ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែក​ទាល់​ជា​ជម្រក​សត្វ​ស្លាប​ដ៏​ទាក់ទាញ​បំផុត​របស់​កម្ពុជា

4 ឆ្នាំ មុន
  • បាត់ដំបង

សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​ខេត្តសៀមរាប​កុំ​ភ្លេច​ឈាង​ចូល​ទស្សនា​តំបន់​ព្រែក​ទាល់ ដែល​ជា​តំបន់​ជីវចម្រុះ​មួយ​ក្នុង​ចំណោម បឹង​ទន្លេសាប និង​ជា​តំបន់​ទេសចរណ៍​សត្វ​ស្លាប​ទឹក​ដ៏​ធំ​មួយ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ជាមួយនឹង​ជម្រក​សត្វ​ស្លាប​ដ៏​ធំ…

សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​ខេត្តសៀមរាប​កុំ​ភ្លេច​ឈាង​ចូល​ទស្សនា​តំបន់​ព្រែក​ទាល់ ដែល​ជា​តំបន់​ជីវចម្រុះ​មួយ​ក្នុង​ចំណោម បឹង​ទន្លេសាប និង​ជា​តំបន់​ទេសចរណ៍​សត្វ​ស្លាប​ទឹក​ដ៏​ធំ​មួយ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។ ជាមួយនឹង​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​គួរ​ឲ្យ​ទាក់ទាញ​ព្រែក​ទាល់​បាន​ក្លាយទៅជា​តំបន់​មួយ​ដែល​ទទួល​បាន​ភ្ងៀ​វ​ទេសចរ​ជា​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ។

ទី​នេះ ជា​កន្លែង​មួយ​ដែល​ប្រមូលផ្ដុំ​នូវ​សត្វ​ស្លាប​ទឹក​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​មក​រស់នៅ​យ៉ាងច្រើន​សម្បើម និង​បង្កើត​ជា​សំបុក​រស់នៅ​ដែល​គួរ​ឲ្យ​ចង់​ទស្សនា​។ យោង​តាម​ឯកសារ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ដែល​បាន​បង្ហាញ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​កន្លង​ទៅ​នេះ​ថា ចន្លោះ​ខែធ្នូ ដល់ ខែកុម្ភៈ ភ្ងៀ​វ​ទេសចរ​នឹង​បានឃើញ​ការ​ប្រមូលផ្ដុំ​ដ៏​អស្ចារ្យ​របស់​សត្វ​បក្សី​នានា​ដូច​ជា សត្វ​ទុង ក្រសា និង​សត្វ​បក្សី​ផ្សេង​ៗ​ទៀត ដែល​ជិត​ផុត​ពូជ​ផង​ដែរ ។

នៅ​ក្នុង​អំឡុង​ខែកញ្ញា អ្នក​ទេសចរណ៍​ក៏​អាច​ទស្សនា​សត្វ​ទាំងនេះ​ផង ប៉ុន្តែ​វា​មិនសូវ​មាន​ចំនួន​ច្រើន​ប៉ុន្មាន​នោះ​ទេ ។ នៅ​ពេល​ដែល​ទឹក​នៅ​តំបន់​ផ្សេង​ៗ​ចាប់ផ្ដើម​ស្រក សត្វ​បក្សី​មក​ពី​គ្រប់​ទិស​ទី​បាន​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ ។ តំបន់​ព្រែក​ទាល់​ក៏​មានព្រៃ​ភក់​លិច​ទឹក​តាម​រដូវ​ដែល​មាន​ជីវសាស្ត្រ​ចម្រុះ​ជា​ច្រើន និង​ទស្សនីយភាព​នៅ​ជុំវិញ​តំបន់​សំខាន់​នេះ គឺ​មាន​ភូមិ​អ្នកនេសាទ​មួយ​ចំនួន​មាន​ពលរដ្ឋ​១២០០​គ្រួសារ​រស់នៅ​ក្នុងផ្ទះ​បណ្ដែត​ទឹក​លើ​ក្បូនឫស្សី ឬ​ផ្ទះទឹក ដែល​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​ឡើង និង​ស្រក​នៃ​ផ្ទៃ​ទឹក​បឹង ។

អ្នកជំនាញ​បាន​បញ្ជាក់​ថា ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ការ​ទស្សនា​សត្វ​នៅ​ទី​នេះ គឺ​ពេល​ព្រឹក​ព្រលឹម និង​ពេល​រសៀល ។ ដូច្នេះ​បើ​ភ្ញៀវ​ទេសចរ​ចង់​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​សត្វ​ស្លាប​ទាំងនេះ​អ្នក​ត្រូវ​តែ​ចំណាយពេល​មួយ​យប់​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​តំបន់​ព្រែក​ទាល់តែ​ម្តង​។ លោក​អ្នក​អាច​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ការិយាល័យ​បរិស្ថាន​ព្រែក​ទាល់​បាន​ជាមួយនឹង​ការ​រៀប​ចំការ​ស្នាក់​នៅ​បែប​សាមញ្ញ ប៉ុន្តែ​អាច​ទទួលយក​បានជា​មួយ​តម្លៃ​ចន្លោះ​១៥ ទៅ​២០​ដុល្លារ​តែ​ប៉ុណ្ណោះ ។ សម្រាប់​ការ​ទស្សនា​នៅ​ទីនោះ អ្នក​អាច​នឹង​ចំណាយ​ច្រើន​បន្តិច ព្រោះ​អ្នក​ត្រូវធ្វើ​ដំណើរ​តាម​ទូក​ហើយ​វា​ក៏​មាន​តម្លៃ​មិន​ថោក​ប៉ុន្មាន​នោះ​ទេ ។

ឯកសារ​ដដែល​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កំពង់​ផែ​ចុង​ឃ្នាស ឬ​កំពង់​ផែ​មេ​ជ្រៃ (​អាស្រ័យ​ទៅ​លើ​កម្ពស់​ទឹក​) ហើយ​អ្នក​ត្រូវ​ជួល​ទូក​ទៅ​កាន់​ព្រែក​ទាល់​ដោយ​ចំណាយ​ពី​៤៥​ទៅ​៥០​ដុល្លារ​សម្រាប់​ទូក​មួយ (​អាច​ជិះ​បាន​ពី​៣​ទៅ​៤​នាក់​) ពេល​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវ​ចំណាយ​ថ្លៃ​ទូក​តូច​មួយទៀត​ដែល​មាន​តម្លៃ​ចន្លោះ​ពី​៣៥​ទៅ​៤៥​ដុល្លារ​សម្រាប់​ការ​ទស្សនា​ព្រៃ និង​សត្វ​ស្លាប (​រយៈពេល​ប្រហែល​មួយ​ម៉ោង​) ។

សម្រាប់​ការ​ចំណាយ​របស់​អ្នក​នៅ​តំបន់​ទេសចរណ៍​ព្រែក​ទាល់ គឺ​មាន​ន័យ​ថា អ្នក​ទេសចរណ៍​ដែល​មក​លេង​កម្សាន្ត បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​លើ​ស្ទួយ​វិស័យ​ទេសចរណ៍​ក៏​ដូច​ជា តំបន់​ទេសចរណ៍​ដែល​កំពុង​អភិរក្ស​សត្វ​ស្លាប​ទឹក​ដ៏​កម្រ​ទាំងនោះ​នៅ​កម្ពុជា​ផង​ដែរ ៕ អត្ថបទ​ដោយ​ស្រី​នាង កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ