ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ ប្រកាស​ចាត់វិធានការ​ម៉ឺងម៉ាត់ហើយ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា យើង​នឹង​មិន​បន្ធូរ​ដៃ ចំពោះ​អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសច​រទៀត​ទេ ព្រោះ​សកម្មភាព​នោះ​វា​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះទេ តែ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​កិត្យានុភាព​ជាតិ​របស់​យើង​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា យើង​នឹង​មិន​បន្ធូរ​ដៃ ចំពោះ​អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសច​រទៀត​ទេ ព្រោះ​សកម្មភាព​នោះ​វា​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះទេ តែ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​កិត្យានុភាព​ជាតិ​របស់​យើង​ថែម​ទៀត ។

ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បែប​នេះ​ ធ្វើ​ឡើង​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារ ព័ត៌មាន ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ លោក​បញ្ជាក់​ថា យើង​នឹង​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង​បំផុត​ ចំពោះ​ជន​ទាំង ឡាយ​ណា​ ដែល​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ភ្ញៀវ​ទេសចរ ។

លោក ថោ​ង ខុន បាន​បញ្ជាក់​ច្បាស់​ថា យើង​មានច្បាប់​រួច​ហើយ ប្រឆាំង​ទៅ​នឹង​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​នេះ​, ដូច្នេះ ​យើង​នឹង​មិន​លើកលែង​ទៀត​ឡើយ ហើយ​អ្នក​ណា​ដែល​នៅ​តែ​បន្ត​លក់​របស់​ក្លែង ក្លាយ​ឲ្យ​ភ្ញៀវ​ទេសចរ​នឹង​ត្រូវ​ប្រឈម​មុខ​ផ្លូវច្បាប់ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា តាម​ច្បាប់​ត្រូវ​បាន​ហាម​មិន​ឲ្យ​លក់​វត្ថុ​អនុស្សាវរីយ៍​លើស​តម្លៃ​កំណត់ ឬ​ក៏​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ដល់​ភ្ញៀវ​នោះ​ទេ ប៉ុន្តែ​បើ​គេ​នៅ​តែ​ប្រព្រឹត្តិ​នោះ​គេ​នឹង​ប្រឈម​ការ​ផ្តន្ទាទោស​ពី​៦​ខែ​ទៅ​២​ឆ្នាំ ។ លោក​បន្ថែម​ថា ចាប់ពី​ពេល​នេះ​ទៅ​ ដាច់ខាត​មិន​ឲ្យ​លក់​វត្ថុ​អនុស្សាវ​រី​យ៍​លើស​តម្លៃ (​កោ​ភ្ញៀវ​) ឬ​ក្លែងក្លាយ​បន្ត​ទៀត​ឡើយ សំខាន់​តំបន់​សៀមរាប​អង្គរ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ថា ក្រសួង​នឹង​ជម្រុញ​ការ​ផ្សព្វផ្សាយ​អប់រំ ណែនាំ​ដល់​អាជីវករ​ទាំងអស់​ឲ្យ​យល់​អំពី​បញ្ហា​នេះ ហើយ​ក៏​ខិតខំ​ជម្រុញ​ផង​ដែរ ដល់​សិប្បកម្ម​កែ​ច្នៃ​ផលិត​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​យក​ចិត្តទុក​ដាក់​បង្កើន​ការ​ផលិត​នូវ​ផលិតផល​វត្ថុ​អនុស្សាវរីយ៍​ទាំង​បរិមាណ​និង​គុណភាព ដើម្បី​បម្រើ​គោលដៅ​ទេសចរណ៍ ។

លោក ប្រាក់ ច័ន្ទ​តារា អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​ខាង​ក្រសួង​បាន​ចុះ​ដោះស្រាយ​បន្តបន្ទាប់ ទាក់ទង​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ ហើយ​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ប្តឹង​មក​ក្រសួង ។ ប៉ុន្តែ​ការ​ចុះ​ដោះស្រាយ​នោះ ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដោយសារ​តែ​អាជ្ញាប័ណ្ណ អាជីវកម្ម​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម ។

ប៉ុន្តែ​ក្រសួង​បាន​សម្របសម្រួល ដោះស្រាយ​ឲ្យ​អាជីវករ​សង​នូវ​តម្លៃ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​គ្រប់​ចំនួន​ជូន​ទៅ​ភ្ញៀវ​វិញ ។ បន្ទាប់​មក​ ក្រសួង​ក៏​បាន​សម្រេច​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ពួក​គាត់​ជា​បណ្តោះ អាសន្ន​រយៈពេល​៣​ខែ​ទៅ​៦​ខែ ។ ទន្ទឹម​នោះ​យើង​បាន​ធ្វើ​លិខិតស្នើ​ទៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ចាត់វិធានការ​បន្ត​ដោយ​ស្នើ​សុំ​ឲ្យ​បិទ​អាជីវកម្ម ឬ​ក៏​ប្តឹង​ទៅ​តុលាការ​ថែម​ទៀត ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។

លោក​បញ្ជាក់​បន្ថែម​ថា ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ គឺ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​វិស័យ​ទេសចរណ៍​រួម​ទាំង កិ​ត្យា​នុភាព​របស់​ប្រទេស​កម្ពុជា ។ សម្រាប់​ភ្ញៀវ​អន្តរជាតិ​ដែល​ទិញ​ប៉ះ​
ចំ​វត្ថុ​អនុស្សា​វី​យ៍​ក្លែងក្លាយ នោះ​ពួក​គេ​នឹង​មិន​សប្បាយចិត្ត​ផង ហើយ​គេ​អាច​នឹង​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេស​ចរដទៃ​ទៀត អំពី​ការ​បោកប្រាស់​របស់​អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅកម្ពុជា​យើង ដែល​បញ្ហា​នោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ ឬ​ក៏​រារែក​ក្នុង​ការ​មក​ទស្សនា​កម្ពុជាលើក​ក្រោយ​ៗ​ទៀត​ហើយ​ពួក​គេ​ក៏​អាច​នឹង​វាយតម្លៃ​មិនល្អ ដល់​ប្រទេស​របស់​យើង​ថែម​ទៀត ។

យ៉ាងណា​ក៏​ដោយ​ ទាំង​លោក ថោ​ង ខុន រដ្​មន្ត្រី​ក្រសួងទេសចរណ៍ រួម​ទាំង​លោក​ប្រាក់ ច័ន្ទតារា អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​ទេសចរណ៍​សុទ្ធតែ​បាន​អះអាង​ដូច​គ្នា​ថា ក្រសួង​នឹង​មិនបន្ធូរ​ដៃ​ឬ​ទុក​ឲ្យ​អាជីវករ​បន្ត លក់​វត្ថុ​អនុស្សាវរីយ៍ក្លែងក្លាយ ឬ​ក្នុង​តម្លៃ​ថ្លៃ​ហួសហេតុ​ដល់​ភ្ញៀវ​ទេសចរ​បន្ត​ទៀត​នោះ​ឡើយ ហើយ​យើង​នឹង​ខិតខំ​ចាត់វិធានការ ដើម្បី​លុប​បំបាត់​សកម្មភាព​ល្មើស​ទាំងនោះ ៕​ (សម្រួលដោយ៖​ស្រីណា)

អត្ថបទសរសេរ ដោយ