​ដង​ផង​ដែរ​ជនសង្ស័យ​៦​ម្នាក់​ទៀត​ជា​បក្សពួក​របស់​ខ្លួន ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ