នាវាចម្បាំង​កងទ័ពជើងទឹក​ឥណ្ឌា​2​គ្រឿង​​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ


ខេត្ត​ព្រះ​សីហ​នុ ៖ មន្ត្រី​ព័ត៌មាន​សាធារណៈ របស់​កងទ័ពជើងទឹក​កម្ពុជា បាន​ឲ្យ​ដឹង​ថា កាល
ពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា នាវាច​ម្បាំ​កងទ័ពជើងទឹក​ឥណ្ឌា​ចំនួន​២​គ្រឿង បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ សម្រាប់ ដំណើរ​ទស្សនកិច្ច​ជា​មិត្តភាព​នៅ​កម្ពុជា​ចំនួន​៤​ថ្ងៃ ។

នាវា​នេះ ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ ខែកញ្ញា ។ នៅ​ថ្ងៃ​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​នេះ ទទួល បានការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​មន្ត្រីជាន់ខ្ពស់​កង​ទ័ពជើងទឹក​កម្ពុជា​មូលដ្ឋាន​សមុទ្រ ។ សមត្ថកិច្ច​ចម្រុះ ព្រមទាំង​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​មាន​វត្តមាន​ក្នុង​ពិធី​ស្វាគមន៍​នេះ​ដែរ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងទ័ពជើងទឹក​កម្ពុជា បាន​ឲ្យ​ដឹង​ថា នាវា​ទាំង​២​គ្រឿង
ដែល​ចូល​ចត​នេះ​មាន ៖

-​នាវា​ឈ្មោះ INS KILTAN ជា​ប្រភេទ​នាវា​ប្រឆាំង​នាវាមុជទឹក មាន​បណ្តោយ​១១០
ម៉ែត្រ ទទឹង​១២,៨​ម៉ែត្រ ជម្រៅ​ទឹក​៧​ម៉ែត្រ ទម្ងន់​ផ្ទុក​៣.១៥០​តោន ។
-​នាវា​ឈ្មោះ INS SAHYADRI ជា​ប្រភេទ​នាវាចម្បាំង​បំពាក់​មី​ស៊ី​ល មាន​បណ្តោយ​១៤៣
ម៉ែត្រ ទទឹង​១៧​ម៉ែត្រ ជម្រៅ​ទឹក​៧​ម៉ែត្រ ទម្ងន់​ផ្ទុក​៦.២០០​តោន ។

នាវិក​សរុប​ទាំងអស់​មាន​ចំនួន​៥០៨​នាក់ ហើយ​នាវា​ខាងលើ​នេះ​ដឹកនាំ​ដោយ​លោក​វរ​នា​វី​ឯក Ashwin Arvind ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា មេ បញ្ជា​ការ​នាវា​ឥណ្ឌា នឹង​មាន​ជំនួប​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះ​សីហ​នុ ជួប​ជាមួយ​មេបញ្ជាការ​កង​ទ​ព័​ជើង​ទឹក និង​មានកម្ម​វិធី​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ទៀត រវាង​កង​ទ​ព័​ជើង​ទឹក​កម្ពុជា​និង​កង​នាវិក​នាវា​ខាងលើ​នេះ​ផង​ដែរ ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នាវា​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា INS SAHYADRI បញ្ជា​ដោយ​លោក​មេបញ្ជាការ Capt Ashwin Arvind និង​វា​នា INS KILTAN បញ្ជា​ដោយ​លោក Cdr Ginto George Chacko នឹង​ធ្វើ​ដំណើរ​តាម​កំពង់​ផែ​នៅ​​ក្រុងព្រះសីហនុ​ ចាប់ពី​ថ្ងៃ​ទី ០៥-០៨ ខែកញ្ញា​ឆ្នាំ ២០១៩ ។ ទស្សនកិច្ច​នៃ​នាវាចម្បាំង​កង​ទ័ពជើងទឹក​ឥណ្ឌា​នា​ពេល​នេះ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​សុច្ឆន្ទៈ​របស់​កងទ័ពជើងទឹក​ឥណ្ឌា​ទៅ​កាន់​តំបន់ អាស៊ី​អាគ្នេយ៍​។

ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ឥណ្ឌា​និង​កម្ពុជា​មាន​ភាពរឹងមាំ​ជា​មួយនឹង​ទំនាក់ទំនង​វប្បធម៌ សាសនា ​និង​សេដ្ឋកិច្ច​។ ទំនាក់ទំនង​ឥណ្ឌា- កម្ពុជា​ត្រូវ​បាន​ពង្រឹង​​ក្នុង​​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​ដោយសារ​មានការ​ចូលរួម​កាន់តែ​ច្រើន​ឡើង​លើ​គ្រប់​វិស័យ​។ ជាក់ស្តែង កាលពី​ឆ្នាំ​មុន គេ​ក៏​បានឃើញ​ការ​ធ្វើ​ទស្សនកិច្ច​ទ្វេភាគី​ដ៏​លេចធ្លោ​មួយ​ចំនួន​ដែល​ចាប់ផ្តើម​ពី​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ប្រទេស​ឥណ្ឌា​កាលពី​ខែមករា​ឆ្នាំ ២០១៨ ហើយ​សម្តេច ក៏​បាន​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ពិធី Republic Day Parade ឆ្នាំ ២០១៨ និង​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​អាស៊ាន – ឥណ្ឌា​។ ទំនាក់ទំនង​ដ៏​សំខាន់​រវាង​ឥណ្ឌា​និង​កម្ពុជា​គឺ​មាន​ខ្ពស់​គ្រប់ពេល​វេលា​។

ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា «​ដំណើរ​ទស្សនកិច្ច​តាម​នាវា​នា​ពេល​បច្ចុប្បន្ន​នេះ​ស្វែងរក​​ការ​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តាម​សមុទ្រ​រវាង​កងទ័ពជើងទឹក​ទាំង​ពីរ​។ ប្រការ​នេះ​នឹង​ជំរុញ​​ថែម​​ទៀត​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ និង​រួមចំណែក​ដល់​សន្តិសុខ​និង​ស្ថេ​រ​ភាព​នៅ​ក្នុង​តំបន់​និង​ពិភពលោក​ទាំងមូល​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ