ទោស៤យ៉ាងគឺ ១-ការសេពមេថុនធម្ម, ២-អទិន្នាទាន, ៣-មនុស្សវិគ្គហៈ និង៤-ឧត្តរិមនុស្សធម្ម ដែលព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ឃាត់មិនឲ្យអ្នកបួសប្រព្រឹត្តដាច់ខាត ព្រោះជាអំពើប្រទូស្ដសាសនា និងបៀតបៀនដល់អ្នកដទៃ ។
នៅក្នុងអត្ថកថា លោកបានរង្គាយសេចក្តីថា បុគ្គលជំពូកខ្លះ អាស្រ័យមេថុនធម្មជាហេតុ ក៏ប្រទូស្ដនិងបៀតបៀនគ្នា ដរាបចាក់កាប់សម្លាប់គ្នាក៏មាន ។
បុគ្គលជំពូកខ្លះចង់បានទ្រព្យរបស់គេ ក៏ប្រទូស្ដនិងបៀតបៀនម្ចាស់ទ្រព្យគេក៏មាន ។
ខ្លះទៀតឃើញគេគោរពរាប់អានដោយចិត្តស្មោះក៏និយាយបញ្ឆោតគេដោយឧត្តរិមនុស្សធម្មក៏មាន ។
អំពើអម្បាលនេះជាដើម ហៅថាប្រទូស្ដ ថាបៀតបៀនអ្នកដទៃ, ជាអករណីយកិច្ចដែលព្រះបរមគ្រូជាម្ចាស់ទ្រង់ហាមប្រាមអ្នកបួសក្នុងព្រះពុទ្ធសាសនាមិនឲ្យធ្វើជាដាច់ខាត ។
ហេតុនោះបុគ្គលដែលឋិតនៅក្នុងភេទជាបព្វជិត គួរតែវៀរចាកទោសដែលទ្រង់បញ្ញត្តិ ខំប្រតិបត្តិតាមគុណធម៌ដែលទ្រង់អនុញ្ញាត, បើមិនវៀរចាកទោសដែលទ្រង់បញ្ញត្តិដូចរៀបរាប់មកនេះទេ នឹងហៅថា បព្វជិតមិនបានឡើយ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ