​លទ្ធផលចង់អន្តរាគមន៍​ដោះ​លែងមិនបាន​គំរាម​​​​​​…ស្នងការ​នគរបាល​ដក​ចង្កូម​


រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ ចាន់ ពៅ អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ បាន​ត្រូវលោក​ឧត្តម សេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញកោះហៅ​ទៅ​សាកសួរ​និង​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា បន្ទាប់​ពី​បាន​គំរាម​សម្លាប់​លោក​អនុ​សេនីយ៍ឯក លី រ៉ូ​ហ្សា​ត នាយ​ផ្នែកនគរបាល​ចរាចរណ៍​ខណ្ឌឫស្សីកែវ​តាម​ទូរស័ព្ទ ហើយ​ សំឡេង​គំរាម​យ៉ាង​កោងកាច​នោះ​បាន​បែកធ្លាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ការ​គំរាម​នេះ ​ត្រូវ​គេ​ដឹង​ថា ដោយសារ​តែ​ខឹង​លោក លី រ៉ូ​ហ្សា​ត មិន​ដោះ​លែង​បុរស​ម្នាក់​ដែល​បើកបរ​ក្នុង​ភាព​ស្រវឹង ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​គំរាម​នោះ គឺ​កាលពី​យប់​ថ្ងៃ​ទី​២​ ខែកញ្ញា ​ដោយសារ​តែ​លោកវរសេនីយ៍ទោ ចាន់ ពៅ អធិការរង​ទទួល​បន្ទុក​សេនាធិការ បាន​ទូរស័ព្ទ​ទៅ​អន្តរាគមន៍​សុំ​ឱ្យ​ដោះ​លែង​បុរស​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ដោយសារ​មាន​ជាតិ​ស្រវឹង តែ​ត្រូវ​លោក លី រ៉ូ​ហ្សា​ត នាយ​ផ្នែក​ចរាចរណ៍​និយាយ​ថា គាត់​គ្មាន​សិទ្ធិ​ដោះ​លែង​ទេ ព្រោះ​ត្រឹមតែ​ជា​នាយ​ផ្នែក ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​២ ខែកញ្ញា​នោះ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ បាន​ដាក់​គោល ដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​និងជាតិ​អាល់កុល នៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ឫស្សី​កែវ ក្នុង​សង្កាត់​ឫស្សី​កែវ ។ ក្នុង​ការ​ត្រួតពិនិត្យ​នោះ ក៏​មានការ​ចូលរួម​ពី​លោក​ស្នងការ​រង និង​លោក​អធិការ​ខណ្ឌ​ផង​ដែរ ។ នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ផ្លុំ​ដើម្បី​ពិនិត្យ​ជាតិ​អាល់កុល និង​បាន​ឃាត់ខ្លួន មនុស្ស​៣​នាក់ ដែល​បើកបរ​មាន​ជាតិ​អាល់កុល បញ្ជូន​ទៅ​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​ពិន័យ​ទៅ​តាម​ច្បាប់ ។

ខណៈនោះ លោក​វរសេនីយ៍ទោ ចាន់ ពៅ អ​ធិការ​រង​នគរបាល​ខណ្ឌ​ទទួល​បន្ទុក​សេនាធិការបានទូរស័ព្ទ​ទៅ​អន្តរាគមន៍​សុំ​ឱ្យ​ដោះ​លែង​បុរស​ម្នាក់​ដែល​ខ្លួន​ស្គាល់ តែ​ត្រូវ​បាន​លោក លី រ៉ូ​ហ្សា​ត នាយ​ផ្នែក​ចរាចរណ៍​និយាយ​ថា គាត់​គ្មាន​សិទ្ធិ​ដោះ លែង​ទេ ព្រោះ​ត្រឹមតែ​ជា​នាយ​ផ្នែក ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​នោះ លោក ចាន់ ពៅ ក៏​បាន​ទូរស័ព្ទ​ទៅ​អធិការរង​ទទួល​ផែន​ចរាចរណ៍​ដែរ​តែ​ពុំ​លើក ជា​ហេតុ​ធ្វើ​ឱ្យលោក​អធិការរង​ដែល​មាន​ចរិត​កាច​នោះ បានឆាត​ជា​សារ​សំឡេង​ធ្ងន់​ៗ​គំរាម​សម្លាប់​នាយ​ផ្នែកចរាចរណ៍​តែ​ម្តង ។

តាម​សារ​សំឡេង​គំរាម​នោះ មាន​ខ្លឹមសារ​ថា «​ឥឡូវ​អ្ហែង​ថ្លើមធំ​ដល់​ប៉ុណ្ណឹង អ្ហែង​ធ្វើ​នឹង​ឈ្នះ​អញ​អត់ ឥឡូវ​គេ​ដោះ​លែង​បាត់ អ្ហែង​កុំ​ស្មាន អ្ហែង​កូនចៅ​អញ​កុំ​ចង់​មក​ច្រឡោត​» ។ នៅ​ក្នុង​សារ​សំឡេង​នោះ​ក៏​បានឱ្យ​ដឹង​ទៀត​ថា «​អ្ហែង​និយាយ​មិ​ញ​ពាក្យ​ឈ្លើយ​ណាស់ ម៉ា​ជីវិត​នេះ​អ្ហែង​បាន​ត្រឹម​ប៉ុណ្ណឹង អត់​មាន​ឱ្យ​តទៅ
ទៀត អ្ហែង​កុំ​ចង់​ខ្លាំង ងាប់​ចោល​ប្រពន្ធ​ចោល​កូន អ្ហែង​នៅ​តែ​ប៉ុណ្ណឹង​មួយ​ជីវិត ឬ​អាច​ចុះ​ជាង​ហ្នឹង​ទៀត​»។

បន្ទាប់​ពី​មានការ​គំរាមកំហែង នៅ​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា លោក​អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ ក៏​បាន​ហៅ​អ្នក​ទាំង​២​មក​សម្របសម្រួល​និង​ត្រូវរ៉ូវ​គ្នា​ហើយ ស្រាប់តែ​សារ​សំឡេង​គំរាម​សម្លាប់​នោះ​បាន​បែកធ្លាយ​ចេញ​មក​ក្រៅ និង​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម ជា​ហេតុ​ធ្វើ​ឱ្យ​មហាជន​ក៏​ដូច​ជា​កងកម្លាំង​នគរបាល​មាន​ការ​ភ្ញាក់ផ្អើល​និង​ថ្កោលទោស ចំពោះ​ទ​ង្វើ​របស់​អធិការរង​ជា​មេ​ដ៏​មាន​អំណាច​រូប​នោះ ហើយ​ត្រូវ​បាន​លោកស្នងការ​ហៅ​ទៅ​សាកសួរ​និង​ដុសក្អែល​តែ​ម្តង ។

គួរ​បញ្ជាក់​ថា លោក​វរសេនីយ៍ទោ ចាន់ ពៅ ធ្លាប់​មានរឿង​ភ្ជង់​និង​គំរាម​សម្លាប់​មន្ត្រី​នគរបាល​ថ្នាក់​ក្រោម​ចំនួន​២​នាក់​មក​ហើយ គឺ​កូន​ឧត្តមសេនីយ៍ទោ​ម្នាក់ និង​ឈ្មោះ ង៉ូ​យ ផ​ល្លី ហើយ​នេះ​ជា​លើក​ទី​៣ ហើយ​ចេះ​តែ​បាន​សុខ​ស្រួល​ទៅ ។ ទាក់ទង​នឹង​ការ​គំរាមកំហែង​នេះ កោះ​សន្តិភាព​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​អធិ​ការរង​រូប​នោះ​ដែរ តែ​ទូរស័ព្ទ​ជាប់រវល់​រហូត ៕​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ