ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានចាប់បញ្ជូនខ្លួនជនបរទេសជាជនជាតិណេប៉ាល់ចំនួន៧នាក់ទៅអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ខណៈដែលពួកគេមកស្នាក់នៅផ្ទះសំណាក់មួយកន្លែងនៅក្រុងស្វាយរៀងដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។
បើតាមមន្ត្រីអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៤៥នាទីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដឹកនាំដោយលោកវរសេនីយ៍ត្រីកែន
រិទ្វី អធិការក្រុងស្វាយរៀងបានចុះត្រួតពិនិត្យផ្ទះសំណាក់មួយកន្លែងឈ្មោះចន សុភាព រកឃើញថា ជនបរទេសជាជនជាតិនេប៉ាល់ចំនួន៧នាក់ គ្មានកាន់លិខិតឆ្លងដែន ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវ។
តាមប្រភពដដែលបន្តទៀតថា ជនបរទេសទាំង៧នាក់ខាងលើ រួមមាន១-ឈ្មោះ ឌីនេសប៊ី ស៊ូរ៉ាកាម៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិម៉ូវ៉ង ស្រុកម៉ូវ៉ង ខេត្តអ៊ឹនត្រាភូល ប្រទេសនេប៉ាល់ ២-ឈ្មោះអែត ដូណាត់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅតំបន់អែតមេនឌូ ប្រទេសនេប៉ាល់ ៣-ឈ្មោះរ៉ាម ស្រី.ស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅតំបន់ស៊ីតូន ប្រទេសនេប៉ាល់ ៤-ឈ្មោះតឹក ប៊ូហាឡាម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅតំបន់អែតមេនឌូ ប្រទេសនេប៉ាល់ ៥-ឈ្មោះរ៉ាក់ គុយម៉ាត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅប្រទេសនេប៉ាល់ ៦-ឈ្មោះម៉ុង កូរ៉ូកូប៉ាល់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុងកាត់មេនឌូ ប្រទេសនេប៉ាល់ ៧-ឈ្មោះប៊ីស ស្នូបាឌូត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្រុងកាត់មេនឌូ ប្រទេសនេប៉ាល់ ។
ក្រោយពីធ្វើការសាកសួរ ជនបរទេសទាំង៧នាក់ខាងលើបានឆ្លើយដោះសារថា លិខិតឆ្លងដែនរបស់ពួកគេនឹងមកដល់ថ្ងៃនេះ ថ្ងៃនោះ ពីមួយថ្ងៃទៅមួយថ្ងៃមិនឃើញមានអ្នកយកមកឲ្យពួកគេនោះឡើយ រហូតដល់ថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៩ កម្លាំងជំនាញក៏បានសម្រេចចិត្តបញ្ជូនខ្លួនជនជាតិណេប៉ាល់ទាំង៧នាក់នេះទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រាជធានីភ្នំពេញតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ