ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ដែល​រហ័សរហួន​អាច​បង្ក​ហានិភ័យ​ដល់​អាជីវកម្ម​របស់​អ្នក

4 ឆ្នាំ មុន

អ្នកស្រី Jan Bruce ដែល​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន meQuilibrium បាន​ឲ្យ​ដឹង​ថា ល្បឿន និង​ហានិភ័យ គឺជា​ស្ថាន​ការ​ធម្មតា​ថ្មី…

អ្នកស្រី Jan Bruce ដែល​ជា​សហ​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន meQuilibrium បាន​ឲ្យ​ដឹង​ថា ល្បឿន និង​ហានិភ័យ គឺជា​ស្ថាន​ការ​ធម្មតា​ថ្មី ហើយ​អ្នកដឹកនាំ​អាជីវកម្ម​កាន់តែ​ច្រើន​ពឹងផ្អែក​លើ​បុគ្គលិក​ដែល​ជា​អ្នក​មិន​ខ្លាច​ហានិភ័យ ឬ​បរាជ័យ​ក្នុង​ការ​បង្កើត​គំនិត​ថ្មី​ៗ ។ ប៉ុន្តែ​ការ​ធ្វើ​ន​វា​នុ​វត្ត​ផ្លាស់​ប្តូរ និង​ខិតខំ​ឡើង​វិញ​ម្តង​ហើយ​ម្តងទៀត​ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដែរ​ដល់​អាជីវកម្ម ។

អ្នកស្រី Bruce បាន​លើក​ឡើង​ពី​ការ​សិក្សា​មួយ​ដែល​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ដែល​មាន​ភាព​រហ័សរហួន​ខាងលើ​ឆាប់​នឹង​នឿយហត់​នឹង​ការងារ​ជាងគេ ប្រសិនបើ​ពួក​គេ​មិន​មាន​ជំនាញ​គ្រប់គ្រង​ស្ត្រេ​ស និង​ទម្លាប់​មើលថែ​ខ្លួន​ខ្ពស់​ទេ ។ ក្រុម​មនុស្ស​ទាំងនេះ​មាន​កម្រិត​ស្ត្រេ​ស​ខ្ពស់​ណាស់ រហូត​ដល់​វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​ដែល​ជះ​ឥទ្ធិពល​ដល់​ក្រុមហ៊ុន ។
ភាព​រហ័សរហួន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ឆ្លើយ​តប និង​សម្រប​ខ្លួន​យ៉ាង​ឆាប់រហ័ស​ទៅ​នឹង​ស្ថាន​ការ​ដែល​កំពុង​តែ​មានការ​ផ្លាស់​ប្តូរ ។ ប៉ុន្តែ​ភាពរឹងមាំ​ដែល​ជា​សមត្ថភាព​ក្នុង​ការ​ងើបឡើង​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ពី​បញ្ហា​ជួយ​ឲ្យ​បុគ្គលិក​ជៀសវាង​ការ​នឿយហត់ និង​ធុញទ្រាន់​នឹង​ការងារ​ជាង ។ លើស​ពី​នេះ​ទៅ​ទៀត ការ​សិក្សា​បាន​ឲ្យ​ដឹង​ដែរ​ថា បុគ្គលិក​ដែល​មាន​ភាពរឹងមាំ​មាន​សមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​ឆាប់រហ័ស​ទៅ​នឹង​ឧបសគ្គ​ដែល​មិន​អាច​មើលឃើញ​ច្រើន​ជាង​បុគ្គលិក​ដែល​មាន​ភាព​រហ័សរហួន​ដល់​ទៅ​៣០% ឯណោះ ។

បុគ្គលិក​រហ័សរហួន​ប្រៀប​បានជា​នាវា​ដែល​ជា​យាន​សម្រាប់​ក្រុមហ៊ុន​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ ប៉ុន្តែ​មាន​ហានិភ័យ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ ។ ការ​បាក់ទឹកចិត្ត និង​ភាព​នឿយហត់​ផ្នែក​រាង​កាយ​ផ្សេង​ៗ​ដែល​បុគ្គលិក​រហ័សរហួន​ជួប​ប្រទះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​សមត្ថភាព​ក្នុង​ការ​បំពេញការងារ និង​កាត់​បន្ថយ​ការ​ចូលរួម ។ ពួក​គេ​ចង់​ប្រើ​ជំនាញ​ឲ្យ​អស់ពី​សមត្ថភាព ប៉ុន្តែ​ពួក​គេ​ខ្វះ​ភាពរឹងមាំ​ក្នុង​ការ​ទប់ទល់​នឹង​ស្ត្រេ​ស ។ ដូច្នេះ​ស្ថាប័ន​ដែល​ពឹងផ្អែក​លើ​មនុស្ស​រហ័សរហួន​អាច​ប្រៀប​ដូច​ជា ពឹងផ្អែក​លើ​មូលដ្ឋាន​មិន​រឹង​មាំ​មួយ ។

ក្នុង​សម័យ​កាលដែល​តែងតែ​មានការ​ផ្លាស់​ប្តូរ​នេះ ភាពរឹងមាំ គឺជា​គុណសម្បត្តិ​សំខាន់ ។ មនុស្ស​ដែល​រហ័សរហួន​អាច​ដោះស្រាយ​បញ្ហា​បាន​ឆាប់រហ័ស​ពិតមែន ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​មិន​មាន​ភាពរឹងមាំ​ទេ ពួក​គេ​មិន​អាច​សម្រប​ខ្លួន​បាន​ជោគជ័យ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ