សាកលវិទ្យាល័យរបស់អ្នកប្រហែលជាអាចបង្រៀនអ្នកពីនិយមន័យភាព ជាអ្នកដឹកនាំ ប៉ុន្តែវាមិនគ្រាប់គ្រាន់ទេ ប្រសិនបើអ្នកចង់ជោគជ័យក្នុងអាជីវកម្ម ។ សមត្ថភាពនៃការដឹកនាំទើបជាកត្តាដែលជំរុញឲ្យមនុស្សដែលធ្វើការជាមួយអ្នកមានគំនិតថ្មីៗ និងជួយឲ្យអាជីវកម្មអ្នករីកចម្រើនទៅមុខ ។
តើមានវិធីអ្វីដែលជួយឲ្យអ្នកសម្រេចបានលទ្ធផលនេះ ? យោងតាមទស្សនាវដ្តី Forbes ខាងក្រោម គឺជាជំនាញដឹកនាំសំខាន់ៗដែលអ្នកមិនអាចរៀនបាននៅតាមស្ថាប័នអប់រំ ៖
១. ការតម្រង់ទិសដៅ ៖ អ្នកដឹកនាំតែងតែត្រូវបានប្រាប់ឲ្យកំណត់ចក្ខុវិស័យច្បាស់លាស់មួយ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យវាមានប្រសិទ្ធិភាពអ្នកត្រូវតែរកវិធីក្នុងការធ្វើឲ្យមនុស្សដែលធ្វើការជាមួយអ្នកគាំទ្រ និងយល់ស្របនឹងចក្ខុវិស័យដែលបានកំណត់ ។
២. ទំនាក់ទំនងដែលច្បាស់លាស់ ៖ ប្រសិនបើអ្នកមិនមានការប្រាស្រ័យទាក់ទងច្បាស់លាស់ជាមួយនឹងបុគ្គលិកទេនោះ ពួកគេនឹងបង្កើតរឿងមួយដោយខ្លួនឯង ដើម្បីយកមកបកស្រាយចម្ងល់ ។ ដូច្នេះអ្នកដឹកនាំត្រូវតែធានាថា មនុស្សគ្រប់រូបក្នុងអាជីវកម្ម ឬក្រុមហ៊ុនដឹងពីមូលហេតុដែលអ្នកឲ្យពួកគេធ្វើអ្វីមួយ ។
៣. គ្រប់គ្រងជម្លោះដោយស្ងប់ស្ងាត់ ៖ បើទោះជាអ្នកបានកំណត់ចក្ខុវិស័យ និងអ្នកដទៃយល់ស្របនឹងវាពិតមែនក្តី វាមិនអាចធានាថា មនុស្សគ្រប់រូបនឹងយល់ស្របទៅលើមធ្យោបាយក្នុងការសម្រេចបានអ្វីដែលកំណត់ទេ ។ ជម្លោះជារឿងទូទៅ និងពេលខ្លះជាស្ថានការល្អមួយផងដែរ ហើយក្នុងនាមជាអ្នកដឹកនាំមួយរូប អ្នកត្រូវតែដឹងពីវិធីគ្រប់គ្រងវា ។ អ្នកត្រូវតែស្វែងរកលំនឹងរវាងការប្រឆាំងគំនិតគ្នា និងការសម្រេចចិត្ត ។
៤. អនុញ្ញាតឲ្យមានសំណួរ និងការប្រឆាំងតវ៉ា ៖ ដើម្បីបង្កើតបានគំនិតដែលមានភាពច្នៃប្រឌិតដែលជួយដល់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក បុគ្គលិកត្រូវតែហ៊ានក្នុងការប្រឆាំងនឹងអ្វីដែលពួកគេមិនយល់ស្រប ឬគិតថា មានវិធីល្អជាងនេះ ។ អ្នកដឹកនាំគួរតែបង្កើតបរិស្ថានមួយដែលស្វាគមន៍សំណួរ និងជំរុញដល់អ្នកចូលរួមផ្តល់គំនិត ។
៥. កុំខ្លាចការសាកល្បងថ្មីៗ ៖ អ្នកដឹកនាំមិនគួរចាប់យកផ្នត់គំនិត ឬទស្សនៈដែលធ្លាប់តែមានប្រសិទ្ធិភាពពីមុនជាប់ពេកទេ ។ ផ្ទុយមកវិញពួកគេគួរតែហ៊ានសាកល្បង និងយល់ដឹងថា អ្វីៗដែលថ្មីអាចបរាជ័យបាន ដូច្នេះពួកគេគួរតែមានការបើកទូលាយទទួលយកដំណើរដែរ មិនទទួលយកតែភាពជោគជ័យទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ