ខេត្តស្ទឹងត្រែង ៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានហក់ឡើងខ្ពស់លើសហួសពីកម្រិតដែលត្រូវប្រកាសអាសន្ននោះ នៅព្រឹកថ្ងៃទី៥ កញ្ញា នេះ ប្រជាពលរដ្ឋខ្លះត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ខណៈទឹកទន្លេមេគង្គបានបន្តហក់ឡើងដល់កម្ពស់១១,៥៩ម៉ែត្រ ធ្វើឱ្យលំនៅឋាន និងផលដំណាំពលរដ្ឋមួយចំនួនបានរងការជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នានៅច្រើនថ្ងៃមកនេះ ។
រីឯអាជ្ញាធរខេត្ត បានត្រៀមប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុប រួមទាំងសម្ភារៈបរិក្ខារ និងស្បៀង អាហារទៀត ក្នុងការចុះអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់ទន្លេ ក្នុងខេត្តស្ទឹង ត្រែង ។
សូមបញ្ជាក់ដែរ ប្រធានមន្ទីរធនធានទឹកនិងឧតុ និយមខេត្តស្ទឹងត្រែង លោក ប៉ាង ប៉េង បានរាយការណ៍ អំពីអាកាសធាតុ និងកំពស់ទឹកទន្លេក្នុងខេត្ត នាព្រឹកថ្ងៃទី៥កញ្ញា ថា ខេត្តស្ទឹងត្រែង មានសីតុណ្ណភាពទាប ក្នុងកម្រិត ២៤ អង្សារសេ និងបើឡើងខ្ពស់នៅត្រឹមកម្រិត២៩អង្សារសេ ។ ដោយឡែក ទឹកទន្លេទាំង៣ក្នុងខេត្ត ស្ទឹងត្រែង គឺទន្លេមេគង្គ ទឹកមានកំពស់ ១១,៥៩ម៉ែត្រ នៅល្ងាចម្សិលមិញ ទឹកមានកំពស់ត្រឹមតែ១១, ២៧ម៉ែត្រ នៅថ្ងៃនេះទឹកមានការហក់ឡើង០,៣២ម៉ែត្រ ខណៈដែលទន្លេមេគង្គ ទឹកមានកំពស់១០, ៧០ម៉ែត្រ គឺជាកំពស់ដែលត្រូវប្រកាសអាសន្ន ។
ទន្លេសេសានទឹកមានកំពស់៩,៥៤ម៉ែត្រ នៅល្ងាចថ្ងៃម្សិល ទឹកមានកំពស់ត្រឹម៩,១៧ម៉ែត្រ នៅថ្ងៃនេះ ទឹក បានហក់ឡើង ០,៣៧ម៉ែត្រ ក្នុងគ្រាដែលទន្លេសេសាន ទឹកមានកំពស់១០.៥០ម៉ែត្រ ជាកំពស់ដែលត្រូវប្រកាសអាសន្ន ។ ទន្លេសេកុងនៅក្នុងពេលនេះ ទឹកមានកំពស់ ១១,៧៨ម៉ែត្រ និងនៅល្ងាចម្សិលមិញ ទឹកមានកំពស់ត្រឹម១១,៣៨ម៉ែត្រ ថ្ងៃនេះមានការហក់ឡើង ០,៤០ម៉ែត្រ ខណៈដែលទន្លេសេកុង ទឹកមានកំពស់១១.៥០ម៉ែត្រ គឺជាកំពស់ដែលត្រូវប្រកាសដាក់ឲ្យប្រុងប្រយ័ត្ន ។
ដូច្នេះ ទឹកទន្លេទាំង៣ នៅក្នុងខេត្តស្ទឹងត្រែង មានតែទន្លេមេគង្គមួយប៉ុណ្ណោះ ទឹកបានហក់ឡើងលើសពីកម្ពស់ ដែលត្រូវប្រកាសដាក់ឲ្យប្រុងប្រយ័ត្ន ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ