ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​បន្ត​ធ្លាក់​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍ បង្ខំ​ឲ្យ​សណ្ឋាគារ​នៅ​សៀមរាប​ខ្លះ​បាន​បិទ​ និង​ផ្អាក​ដំណើរការ

4 ឆ្នាំ មុន
  • ភ្នំពេញ

​(​រាជធានី​ភ្នំពេញ​)៖ យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នកលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បានអោយ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ទស្សនា​បាន​ធ្លាក់​ចុះ​តាំងពី​ខែមក​រា ដើមឆ្នាំ​២០១៩ រហូត​មក​ដល់​ប​ច្ចុ​ប្ប​ន្នេះ ដែល​បណ្តាល​អោយ​អ្នក​ប្រតិបត្តិ​វិស័យ​ទេសចរណ៍​មួយ​ចំនួន​ខាតបង់​ចំណូល ជាក់ស្ដែង​សណ្ឋាគារ​មួយ​ចំនួន នៅ​ក្នុង​ខេត្តសៀមរាប​បាន​បិទ និង​ផ្អាក​អាជីវកម្ម ដោយសារ​តែ​មិន​មាន​ភ្ញៀវ​ចូល​ស្នាក់​នៅ…

​(​រាជធានី​ភ្នំពេញ​)៖ យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នកលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បានអោយ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ទស្សនា​បាន​ធ្លាក់​ចុះ​តាំងពី​ខែមក​រា ដើមឆ្នាំ​២០១៩ រហូត​មក​ដល់​ប​ច្ចុ​ប្ប​ន្នេះ ដែល​បណ្តាល​អោយ​អ្នក​ប្រតិបត្តិ​វិស័យ​ទេសចរណ៍​មួយ​ចំនួន​ខាតបង់​ចំណូល ជាក់ស្ដែង​សណ្ឋាគារ​មួយ​ចំនួន នៅ​ក្នុង​ខេត្តសៀមរាប​បាន​បិទ និង​ផ្អាក​អាជីវកម្ម ដោយសារ​តែ​មិន​មាន​ភ្ញៀវ​ចូល​ស្នាក់​នៅ ធ្វើ​ឱ្យ​ចំណូល​ធ្លាក់​ចុះ មិន​អាច​ទប់ទល់​បាន​តទៅ​ទៀត ។

បើ​តាម​លោកស្រី ក្លេ​ខៃ ចិន្ដា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់ បច្ចុប្បន្ន​នេះ ភ្ញៀវ​បរទេស​ទៅ​លេង​ខេត្តសៀមរាប​បាន​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់ ដែល​ធ្វើ​អោយ​សណ្ឋាគារ​មួយ​ចំនួន​នៅ​ក្នុង​សៀមរាប​នេះ ត្រូវ​បាន​ផ្អាក​អាជីវកម្ម​មួយ​រយៈ ហើយ​សណ្ឋាគារ​ខ្លះ​ទៀត​ជា​ពិសេស​សណ្ឋាគារ​លក្ខណៈ​បូ​ទិ​ក បាន​បិទ​អាជីវកម្ម​តែ​ម្ដង ។ ​លោកស្រី​បន្ត​ថា «​តាម​ពិត​ទៅ ការ​ធ្លាក់​ភ្ញៀវ​ទេសចរ​នេះ មិនមែន​តែ​សម្រាប់​កម្ពុជា​នោះ​ទេ សឹងតែ​គ្រប់​ប្រទេស​នៅ​ជិតខាង ក៏​ប៉ុន្តែ​បើ​គេ​ធ្លាក់ ហេតុ​អ្វី យើង​បណ្ដោយ​អោយ​ធ្លាក់​ដែរ យើង​ត្រូវ​ពង្រឹង​ខ្លួន​អោយ​ល្អ​ប្រសើរ និង​ត្រូវ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​នោះ មក​លេង​នៅ​កម្ពុជា​កាន់តែ​ច្រើន មាន​ន័យ​គេ​ធ្លាក់​តែ​យើង​ទាក់​»​។

លោកស្រី ក្លេ​ខៃ ចិន្ដា បាន​និយាយ​បន្ថែម​ថា « យើង​ត្រូវធ្វើ​អ្វី​ដើម្បី​អោយ​ភ្ញៀវ​ទេសចរ​មក​លេង​យើង​កាន់តែ​ច្រើន ហើយ​បច្ចុប្បន្ន​នេះ​មាន​កត្តា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​ខ្លួន​អោយ​ល្អ សម្រាប់​ទាក់​ភ្ញៀវ​ទេសចរ​ឡើង​វិញ ។ កត្តា​សម្រាម​តាម​ទី​សាធារណៈ គឺជា​សត្រូវ​របស់​ភ្ញៀវ​ទេសចរ ព្រោះ​គ្មាន​ទេសចរ​ណា​គេ​ប៉ង​មក​លេង​កន្លែង​ដែល​ពោរពេញ​ដោយ​សម្រាម​ទេ ។ ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ជា​កត្តាចាំបាច់ ដែល​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ទាក់ទាញ​ទេសចរ​ដែរ បូក​រួម​ជាមួយនឹង​សន្តិសុខ សុវត្ថិភាព​សង្គម​ផង​ដែរ » ។

លោកស្រី​បន្ថែម​ថា កម្ពុជា​គួរតែ​បង្កើន​ការ​ចរចា​ជាមួយ​បណ្ដា​ប្រទេស​ដែល​មាន​ទីផ្សារ​ទេសចរណ៍​ធំ​ៗ ក្នុង​ការ​បង្កើត​ជើងហោះហើរ​ត្រង់​ទៅ​វិញ​ទៅ​មក ។ ក្នុងឆ្នាំនេះ កម្ពុជា​ធ្វើ​បាន​ហើយ​នូវ​ការ​បើក​ជើងហោះហើរ​ត្រង់​ទៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វី​លី​ពី​ន ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី តែ​បើសិនជា​បាន​ទៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ទៀត​កាន់តែ​ប្រសើរ ពីព្រោះ​បាលី​សំបូរ​ភ្ញៀវ​ទេសចរ​ដើរ​លេង​ក្រៅប្រទេស​ណាស់ ។ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា « ការ​មិន​មាន​ជើងហោះហើរ​ត្រង់​ទៅ​ប្រទេស​ទីផ្សារ​ធំ​ៗ​ក្នុង​វិស័យ​ទេសចរណ៍ ក៏​ជា​កត្តា​មួយ​ធ្វើ​អោយ​ភ្ញៀវ​ទេសចរ​ប្រទេស​នោះ​រារែក​មក​កម្ពុជា​ដែរ ដោយសារ​តែ គេ​មិន​ចង់​ជិះ​យន្តហោះ​ឆ្លងកាត់​ព្រ​លាន​យន្តហោះ​ពីរ​បី​នោះ​ទេ គេ​ចង់​ហោះ​ពី​ប្រទេស​គេ​មក​ដល់​ប្រទេស​កម្ពុជា​តែ​ម្ដង​» ។ លោកស្រី​បន្ថែម​ទៀត​ថា ទន្ទឹម​នឹង​នោះ​ដែរ ក្រសួង​ក៏​ដូច​ជា​អាជ្ញាធរ​គួរ​បង្កើត​តំបន់​ទេសចរណ៍​ថ្មី​ៗ ហើយ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​អោយ​បាន​ស្គាល់ តាម​រយៈ​ស្ថាប័ន​ផ្សព្វផ្សាយ​ល្បី​ៗ​នៅ​លើ​ពិភពលោក ដើម្បី​អោយ​ប្រជាជន​នៅ​លើ​ពិភពលោក បាន​ស្គាល់ និង​មក​លេង​កម្ពុជា​ពីលើ​អ្វី​ដែល​យើង​មាន​សព្វ​ថ្ងៃនេះ ។

បើ​តាម​យោង​តាម ការ​ផ្សព្វផ្សាយ​របស់​បណ្ដា​សណ្ឋាគារ​មួយ​ចំនួន នៅ​ខេត្តសៀមរាប ឃើញ​ថា​តម្លៃ​សណ្ឋាគារ​បាន​ធ្លាក់​ចុះ​មក​នៅ​ទាប ហើយ​គោលដៅ​សម្រាប់​ភ្ញៀវ​ក្នុងស្រុក ជាក់ស្ដែង​សណ្ឋាគារ​ផ្កាយ​៣​និង​ផ្កាយ​៤​មាន​តម្លៃ​ប្រមាណ​តែ​២០​ទៅ​៣០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​យប់ ដោយ​រក្សា​សេវាកម្ម​របស់​ខ្លួន​នៅ​ដដែល ។

​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​ទី​០៤ កញ្ញា​នេះ ដោយសារ​លោក​ជាប់​ធុរកិច្ច​នៅ​ក្រៅប្រទេស ។ ​យ៉ាងណា​ក៏​ដោយ​បើ​តាម​ស្ថិត​របស់​ក្រសួងទេសចរណ៍ ក្នុង​រយៈ​ពាក់កណ្ដាល​ឆ្នាំ ២០១៩ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​កម្ពុជា មាន​ចំនួន ៣,៣​លាន​នាក់ ហើយ​អះអាង​ថា​កើនឡើង ប្រមាណ​១១,២​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨​កន្លង​ទៅ តែបើ​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នក​ទទួល​លក់​សំបុត្រ​ជូន​ភ្ញៀវ​បរទេស​ទស្សនា​រមណីយដ្ឋាន​អង្គរ​បានអោយ​ដឹង​ថា​រយៈពេល​៨​ខែ​ដើមឆ្នាំ ២០១៩​នេះ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ធ្លាក់​ចុះ​ប្រមាណ​១១,០៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ