ក្នុង​កុងត្រា Barcelona ផ្តល់​លក្ខខណ្ឌ​ពិសេស​១​ដល់ Messi ដែល​កីឡាករ​ដទៃ​គ្មាន


តាម​ប្រភព​ព័ត៌មាន 90min បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ត្រូវ​បាន​ក្លិប​អនុញ្ញាត​ឱ្យ​មាន​សិទ្ធិ​ពិសេស ដែល​អាច​ចាក​ចេញពី​ក្លិប​បាន​ដោយ​មិន​មាន​បញ្ហា ទោះបីជា​មុន​ពេល​កុងត្រា​ផុត​ក៏​ដោយ ។

ម្ចាស់​ពាន Ballon d’Or ទាំង​ប្រាំ​ដង​នេះ បាន​ចូល​លេង​ឱ្យ Barcelona កាលពី​១៩​ឆ្នាំ​មុន ដោយ​លេង​បាន​៦៨៧​ប្រកួត​ជាមួយនឹង​ជ័យជម្នះ​ធំ​ៗ​ជា​ច្រើន ។ គេ​បាន​ចុះ​កុងត្រា​ឆ្នាំ​២០១៧​ជាមួយនឹង Barca ដែល​កំណត់​ថា នឹង​មាន​តម្លៃ​ផ្តាច់​កុងត្រា​ដល់​ទៅ​៧០០​លាន​ផោន តែ​សារព័ត៌មាន El Pais ចុះ​ផ្សាយ​ថា គេ​នៅ​មាន​ចំណុច​មួយទៀត​លើ​កុងត្រា ដែល​អាច​ឱ្យ Messi ចាក​ចេញពី Barca ពេល​ណា​ក៏​បាន​ដែរ រាល់ពេល​ចប់​រដូវ​កាល​នីមួយ​ៗ ។

នេះ​គឺ​មាន​ន័យ​ថា បើ​ទោះបីជា Messi នៅ​ជាប់​កុងត្រា​ដល់​ឆ្នាំ​២០២១​ក៏​ដោយ គេ​អាច​ចាក​ចេញពី​ក្លិប​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ផ្តាច់​កុងត្រា នៅ​រាល់ពេល​ចប់​រដូវ​កាល ។ នេះ​គឺ​ពិតជា​ពិសេស​មែនទែន សម្រាប់​កីឡាករ​ជើង​ខ្លាំង ដែល​លេង​នៅ Barcelona អស់​ពេល​ជា​ច្រើន​ឆ្នាំ ។

តាំងពី​ចូល​លេង​នៅ Barcelona ក្នុង​ឆ្នាំ​២០០៤ Messi បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​ដល់​ទៅ​៦០៣​គ្រាប់ ដែល​ទាត់ Assist បាន​២៤២​ដង​។ ពេល​នេះ គេ​មិន​ទាន់​អាច​ចូល​ប្រកួត​បាន​ទេ ដោយសារ​តែ​មាន​របួស​កំភួនជើង​។ ក្នុង​ពេល​ដែល​គ្មាន Messi ប្រកួត កីឡាករ​មាន់​ថ្មី Antoine Griezmann គឺជា​អ្នក​លើកមុខ Barca ក្នុង​ការ​ប្រកួត ៕

ប្រភព ៖ 90min , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ