ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រោយពីទឹកភ្លៀងបន្ថយការធ្លាក់ពិតមែន ប៉ុន្តែគេបានសង្កេតឃើញទឹកបឹងអូរជីក ហៅបឹងតាម៉ុក បានហក់ឡើងយ៉ាងខ្លាំងដល់លើស្ពាន តែមិនមានការព្រួយបារម្ភដល់អ្នកធ្វើដំណើរ ឬបង្កឲ្យស្ទះចរាចរណ៍នោះទេ បើគិតត្រឹមពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ខេត្តឧត្តរមានជ័យ។
បើតាមលោក ញើន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី៥ កញ្ញានេះថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្តឧត្តរមានជ័យ តាមតំបន់ជួរភ្នំដងរ៉ែក គឺទឹកភ្លៀងបានហូរធ្លាក់យ៉ាងគំហុកពីលើកំពូលភ្នំ ហើយទឹកជំនន់វាក៏ឡើងយ៉ាងគំហុកផងដែរ ប៉ុន្តែនៅពេលនេះ មិនទាន់ឈានចូលដល់ការប្រកាសអាសន្ននៅឡើយទេ ហើយទឹកភ្លៀងក៏បន្ថយការធ្លាក់ផងដែរ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ